Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា បានរៀបចំ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥ ក្នុងគោលបំណងបង្កើនការទាក់ទាញការវិនិយោគ និងពាណិជ្ជកម្ម និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិរបស់កម្ពុជា ឱ្យកាន់តែប្រសើរឡើង។

ក្នុងពិធីប្រកាសដាក់អនុវត្តជាផ្លូវការនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា បានឲ្យដឹងថា ក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ជាក្របខណ្ឌគោលនយោបាយសង្គម-សេដ្ឋកិច្ច ដែលមានគោលបំណងសម្រេចឱ្យបាននូវសន្តិសុខ សេដ្ឋកិច្ច និងសុខុមាលភាពប្រជាជន ដើម្បីបង្កើនចំណូលរបស់ប្រជាជនម្នាក់ៗ, ទ្រទ្រង់តម្រូវការរបស់ប្រទេសជាតិ, ដោះស្រាយបញ្ហាប្រឈម និងហានិភ័យនៃការបង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងអសន្តិសុខថាមពល តាមរយៈការបង្កើនលទ្ធភាព និងសមត្ថភាពជាតិ ឆ្ពោះទៅសម្រេចឱ្យបានសេដ្ឋកិច្ចដែលមានតម្លៃបន្ថែមខ្ពស់ ដោយបង្កើនប្រសិទ្ធភាពក្នុងការប្រកួតប្រជែងនៃផលិតកម្ម, សេវាកម្ម, ពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើង ។

ឯកឧត្តម គូសបញ្ជាក់ថា ក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥ បានកំណត់ចក្ខុវិស័យកសាង និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិ ដោយផ្អែកលើកម្លាំងពលកម្មជំនាញខ្ពស់និង នវានុវត្តន៍ ដើម្បីជំរុញសន្ទុះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែប្រសើរ សំដៅពង្រឹងសន្តិសុខ សេដ្ឋកិច្ច និងសុខុមាលភាពសង្គម ប្រកបដោយចីរភាព និងបរិយាប័ន្ន នឹងត្រូវសម្រេចឱ្យបានក្នុងរយៈពេល ១៤ ឆ្នាំខាងមុខ។

បើយោងតាម រដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា នៅពេលដែលក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ត្រូវបានអនុវត្តពេញលេញ និង ត្រឹមត្រូវនោះ ប្រជាជន និងប្រទេសជាតិរបស់យើង នឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើន ពីក្របខណ្ឌគោលនយោបាយនេះ មានជាអាទិ៍ ការកែលម្អរំហូរនៃវដ្តសេដ្ឋកិច្ច និងការលើកកម្ពស់តម្លៃបន្ថែមលើការតភ្ជាប់ផលិតផល, ផលិតកម្ម, សេវាកម្មក្នុងស្រុក ជាមួយសេដ្ឋកិច្ចតំបន់ និងសកល ឱ្យកាន់តែប្រសើរ។ ហើយកម្ពុជានឹងមានចំណូលកើនឡើង និងមានលទ្ធភាពក្នុងការលើកកម្ពស់ជីវភាព, ទាក់ទាញការវិនិយោគ ដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំងកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយថ្លៃនៃការផ្តល់សេវាសាធារណៈជូនប្រជាជនជាដើម៕

×