ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ច បានឱ្យដឹងថា បច្ចេកវិទ្យាឌីជីថល បាននិងកំពុងបង្កើនប្រសិទ្ធភាពក្នុងដំណើរការរៀន និង បង្រៀន ការពង្រឹងប្រសិទ្ធភាពការងារ ព្រមទាំងជំរុញការបង្កើតនូវគំនិតច្នៃប្រឌិតបន្ថែមទៀត។ ការកសាងពលរដ្ឋឌីជីថល ទាំងផ្នែកអក្ខរកម្ម និងសមត្ថភាព ជាកិច្ចការមួយដ៏មានសារៈសំខាន់បំផុត ដែលត្រូវការពេល និងធនធាន ដើម្បីធានានូវការចូលរួមពេញលេញរបស់ប្រជាជន ក្នុងសង្គមឌីជីថលមួយដែលរស់រវើក ប្រកបដោយបរិយាប័ន្ន និងប្រកបដោយសុវត្ថិភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បច្ចេកវិទ្យាឌីជីថល បានមានប្រសាសន៍ថា បច្ចេកវិទ្យា ដើរតួនាទីកាន់តែសំខាន់ក្នុងការបង្កើនផលិតភាព ការជំរុញពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការងារ សំដៅជំរុញវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនថែមទៀត ព្រមទាំង បាននិងកំពុងផ្លាស់ប្តូរទម្លាប់រស់នៅ និងជីវិតប្រចាំថ្ងៃរបស់យើង។ នេះជាការលើកឡើង ក្នុងពិធីសម្ពោធជាផ្លូវការ “មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល” នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

រដ្ឋមន្ត្រីសេដ្ឋកិច្ច បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញឱ្យអនុវត្តនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” កាលពីឆ្នាំ២០២១ ដែលជាក្របខណ្ឌរួម និងជាផែនទីចង្អុលផ្លូវ ក្នុងគោលដៅជំរុញដំណើរការបរិវត្តកម្មឌីជីថលលើគ្រប់តួអង្គ ក្នុងសេដ្ឋកិច្ច-សង្គមជាតិកម្ពុជាទាំងមូល។ ក្របខណ្ឌគោលនយោបាយនេះ មានសសរស្តម្ភចំនួន ៣គឺ ទី១-ការកសាងរដ្ឋាភិបាលឌីជីថល, ទី២-ការកសាងធុរកិច្ចឌីជីថល និងទី៣-ការកសាងពលរដ្ឋឌីជីថល។

រដ្ឋមន្ត្រីសេដ្ឋកចិ្ច បានន្ថែមទៀតថា កម្រិតជាមូលដ្ឋាននៃអក្ខរកម្មឌីជីថល គប្បីត្រូវបានលើកឱ្យខ្ពស់ជាងមុន ដើម្បីបង្កើនភាពត្រៀមខ្លួនរួចជាស្រេចនៃធនធានមនុស្សដែលត្រូវបានផលិតចេញពីវិស័យអប់រំ ឱ្យក្លាយជាពលរដ្ឋឌីជីថលពេញលេញ។ សិស្សានុសិស្ស និងគ្រូបង្រៀន ត្រូវភ្ជាប់ខ្លួនទៅកាន់នវានុវត្តន៍នៃការអប់រំថ្មីៗ, មាតិកាឌីជីថល និងកម្មវិធីសិក្សាដែលសម្បូរបែប និងមានគុណភាព, បណ្តាញគ្រឹះស្ថានសិក្សា ដែលមានម៉ូដែល និងគំរូថ្មីៗ, ឱកាសសម្រាប់អភិវឌ្ឍបំណិនសតវត្សទី២១ ឱ្យបានកាន់តែប្រសើរ និងការផ្សារភ្ជាប់ការសិក្សាទៅកាន់តម្រូវការនៅលើទីផ្សារការងារ ដែលតម្រូវឱ្យមានសមត្ថភាព និងជំនាញឌីជីថលកាន់តែខ្ពស់៕
