Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ជំរុញឲ្យក្រុមមេដឹកនាំពិភពលោក បន្តផ្តល់ការគាំទ្រទៅលើដំណើរការកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្ររវាងរុស្ស៊ី និងអ៊ុយក្រែន

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ក្រោយជំនួបមេដឹកនាំសំខាន់ៗនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញ​ បានលើកឡើងជំរុញឲ្យក្រុមមេដឹកនាំពិភពលោក បន្តផ្តល់ការគាំទ្រទៅលើដំណើរការកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្ររវាងរុស្ស៊ី និងអ៊ុយក្រែន។

សម្រាប់បញ្ហាវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោកឌីមីត្រូ គូលីបា (Dmytro Kuleba) បានអំពាវនាវជំរុញឲ្យប្រទេសជាសមាជិកអាស៊ានដទៃទៀត គប្បីបង្កើនការចូលរួមគាំទ្រផ្នែកនយោបាយសម្រាប់អ៊ុយក្រែន ដើម្បីជាការដាក់សម្ពាធទៅលើរដ្ឋាភិបាលរុស្ស៊ី ឲ្យឈានទៅរកការបញ្ចប់ការឈ្លានពានដោយខុសច្បាប់របស់ខ្លួនលើដែនអធិបតេយ្យភាពរបស់អ៊ុយក្រែន។ លោកបានចាត់ទុករឿងនេះថាជាកាតព្វកិច្ចដ៏ចំាបាច់មួយរបស់មេដឹកនាំគ្រប់រូបនៅក្នុងពិភពលោក ​ក្នុងការរក្សាគំាពារនូវគោលតម្លៃធម្មនុញ្ញអង្គការសហប្រជាជាតិជាមូលដ្ឋានគ្រឹះក្នុងការរក្សាសុខសន្តិភាពរបស់ពិភពលោកតាំងពីដើមរៀងមក និងកំពុងតែត្រូវបានប្រទេសរុស្ស៊ីធើ្វការរំលោភបំពានដោយគ្មានការខ្លាចរអា។

លោកឌីមីត្រូ គូលីបា (Dmytro Kuleba) ក៏បានថ្លែងជំរុញឲ្យក្រុមមេដឹកនាំពិភពលោក បន្តផ្តល់ការគាំទ្រទៅលើដំណើរការកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្ររវាងរុស្ស៊ី និងអ៊ុយក្រែន ក្រោមការសម្របសម្រួលរបស់ស្ថាប័នអង្គការសហប្រជាជាតិ និងប្រទេសទួកគី ខណ:រដ្ឋាភិបាលទីក្រុងម៉ូស្គូ កំពុងព្យាយាមយកបញ្ហាមួយនេះ ដើម្បីមកធ្វើការគំរាមកំហែងទៅលើអ៊ុយក្រែន។

ដើម្បីធានាដល់ដំណើរការផ្គត់ផ្គង់ស្បៀងអាហារនៅក្នុងពិភពលោក ដែលកំពុងរងផលប៉ះពាល់ដោយសារ​តែ​វិបត្តិ​សង្គ្រាមមួយនេះ លោកឌីមីត្រូ គូលីបា (Dmytro Kuleba) បានបន្តលើកឡើងអំពីយុទ្ធសាស្ត្រទ័ពថ្មីចុងក្រោយដ៏សាហាវយង់ឃ្នងរបស់រុស្ស៊ី ដែលផ្តោតការវាយប្រហារទៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់​ៗ ដែលបំរើដល់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ដោយរួមមានស្ថានីយអគ្គិសនី និងកន្លែងផលិតទឹកស្អាតជាដើម បានធើ្វឲ្យតំបន់ជាច្រើននៅក្នុងប្រទេសអ៊ុយក្រែន មិនមានភ្លើងអគ្គិសនី និងប្រព័ន្ធទឹកស្អាតសម្រាប់ប្រើប្រាស់ ខណៈរដូវរងាកាន់តែខិតជិតចូលមកដល់។ ​

ពាក់ព័ន្ធទៅនឹងបញ្ហាកង្វះខាតអគ្គិសនីប្រើប្រាស់ក្នុងប្រទេសនៅពេលនេះដែរ លោក Dmytro Kuleba បានអំពាវនាវស្វែងរកជំនួយមនុស្សធម៌ជាគ្រឿងសម្ភារអគ្គិសនី ហើយនិងម៉ាស៊ីនភ្លើងជាដើមដើម្បីជួយសម្រួលដល់ដំណើរការស្តារហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនៅក្នុងប្រទេសអ៊ុយក្រែន ដែលរងការបំផ្លិចបំផ្លាញដោយសារតែសង្គ្រាម។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានបញ្ជាក់ថា យោធាអ៊ុយក្រែន នឹងបន្តបើកយុទ្ធនាការវាយបករបស់ខ្លួនជាបន្តបន្ទាប់បន្ថែមទៀត ដើម្បីដណ្តើមកាន់កាប់ដែនអធិបតេយ្យភាពរបស់អ៊ុយក្រែន ដែលបាត់បង់ទៅប្រទេសរុស្ស៊ីនោះមកវិញ រួមមានតំបន់ Kherson, Luhansk, Donetsk, Zaporizhzhia រួមនិងទឹកដីគ្រីមៀរផងដែរ។

ជាមួយគ្នានេះ លោកឌីមីត្រូ គូលីបា (Dmytro Kuleba) បានបង្ហាញការសប្បាយរីករាយចំពោះប្រទេសជាសមា​ជិកអាស៊ាន ដែលបានទទួលយកអ៊ុយក្រែន ចូលជាសមាជិកមួយរូបនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិ​បត្តិ​ការតំបន់អាស៊ីអាគ្នេយ៍ហៅកាត់ថា (TAC) ដែលអាចផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់អ៊ុយក្រែននាថ្ងៃអនា​គតក្នុងការពង្រឹកកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ពាណិជ្ជកម្ម ហើយនិងវិស័យស្បៀងអាហារជាដើម។

ចាប់តាំងពីពេលមានវិបត្តិមក អ៊ុយក្រែន មិនអាចនាំគ្រាប់ធញ្ញជាតិចេញបានពីប្រទេសឡើយ ដែលវាបានធ្វើឲ្យទីផ្សារក្នុងតំបន់អាហ្វ្រិកទាំងមូល បានទទួលរងនូវភាពខ្វះខាតផ្នែកស្រូវសាឡីដល់ទៅ៤០ភាគរយ ខណៈដែលចំណីអាហារនៅទូទាំងតំបន់ កំពុងខ្វះខាតដល់ទៅ៣០លានតោន និងបានរុញឲ្យតម្លៃអាហារនៅក្នុងតំបន់កើនឡើងដល់ទៅ៤០ភាគរយ។

ប្រទេសដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីការកកស្ទះនៃគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននោះ មានដូចជា៖ នីហ្សេរីយ៉ា តម្លៃអាហារជាពិសេសនំប័ង និងប៉ាស្តា កើនឡើងដល់ទៅ៥០ភាគរយ ខណៈដែលនៅប្រទេសយេមែន តម្លៃអាហារកើនឡើងពី២៥ភាគរយ ទៅដល់៤២ភាគរយតាមប្រភេទ ហើយតម្លៃនំប័ងនៅក្នុងប្រទេសហ្សីរីបានកើនឡើងទ្វេដង។ មកដល់ពេលនេះកិច្ចព្រមព្រៀងរវាងអ៊ុយក្រែន និងរុស្ស៊ី ត្រូវបានធ្វើឡើងជាស្ថាពរដោយ​មានការចូលរួមសាក្សី និងហត្ថលេខាពីសំណាក់ប្រទេសតួគី និងអង្គការសហប្រជាជាតិ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការចែកចាយផលិតផលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនអាចប្រព្រឹត្តទៅយ៉ាងរលូន ដោយសង្ឃឹម ថាវិបត្តិនៃការកើនឡើងតម្លៃអាហាររបស់ពិភពលោក នឹងអាចវិលត្រឡប់ល្អប្រសើរវិញនាពេលខាងមុខ។

គួរបញ្ជាក់ថា ក្នុងនាមជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិធំបំផុតទី៤របស់ពិភពលោក អ៊ុយក្រែន ក៏ជាអ្នកផលិត និងផ្គត់ផ្គង់ប្រេងឆាដល់ទៅ៤២ភាគរយនៃការប្រើប្រាស់របស់ទីផ្សារសកល ការនាំចេញពោត១៦ភាគរយនៃទីផ្សារពិភពលោក និងស្រូវសាឡីប្រមាណជា៩ភាគរយនៃទីផ្សារសកលលោកផងដែរ៕

×