ភ្នំពេញ ៖ សមត្ថកិច្ចជំនាញសុខាភិបាល បានចុះត្រួតពិនិត្យទីតាំងសង្ស័យ និងដកហូតគ្រឿងសំអាងខុសច្បាប់ សរុបចំនួន១.១៤៣គីឡូក្រាម នៅព្រឹកថ្ងៃសុក្រទី៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅទីតាំងផ្ទះលេខ៤F ផ្លូវវ៉េងស្រេង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារងលោក ហ៊ឹង ប៊ុនថន។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យកម្លាំងសមត្ថកិច្ចនគរបាលជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច និងបានដឹកនាំដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ មាស រ៉ាវុទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ទទួលបន្ទុកការិយាល័យប្រឆាំងបទល្មើសកម្មសិទិ្ធបញ្ញា បានដឹកនាំកម្លាំងជំនាញចុះសហការជាមួយមន្ត្រីជំនាញកាំកុងត្រូល និងសមត្ថកិច្ចជំនាញរបស់ក្រសួងសុខាភិបាល ចុះត្រួតពិនិត្យទីតាំងសង្ស័យវេចខ្ចប់និងផលិតគ្រឿងសំអាងដែលពុំមានច្បាប់អនុញ្ញាត ។
នៅក្នុងប្រតិបតិ្តការត្រួតពិនិត្យទីតាំងខាងលើនេះ សមត្ថកិច្ចចម្រុះបានត្រួតពិនិត្យ និងរកឃើញ គ្រឿងសំអាងជាច្រើនប្រភេទ ដែលបានធ្វើការកែច្នៃវេចខ្ចប់ពុំមានបទដ្ឋានត្រឹមត្រូវអនុលោមទៅតាមច្បាប់ ហេតុដូច្នេះសមត្ថកិច្ចក៏បានសម្រេចធ្វើការប្រមូលដកហូតសម្ភារៈទាំងនេះយកទៅរក្សាទុកជាបណ្តោះអាសន្ននៅឯនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។ ក្នុងនោះសមត្ថកិច្ចក៏បានតម្រូវឲ្យម្ចាស់ទីតាំងចូលខ្លួនទៅបំភ្លឺជុំវិញបញ្ហាខាងលើនេះ ដើម្បីបន្តនីតិវិធីច្បាប់។ នេះបើយោងតាមការអះអាងរបស់លោកវរសេនីយ៍ឯក ម៉ាត់ យូសុះ នាយការិយាល័យប្រឆាំងបទល្មើសកម្មសិទិ្ធបញ្ញ៕ ដោយ ៖ បញ្ញាស័ក្តិ