Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) រួមចំណែកថែរក្សាសុខភាពសាធារណៈ និងការពង្រីកទីផ្សារកាន់តែប្រសើរ

ភ្នំពេញ៖ រដ្ឋបាលជលផលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ឱ្យដំណើរការជាផ្លូវការ និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា CQS ដែលនឹងជួយគាំទ្របន្ថែមដល់ឧស្សាហកម្មនេសាទ និងសហគ្រាសកែច្នៃផលជលផល។

ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការដាក់ឱ្យដំណើរការជាផ្លូវការនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS)នេះ  គឺជាសមិទ្ធផលដ៏សំខាន់មួយទៀត នឹងជួយគាំទ្របន្ថែមដល់ឧស្សាហកម្មនេសាទ ជាពិសេស សហគ្រាសកែច្នៃផលជលផល អាចពង្រីកអាជីវកម្មរបស់ខ្លួន ឱ្យឆ្លើយតប និងបំពេញបានតាមតម្រូវការសុវត្ថិភាពម្ហូបអាហាររបស់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។

ឯកឧត្តម បានគូសបញ្ជាក់ថា ក្នុងគោលដៅរួមចំណែកថែរក្សាសុខភាពសាធារណៈ និងការពង្រីកផ្សារកាន់តែប្រសើរ ប្រព័ន្ធវិញ្ញាបនប័ត្រតាម គោលការណ៍ស្ម័គ្រចិត្តថ្មីមួយត្រូវបានបង្កើតឡើង ដែល មានឈ្មោះថា និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS)។ CQS ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការដើម្បីបញ្ជាក់លើគុណភាព សុវត្ថិភាពផល ផលិតផលជលផលកម្ពុជា ដែលអនុលោមតាម តម្រូវការស្តីពីសុវត្ថិភាពម្ហូបអាហារ ។

ឯកឧត្តមបន្តថា តាមរយៈកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម  របស់គម្រោង CAPFish ឯកឧត្តមមានជំនឿយ៉ាងមុតម៉ាំថា លោក លោកស្រី នឹងអាចរកជាវផលិតផលជលផលដែលមាននិមិត្តសញ្ញា CQS នៅតាមផ្សារទំនើប និងមីនីម៉ាតក្នុងប្រទេសកម្ពុជា បាននាពេលឆាប់ៗខាងមុខនេះ។ ការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់រួមគ្នារបស់យើងក្នុងការលើកកម្ពស់ផលិតផលជលផលប្រកបដោយសុវត្ថិភាព និងគុណភាព បានធ្វើឲ្យទស្សន:វិស័យរបស់ CQS ចាប់ផ្តើមក្លាយជាការពិត។

ប្រព័ន្ធវិញ្ញាបនបត្រ CQS ត្រូវបានផ្តួចផ្តើមនិងបង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ដើម្បីលើកកម្ពស់ការអនុវត្តអនាម័យល្អ សុវត្ថិភាពចំណីអាហារ និងប្រព័ន្ធគ្រប់គ្រងគុណភាព ក៏ដូចជា បន្ថែមតម្លៃដល់ផល ផលិតផលជលផលនៅកម្ពុជា។

សម្រាប់ផល ផលិតផលជលផលកម្ពុជា នេះគឺប្រព័ន្ធទទួលស្គាល់ដំបូងគេ  ឈរលើមូលដ្ឋានតម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេស ដោយបង្កើតឡើងដើម្បីលើកកម្ពស់ការអនុវត្តសុវត្ថិភាពម្ហូបអាហារនៅក្នុងអនុវិស័យជលផលក្រោយប្រមូលផលឱ្យបានកាន់តែប្រសើរ។

គួរបញ្ជាក់ថា នាយកដ្ឋានបច្ចេកវិទ្យាកែច្នៃនិងគុណភាព (DFPTQ) របស់រដ្ឋបាលជល នឹងទទួលបន្ទុកផ្តល់សេវាចេញវិញ្ញាបនបត្រ CQS ក្រោមជំនួយបច្ចេកទេស ពីអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFish-Capture) ដែលទទួលបានការឧបត្ថម្ភថវិកាពីសហភាពអឺរ៉ុប (EU)។ សហគ្រាសកែច្នៃ ទូកនេសាទ ផែបែងចែក ផលជលផល អ្នកចែកចាយដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងអ្នកលក់រាយដូចជា ផ្សារទំនើប និងមីនីម៉ាត មានសិទ្ធិ ដាក់ពាក្យស្នើសុំវិញ្ញាបនប័ត្រ CQSនេះបាន។

យោងតាមសេចក្ដីប្រកាសបានឱ្យដឹងថា ប្រព័ន្ធវិញ្ញាបនបត្រ CQS ត្រូវបានផ្តួចផ្តើមនិងបង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ដើម្បីលើកកម្ពស់ការអនុវត្តអនាម័យល្អ សុវត្ថិភាពចំណីអាហារ និងប្រព័ន្ធគ្រប់គ្រងគុណភាព ក៏ដូចជាបន្ថែមតម្លៃដល់ផល ផលិតផលជលផលនៅកម្ពុជា។ សម្រាប់ផល ផលិត​ផលជលផលកម្ពុជា នេះគឺប្រព័ន្ធទទួលស្គាល់ដំបូងគេ ឈរលើមូលដ្ឋាន តម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេសបង្កើតឡើងដើម្បីលើកកម្ពស់ការអនុវត្តសុវត្ថិភាពម្ហូបអាហារនៅក្នុងអនុវិស័យ ជលផលក្រោយប្រមូលផលឱ្យបានកាន់តែប្រសើរ៕

×