ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា បច្ចុប្បន្ននេះ កម្ពុជាមានថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ចំនួន ៤,២៤៦មេហ្កាវ៉ាត់ ខណៈការប្រើប្រាស់ប្រចាំថ្ងៃប្រើអស់តែជាង ២,១០០មេហ្កាវ៉ាត់តែប៉ុណ្ណោះ ដែលធ្វើឱ្យកម្ពុជានៅសល់អគ្គិសនីជាងពាក់កណ្ដាលទៀត ហើយបើងាកទៅមើលការអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ ដោយឆ្នាំ២០១៨ កម្ពុជាមានអគ្គិសនីចំនួន ២,៦៥០មេហ្កាវ៉ាត់ ប៉ុន្ដែមកដល់បច្ចុប្បន្ននេះ នៅឆ្នាំ២០២២ កម្ពុជាមានអគ្គិសនីចំនួន ៤,២៤៦មេហ្កាវ៉ាត់ បើគិតជាភាគរយមានការកើនឡើង៦០%។

ការលើកឡើងរបស់រដ្ឋមន្រ្តីបែបនេះ ធ្វើឡើងក្នុងកម្មវិធីកិច្ចសន្ទនាស្តីពីការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម ដែលរៀបចំនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការចូលរួមពីឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC)។

ជុំវិញការប្រើប្រាស់ថាមពលអគ្គិសនីនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ បានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករនៅក្នុងវិស័យកសិកម្ម ឱ្យស្វែងរកសេវាករផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់រដ្ឋ ដើម្បីទទួលបានថាមពលអគ្គិសនីតម្លៃទាបយកទៅប្រើប្រាស់ក្នុងការងារកសិកម្មរបស់ខ្លួន ដែលសកម្មភាពនេះ នឹងជួយកាត់បន្ថយការចំណាយលើថ្លៃដើមផលិតបានមួយកម្រិត ព្រមទាំងអាចជួយបង្កើនការសន្សំបានផងដែរ។

បើតាមការលើកឡើងរបស់ឯកឧត្តម កែវ រតនៈ អគ្គនាយក EDC បានឱ្យដឹងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា មានបញ្ចេញប្រាក់ប្រមាណ ១២០លានដុល្លារ ក្នុងមួយឆ្នាំ ឧបត្ថម្ភធនដល់វិស័យអគ្គិសនី ដើម្បីធ្វើឱ្យមានតម្លៃទាប និងធានាការផ្គត់ផ្គង់ក្នុងប្រទេសបានពេញលេញ។ ការធ្វើឱ្យតម្លៃអគ្គិសនីទាប នឹងរួមចំណែកធ្វើឱ្យកម្រិតជីវភាពប្រជាជនកាន់តែប្រសើរ។ ក្នុងនាមប្រតិបត្តិករចែកចាយថាមពលអគ្គិសនី ឯកឧ្តមពិតជាលើកទឹកចិត្តឱ្យប្រជាកសិករមកដាក់ពាក្យស្នើសុំតភ្ជាប់ថាមពលអគ្គិសនីតម្លៃទាបឱ្យកាន់តែច្រើន។

ដោយឡែកឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ថាមពលអគ្គិសនីតម្លៃទាប ដែលរដ្ឋាភិបាលផ្តល់ការអនុគ្រោះដល់វិស័យកសិកម្ម រួមមាន ការដាំដុះ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម គឺចាប់ពីម៉ោង ៩ យប់ ដល់ម៉ោង ៧ ព្រឹក។ ជាមធ្យមក្នុងមួយខែ ការចិញ្ចឹមសត្វនៅកម្ពុជា បានប្រើប្រាស់ថាមពលអគ្គិសនីប្រហែល ១២ លានគីឡូវ៉ាត់ម៉ោង ដែលស្មើនឹងថវិកាប្រហែល លានដុល្លារ។

ឯកឧត្តម ឌិត ទីណា បានបន្តថា ទោះបីជាគោលនយោបាយឧបត្ថម្ភធនចំពោះតម្លៃអគ្គិសនីក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ត្រូវបានរដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តមកហើយក៏ដោយ ប៉ុន្តែសម្រាប់ការអនុវត្តជាក់ស្តែង គឺការប្រើប្រាស់សេវានេះ នៅមានកម្រិតតិចតួចបំផុត ជាហេតុធ្វើឱ្យការចំណាយរបស់ប្រជាកសិករទៅលើថ្លៃថាមពលអគ្គិសនីនៅតែខ្ពស់។ ការទទួលបានតម្លៃអគ្គិសនីក្នុងកម្រិតអនុគ្រោះ នឹងនាំឱ្យតម្លៃដើមផលិតធ្លាក់ចុះ ដែលនឹងជួយឱ្យការសន្សំរបស់ប្រជាកសិករកើនឡើង ហើយនៅពេលការសន្សំកើនឡើង វានឹងជួយឱ្យសេដ្ឋកិច្ចជាតិមានកំណើនវិជ្ជមានផងដែរ៕

