ភ្នំពេញ៖ មន្រ្តីរាជរដ្ឋាភិបាល បានចាត់ទុកថា វិស័យបច្ចេកវិទ្យាឌីជីថល ជាកម្លាំងចលករដ៏មានសក្តានុពលខ្ពស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងទូទាំងពិភពលោក។ ដោយសារក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ វិស័យបច្ចេកវិទ្យាឌីជីថល ពិសេសបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬហៅកាត់ថា FinTech ត្រូវបានមើលឃើញកាន់តែច្បាស់ថា ជាកម្លាំងចលករដ៏មានសក្តានុពលខ្ពស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងទូទាំងពិភពលោក តាមរយៈតួនាទីសំខាន់ៗដូចជា ការបង្កើនភាពប្រកួតប្រជែង និងប្រសិទ្ធភាពនៃការផ្តល់សេវាកម្មហិរញ្ញវត្ថុ។ ការបង្កើតទីផ្សារថ្មី និងការពង្រឹងទីផ្សារដែលមានស្រាប់។ ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈថ្នាលឌីជីថល ដែលងាយស្រួលប្រើប្រាស់ និងការពង្រឹង និងពង្រីកប្រព័ន្ធអេកូឡូស៊ីនៃសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ក៏ដូចជាធុរកិច្ចបង្កើតថ្មី។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីបើកវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ កាលពីពេលថ្មីៗនេះថាមានប្រសាសន៍ថា ក្នុងយុគសម័យសកលភាវូបនីយកម្មឌីជីថលនេះ បច្ចេកវិទ្យាឌីជីថល បានរីកចម្រើនលូតលាស់យ៉ាងលឿនឆាប់រហ័ស និងបានក្លាយជាកត្តាគន្លឹះសម្រាប់ជំរុញការតភ្ជាប់សេដ្ឋកិច្ច និងសង្គមនៅទូទាំងពិភពលោក ឱ្យកាន់តែស្អិតរមួត, ខិតជិតគ្នា និងពឹងពាក់គ្នាទៅវិញទៅមក។ បច្ចេកវិទ្យាឌីជីថលបានដើរតួនាទីកាន់តែសំខាន់ខ្លាំងឡើង សើ្ទរតែក្នុងគ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ច ដូចជា ឧស្សាហកម្ម, សេវាកម្ម, កសិកម្ម, និងហិរញ្ញវត្ថុ។ ហើយរួមទាំងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សផងដែរ។

ឯកឧត្តម បានលើកឡើងថា បច្ចេកវិទ្យាហិរញ្ញវត្ថុ បាននិងកំពុងផ្លាស់ប្តូរមុខមាត់នៃឧស្សាហកម្មហិរញ្ញវត្ថុទាំងមូលនៅក្នុងការផ្តល់ និងការទទួលបានសេវាកម្មហិរញ្ញវត្ថុ, ដោយបានចូលរួមយ៉ាងសកម្ម និងខ្លាំងក្លាក្នុងការគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ច។ ជាងនេះទៅទៀត, ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏បានរួមចំណែកក្នុងការបន្តដំណើរការសកម្មភាពសេដ្ឋកិច្ចសំខាន់ៗ ដូចជាការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ពិសេសការប្រើប្រាស់ប្រព័ន្ធទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិកបាននិងកំពុងបន្តកើនឡើងជាលំដាប់។ ជាក់ស្តែង តាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា, ក្នុងឆ្នាំ២០២១ ចំនួននៃការធ្វើប្រតិបត្តិការទូទាត់ក្នុងទម្រង់ឌីជីថលមានរហូតទៅដល់ ៦៩៨,៨ លានប្រតិបត្តិការ ក្នុងរង្វង់ទឹកប្រាក់ ១៩៩,៧៦ ពាន់លានដុល្លារអាមេរិក៕

