ភ្នំពេញ៖ បើយោងតាមរបាយការណ៍វិនិយោគអាស៊ាន ឆ្នាំ២០២២ បានឲ្យដឹងថា ទោះបីជាសេដ្ឋកិច្ចធ្លាក់ចុះ ដោយសារកូវីដ-១៩យ៉ាងណាក្តី ក៏ប្រទេសកម្ពុជា បន្តទទួលបានស្ថេរភាពការវិនិយោគផ្ទាល់ពីបរទេសហៅកាត់ថា (FDI) ក្នុងវិស័យសំណង់ នៅឆ្នាំ២០២១។

ការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងវិស័យសំណង់ បានកើនឡើងពី ២៦០ លានដុល្លារ ក្នុងឆ្នាំ២០២០ ទៅ ៣៣៤ លានដុល្លារ ក្នុងឆ្នាំ២០២១។ វិស័យសំណង់នៅកម្ពុជា នឹងពង្រីកជាមធ្យម ៦,៣ ភាគរយនៅឆ្នាំ ២០២២ ហើយ នឹងកើនឡើង ៩,៤ ភាគរយនៅចន្លោះឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៦។
អ្នកជំនាញអចលនទ្រព្យ បានលើកឡើងថា វិស័យអចលនទ្រព្យ ប្រទេសកម្ពុជា នឹងមានប្រសើរឡើងវិញ ហើយវិស័យលំនៅដ្ឋាន គឺជាតម្រូវការល្អ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តម្រូវការផ្ទះនៅក្នុងប្រទេសកម្ពុជា រំពឹងថានឹងកើនឡើង ក្នុងរយៈពេល បី ទៅ ៥ ឆ្នាំខាងមុខទៀត ដែលតម្រូវការនេះ គឺភាគច្រើនជាប្រជាជនវ័យក្មេង។

កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្តម អូន ព័ន្ឋ មុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានប៉ាន់ប្រមាណថា វិស័យអចលទ្រព្យកម្ពុជា នឹងលូតលាស់ ៤,៨ ភាគរយ ក្នុងឆ្នាំ២០២២ ហើយសន្ទុះភាគច្រើន គឺតម្រូវការផ្ទះ និងការិយាល័យ។
ដោយឡែករបាយការណ៍អចលទ្រព្យក្នុងឆ្នាំ២០២២ ដែលចេញផ្សាយដោយក្រុមហ៊ុន Real estate.com.kh បានបង្ហាញថា តម្រូវការលំនៅដ្ឋានលំដាប់ខ្ពស់នៅក្នុងប្រទេសកម្ពុជា នឹងមានការកើនឡើង ហើយនឹងមានកំណើនពីអ្នកទិញផ្ទះទីមួយ ដល់អ្នកទិញផ្ទះបន្តបន្ទាប់ទៀត។
បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិស័យសំណង់កម្ពុជា ជាសរសរទ្រូង សេដ្ឋកិច្ចជាតិទី៤ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្រសួង បានផ្តល់អាជ្ញាប័ណ្ណ ដល់គម្រោងសាងសង់ចំនួន ២០០០ ក្នុងទំហំទឹកប្រាក់ ១,២ ពាន់លានដុល្លារ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២២នេះ។ កម្ពុជា បានផ្តល់អាជ្ញាប័ណ្ណ គម្រោងសាងសង់ ចំនួន ៥៧៥៩០ ទូទាំងប្រទេស ជាមួយទំហំទឹកប្រាក់ ៦៦,២ ពាន់លានដុល្លារ។ មន្រ្តីក្រសួងដែនដី បានឲ្យដឹងថា វិស័យសំណង់មានសញ្ញាល្អ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើតការងារដល់ប្រជាជន៕