ភ្នំពេញ៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺក្រុមហ៊ុន Royal Group Power Company Ltd (RGP) និងក្រុមហ៊ុន Keppel Infrastructure Holdings Pte Ltd (KI) តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ ក្រុមហ៊ុន Keppel Energy Pte Ltd (KE) បានចុះកិច្ចព្រមព្រៀងបឋមចងកាតព្វកិច្ចប្រគល់សិទ្ធិផ្តាច់មុខ ដើម្បីសិក្សាលទ្ធភាពអភិវឌ្ឍន៍ និងប្រតិបត្តិការរួមគ្នាលើគម្រោងថាមពលកកើតឡើងវិញ នៅកម្ពុជា ដែលមានសមត្ថភាពបង្គុំប្រមាណ ២.៥០០មេហ្គាវ៉ាត់ ក្នុងគោលបំណងនាំចេញទៅសិង្ហបុរី ១.០០០មេហ្គាវ៉ាត់ តាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់ក្រោមសមុទ្រ ដែលក្រុមហ៊ុន KE គឺជាអ្នកទទួលទិញ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមនេះ ធ្វើឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមវត្តមានឯកឧត្តមបណ្ឌិត Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនសិង្ហបុរី ទៅលើសិទ្ធិផ្តាច់មុខអភិវឌ្ឍន៍គម្រោងរួមគ្នាផលិតថាមពលកកើតឡើងវិញនៅកម្ពុជា បង្ហាញពីការជឿជាក់កាន់តែខ្លាំងឡើងដែលអ្នកវិនិយោគសិង្ហបុរីមាននៅកម្ពុជា ជាមួយបរិយាកាសធុរកិច្ច និងវិនិយោគប្រកបដោយស្ថិរភាព និងអំណោយផល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់សិទ្ធផ្ដាច់មុខ ដើម្បីផលិតថាមពលកកើតឡើងវិញ ដែលគ្រោងនឹងនាំចេញទៅសិង្ហបូរី ១ពាន់មេហ្គាវ៉ាត់នេះ នឹងជួយពង្រឹងសមត្ថភាពរបស់កម្ពុជា ក្នុងការផលិត និងនាំចេញថាមពលអគ្គិសនី ខណៈដែលប្រទេសសិង្ហបុរី នឹងទទួលបានអត្ថប្រយោជន៍យ៉ាងមានសក្តានុពលពីការនាំចូលថាមពលបៃតង និងនិរន្តរភាពបន្ថែមទៀតមកកាន់ប្រទេសរបស់ខ្លួន។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងធុរកិច្ច និងធុរកិច្ចនេះ នឹងរួមចំណែកយ៉ាងធំធេងក្នុងការអនុវត្តចក្ខុវិស័យរបស់បណ្តាញថាមពលអាស៊ានដ៏ទូលំទូលាយ តាមរយៈការបង្កើនការតភ្ជាប់អគ្គិសនីក្នុងអាស៊ាន។ សមិទ្ធិផលនេះ ក៏បង្ហាញពីទំនាក់ទំនងកាន់តែល្អ និងជិតស្និទ្ធរវាងកម្ពុជា និងសិង្ហបុរី ដែលធ្វើឲ្យសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ កាន់តែស៊ីជម្រៅបន្ថែមទៀត៕