Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ រងសម្ពាធអតិផរណា អាចនឹងចាប់ផ្ដើមផ្ដល់ជូនមុនដំណត់ឆ្នាំ២០២២

spot_img

ភ្នំពេញ ៖ ក្នុងពិធីជួបសំណេះសំណាល និងនាំអំណោយស្បៀង ស្រូវពូជ ចែកជូនដល់ប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកខ្សាច់កណ្ដាល និងស្រុកពញាឮ ចំនួន ៩៣៤គ្រួសារ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ពេលនេះ រាជរដ្ឋាភិបាល បាននិងកំពុងពន្លឿន ការរៀបចំកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលអាចនឹងចាប់ផ្តើមនៅមុនដំណាច់ឆ្នាំ២០២២ ដើម្បីជួយរក្សាលំនឹងជីវភាពពលរដ្ឋដែលងាយរងនឹងភាព ខ្វះខាតខ្លាំង និងអត់អាហារ។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ថ្លែងអំពីបញ្ហាជំនួយសង្គមទៀតថា ពេលនេះទៀតសោត រាជរដ្ឋាភិបាល នៅតែបន្តផ្តល់ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារដែលទទួលរងគ្រោះដោយជំងឺកូវីដ-១៩នៅឡើយ ហើយទន្ទឹមគ្នានេះកំពុងដុតដៃដុតជើង រៀបចំកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងកម្រិតមួយទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋស្ថិតក្នុងបន្ទាត់ក្រីក្រ ដែលងាយរងហានិភ័យនៃសម្ពាធអតិផរណា ដោយបង្កឡើងពីសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឱ្យកើនឡើងនូវថ្លៃប្រេង និងទំនិញ។

ក្នុងនាមខ្ញុំជាប្រធានប្រឹក្សាជាតិគាំពារសង្គម ខ្ញុំកំពុងតែដឹកនាំធ្វើកិច្ចការនេះ ដើម្បីឱ្យទាន់ក្នុងខែវិច្ឆិកា ឬខែធ្នូ មុនដំណាច់ឆ្នាំ២០២២នេះ អាចនឹងរៀបចំកម្មវិធីចាប់ផ្តើមជួយឧបត្ថម្ភដល់បងប្អូនយើងជាបន្តទៀត។ ការពន្លឿនកម្មវិធីជួយពលរដ្ឋ ដែលងាយរងហានិភ័យអតិផរណានេះ គឺស្របពេលដែលពលរដ្ឋ នៅតាមបណ្តាខេត្តមួយចំនួន ជាពិសេសកសិករ ក៏កំពុងរងគ្រោះពីវិបត្តិទឹកជំនន់ ដែលអូសបន្លាយយូរផងដែរ, ការបង្កផលប៉ះពាល់ដោយគ្រោះទឹកជំនន់នេះ គឺធ្វើឱ្យប្រជាពលរដ្ឋប្រមាណជិត ៧ម៉ឺនគ្រួសារ និងផលប៉ះពាល់ដំណាំជិត ១សែនហិចតា ក្នុងនោះស្តារឡើងបាន៦ម៉ឺនហិចតា នៅទូទាំងប្រទេស។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើត និងដាក់ឱ្យដំណើរការ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា» និងប្រគល់ភារកិច្ច ជូនមូលនិធិជាតិជំនួយសង្គម ទទួលបន្ទុកជាប្រតិបត្តិករ ក្នុងការគ្រប់គ្រង និងចាត់ចែងការបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ ជូនគ្រួសារងាយរងហានិភ័យ ដោយប្រើប្រាស់យន្តការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានស្រាប់ និងគ្រួសារក្រីក្របំផុតដែលស្របតាមលក្ខខណ្ឌជាក់ស្ដែង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×