ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន បានថ្លែងថា «កំណើនផលិតផលក្នុងស្រុករបស់អាស៊ានសរុបក្នុងអត្រា ៣,១% ក្នុងឆ្នាំ ២០២១ ជាមួយនឹងការរំពឹងទុក នូវកំណើន ក្នុងអត្រា ៥,៣% និង ៤.៩% ក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងគ្នា» ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែង «ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជាសូមផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ាន »។ សម្តេចតេជោ បានបន្តថា «កម្ពុជាសូមសម្ដែងការប្តេជ្ញាចិត្ត ក្នុងការសហការ ជាមួយនឹងបណ្តាប្រទេសសមាជិកអាស៊ាន និង ដៃគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ ចីរភាព បរិយាប័ន្ន និង ភាពប្រកួតប្រជែងខ្ពស់ »។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា «អាស៊ានក៏ត្រូវធ្វើឱ្យកាន់តែប្រសើរថែមទៀតនូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនានាដែលមានស្រាប់ សំដៅធានាថា កិច្ចព្រមព្រៀងទាំងនោះនៅតែរក្សាបាននូវទំនើបកម្ម ទាន់សម័យមានលក្ខណៈកាន់តែប្រសើរ និង ឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះនិន្នាការធុរកិច្ច និង ការវិនិយោគ នាបច្ចុប្បន្ន»។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិ គ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ ២០២២នេះ បានអញ្ជើញចូលរួមថ្លែងសន្ទរកថា ក្នុងឱកាសនៃពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ ដែលក្នុងអំឡុងឆ្នាំ ២០១២ កម្ពុជាជាប្រធានអាស៊ាន យើងបានឃើញនូវការប្រកាសចាប់ផ្តើម កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហើយអ្នកឧកញ៉ា មានសេចក្តីសោមនស្សរីករាយដែលឆ្នាំ២០២២នេះ កិច្ចព្រមព្រៀងមួយនេះ បានចូលជាធរមាន។ កម្ពុជាក៏បានទទួលប្រយោជន៍រួចមកហើយពីកិច្ចព្រមព្រៀងនេះ។

មូលបទនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំនេះ គឺអនុលោមទៅតាម មូលបទរដ្ឋាភិបាល៖ អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ តំបន់អាស៊ីអាគ្នេយ៍ កំពុងតែស្ថិតក្នុងពេលវេលាដ៏ប្រឈម។ ឥទ្ធិពលនៃភូមិសាស្ត្រនយោបាយ ការកើនឡើងនៃអតិផរណា ការរាំងស្ទះខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងកម្រិតខុសៗគ្នានៃការបើកឡើងវិញនៃសេដ្ឋកិច្ច បង្កជាការលំបាកសម្រាប់ឆ្នាំ២០២២។ ដោយសារតែសេដ្ឋកិច្ច កំពុងតែព្យាយាមជម្នះត្រឡប់មកសភាពដើមវិញ គឺជាការចាំបាច់ដែលយើងត្រូវសហការគ្នា មិនត្រឹមតែរួមគ្នាដោះស្រាយបញ្ហាប្រឈម ប៉ុណ្ណោះទេ គឺថែមទាំងរួមគ្នារៀបចំអនាគតផងដែរ ដែលមានលក្ខណៈឌីជីថល និង មិនប៉ះពាល់ដល់អាកាសធាតុ។

ផ្អែកលើគោលការណ៍នេះ យើងបានរៀបចំកម្មវិធីនៃកិច្ចប្រជុំនេះ ដើម្បីឲ្យយល់កាន់តែច្បាស់អំពីរឿងដែលកំពុងកើតឡើងនៅអាស៊ាន និងបញ្ហាគន្លឹះដែលត្រូវស្វែងយល់សម្រាប់ផែនការឆ្នាំ ២០២៣។ យើងនឹងមានកិច្ចពិភាក្សាចំនួនបួន ដែលចូលរួមដោយ អ្នកជំនាញមកពីប្រទេសអាស៊ាន និងដៃគូសន្ទនាអាស៊ាន ដែលនឹងពិភាក្សាអំពី៖
១) ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអាស៊ាន
២) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និងការវិនិយោគនៅអាស៊ាន
៣) ការត្រៀមសម្រាប់ឌីជីថលអាស៊ាន
៤) អាស៊ានដែលបៃតងជាងមុន និងប្រកបដោយចីរភាព៕