Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋលេខាធិការក្រសួងសាធារណៈការ ជំរុញឱ្យលោកគ្រូអ្នកគ្រូជួយផ្សព្វផ្សាយ ដល់សិស្សឱ្យពាក់មួកសុវត្ថិភាពពេលធ្វើដំណើរ ខណៈអាត្រាអ្នកស្លា.ប់ដោយគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព

spot_img

សៀមរាប ៖ លោកជំទាវអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា បានថ្លែងថា អាត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នេះ ភាគច្រើនជាអ្នកជិះម៉ូតូមិនពាក់មួយសុវត្ថិភាព ដូចនេះលោកជំទាវ ជំរុញឱ្យលោកគ្រូអ្នកគ្រូជួយផ្សព្វផ្សាយ ឱ្យកាន់កាន់តែទូលំទូលាយទៅសិស្សទាំងអស់ ពេលធ្វើដំណើរសូមឱ្យពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងឱ្យបានគ្រប់គ្នា ព្រោះមួកមួយជួយជីវិតបានម្នាក់។

នៅក្នុងពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងចែកមួកសុវត្ថិភាពដល់លោកគ្រូអ្នកគ្រូ នៅក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២២ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា បានមានប្រសាសន៍ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែកង្វល់របស់រដ្ឋាភិបាល ព្រោះវាបានធ្វើឱ្យប៉ះពាល់យ៉ាងច្រើនដល់សង្គម សេដ្ឋកិច្ចកម្ពុជា។ ចំណែកមូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺនៅតែដោយសារកត្តាមនុស្សដដែល។

លោកជំទាវបានបន្តថា ក្នុងឆ្នាំ២០២១កន្លងមកនេះ មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរលើសល្បឿនកំណត់៣៨% មិនគោរពសិទ្ធិអាទិភាព២៤% មិនប្រកាន់ស្តាំ១៤% វ៉ាជែង៨% បត់៨% ស្រវឹង៤% កត្តាយានយន្ត៣% និង ងងុយ១%។ ជនរងគ្រោះភាគច្រើនមានអាយុពី១៥ឆ្នាំដល់៣៥ឆ្នាំ។ក្នុងចំណោមនេះភាគច្រើនជាអ្នកជិះម៉ូតូ គឺប្រមាណជាង៧៥% ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានប្រមាណជាង៧០% ដែលភាគច្រើនមិនពាក់នៅពេលយប់(គ្រោះថ្នាក់ពេលយប់សរុបប្រមាណ៥៦%បណ្តាលឱ្យស្លាប់៥៦% និងរបួស៥០%)។អ្នកស្លាប់ភាគច្រើនគឺនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម។
លោកជំទាវអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា បន្តថា យើងឃើញហើយថា អាត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នេះ ភាគច្រើនជាអ្នកជិះម៉ូតូមិនពាក់មួយសុវត្ថិភាព ដូចនេះលោកជំទាវជំរុញឱ្យលោកគ្រូអ្នកគ្រូជួយផ្សព្វផ្សាយឱ្យកាន់កាន់តែទូលំទូលាយទៅសិស្សទាំងអស់ពេលធ្វើដំណើរសូមឱ្យពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងឱ្យបានគ្រប់គ្នា ព្រោះមួកមួយជួយជីវិតបានម្នាក់។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានថ្លែងថា អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានរៀបចំលិខិតស្នាមពាក់ព័ន្ធការងារសុវត្ថិភាពចរាចរណ៍ និងបានចេញសេចក្តីអំពាវនាវទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ រៀបចំយុទ្ធនាការពញ្ញាក់ស្មារតីដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទនៅលើដងផ្លូវ នៅមុនឱកាសបុណ្យជាតិសំខាន់ៗ ក្រុមការងារលេខាធិការដ្ឋានបានចុះធ្វើការណែនាំ ផ្សព្វផ្សាយអប់រំ ចែកខិតបណ្ណ និងចងបដាពាក្យស្លោកអប់រំអំពីសុវត្ថិភាពចរាចរណ៍នៅតាមដងផ្លូវជាតិ និងទីប្រជុំជននានាក្នុងខេត្ត ចុះធ្វើការផ្សព្វផ្សាយ អប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់សហគមន៍ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អ្នកប្រើប្រាស់ផ្លូវ និងបានចែកឯកសារពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍។

លោកអភិបាលរងបានបន្តថា នៅរយៈពេល០៩ខែដើមឆ្នាំ២០២២ ខេត្តសៀមរាប មានគ្រោះថ្នាក់ចរាចរណ៍បានកើតចំនួន ៨៦លើក កើនឡើង៤៤លើក ស្មើ៥១% បណ្តាលអោយមានអ្នកស្លាប់ចំនួន ៨៦នាក់ (ស្រីចំនួន២៦នាក់) កើនឡើង៤៨នាក់ ស្មើ៥៦% របួសធ្ងន់ ចំនួន ៥៣នាក់ (ស្រីចំនួន២០នាក់) កើនឡើង៣៧នាក់ ស្មើ៤៣%របួសស្រាល ចំនួន ៤៤នាក់ (ស្រីចំនួន១៨នាក់) កើន១៦នាក់ ស្មើ១៩%៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×