ភ្នំពេញ៖ សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យ ផសស ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៣១ ២៧៦ ប៊ីលានរៀល ឬស្មើនឹងប្រមាណ ៣២ ២៩១ លានដុល្លារអាម៉េរិក ស្របពេលដែល ផសស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា កើនឡើងដល់ ១ ៩២៤ ដុល្លារអាម៉េរិក បើធៀបនឹង ១ ៧៨៥ ដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២២។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលជាឆ្នាំចុងក្រោយនៃអាណត្តិ នៃរាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា ដែលគណៈរដ្ឋមន្រ្តីកំពុងពិនិត្យនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។

ផ្អែកលើការវាយតម្លៃពាក់កណ្តាលឆ្នាំ, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២២ ត្រូវបានវាយតម្លៃថា នឹងបន្តនិន្នាការកើនឡើងធៀបនឹងកំណើននៅឆ្នាំ២០២១ ដោយសម្រេចកំណើនក្នុងអត្រាប្រមាណ ៥,៤% ទោះបីជាទទួលរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក្តី ដោយសារការបន្តភាពល្អប្រសើរនៃតម្រូវការខាងក្រៅ និងស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកបានវិលត្រឡប់មករកប្រក្រតីភាពវិញ បន្ទាប់ពីការប្រកាសបើកប្រទេសឡើងវិញចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងមកនេះ។

កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៣ នឹងត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ដែលក្នុងនោះរួមមាន៖ ១. វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៩,២% ក្នុងឆ្នាំ ២០២៣ ប្រហាក់ប្រហែលទៅនឹងកំណើនឆ្នាំ ២០២២ ក្នុងអត្រា ៩,០% ដោយសារការរំពឹងទុកលើការបន្តកំណើនរឹងមាំនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ។ ២. វិស័យសេវាកម្មត្រូវបានព្យាករថា នឹងបន្តកើនឡើងក្នុងអត្រា ៦,៦% ក្នុងឆ្នាំ២០២៣ ពីកំណើន ៤,៣% ក្នុងឆ្នាំ ២០២២ ដោយសារការបន្តងើបឡើងនូវសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងៗទៀត។ អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ត្រូវបានរំពឹងថា នឹងបន្តនិន្នាការងើបឡើងវិញ ដោយសារការរំពឹងទុកលើការងើបឡើងវិញនៃភ្ញៀវទេសចរអន្តរជាតិ ស្របពេលដែលភ្ញៀវទេសចរជាតិក៏ត្រូវបានរំពឹងថា នឹងបន្តកើនឡើងជាមួយនឹងសម្ទុះលឿនជាងភ្ញៀវទេសចរអន្តរជាតិ ដោយសារការដកចេញនូវរបាំងធ្វើដំណើរផ្សេងៗ និងការវិលត្រឡប់រកប្រក្រតីភាពវិញនៃសង្គម-សេដ្ឋកិច្ច។ ៣. វិស័យកសិកម្ម ត្រូវបានរំពឹងថា នៅបន្តនិន្នាការកើនឡើង ក្នុងអត្រា ១,១% ក្នុងឆ្នាំ ២០២៣ ធៀបនឹង ០,៧% ក្នុងឆ្នាំ ២០២២ ដោយសារការរំពឹងទុកលើការបន្តរក្សាកំណើនល្អប្រសើរនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ ស្របពេលដែលអនុវិស័យនេសាទ ត្រូវបានរំពឹងថានឹងងើបឡើងវិញ ។

អតិផរណាមធ្យមប្រចាំឆ្នាំ ត្រូវបានរំពឹងថាកើនឡើងក្នុងរង្វង់ ២,៥% ក្នុងឆ្នាំ ២០២៣ ដោយសារ ការរំពឹងទុកលើការវិលត្រលប់ទៅរកនិន្នាការធម្មតាវិញនៃថ្លៃប្រេងអន្តរជាតិ។ ទោះជាយ៉ាងនេះក្តី, ស្ថានភាព អតិផរណាដែលបានគ្រោងនេះ អាចនឹងបន្តកើនឡើងខ្ពស់ជាងការរំពឹងទុក ដោយសារការបន្តអូសបន្លាយនៃថ្លៃទំនិញអន្តរជាតិ, ជាពិសេសថ្លៃប្រេងឥន្ធនៈ, ដែលបង្កឡើងដោយកត្តាផ្គត់ផ្គង់ (Supply shock)។ ចំណែកឯ អត្រាប្តូរប្រាក់រៀល ត្រូវបានប៉ាន់ស្មានថា នឹងនៅតែបន្តមានស្ថិរភាពក្នុងរង្វង់ ៤ ០៦៥ រៀល ក្នុងមួយដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២៣ ដោយសារការបន្តអនុវត្តវិធានការលើកកម្ពស់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា និងការបន្តពង្រឹងគោលនយោបាយគ្រប់គ្រងសាច់ប្រាក់ក្នុងវិស័យហិរញ្ញវត្ថុ។ ឱនភាពគណនីចរន្ត (រួមបញ្ចូលបង្វែរ) ត្រូវបានរំពឹងថានឹងបន្តរួមតូចមកត្រឹម ១៤,១% នៃ ផសស សម្រាប់ឆ្នាំ ២០២៣ ដោយសារការរំពឹងទុកលើការបន្តកើនឡើងនូវការនាំចេញ និងចំណូលពីវិស័យទេសចរណ៍។ ទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថានឹងបន្តកើនឡើងដល់ ២២ ១៤៩ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣ និងធានាការនាំចូល៕