Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតិថិជនដែលបាកកក់ប្រាក់ទិញបុរីPT សម្តែងក្តីព្រួយបារម្ភ និងអស់សង្ឃឹមជាមួយថៅកែបុរី

spot_img

កណ្តាល ៖ គម្រោងបុរីក្រុមហ៊ុនភីធីប្រាក់ចាន់ធឿន កំពុងតែធ្វើឱ្យអតិថិជនរបស់ខ្លួន បាត់ទំនុកចិត្ត និងកំពុងស្វែងរកអន្តរាគមន៍ពីអាជ្ញាធរ។
គម្រោងបុរីរបស់ក្រុមហ៊ុនភីធីប្រាក់ចាន់ធឿន មានទីតាំងនៅភូមិឈ្វាំង ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល មានគម្រោងទី១ និងទី២ បានដាក់លក់ផ្ទះវីឡាទោល និង វីឡាភ្លោះរាប់ពាន់ខ្នងដែលមានរយៈពេល៣ឆ្នាំមកហើយ ប៉ុន្តែនៅតែធ្វើផ្ទះជូនអតិថិជនរបស់ខ្លួន មិនរួចដោយហួសកិច្ចសន្យាយូរឆ្ងាយមកហើយ ធ្វើឱ្យអតិថិជនរបស់ខ្លួនមានអារម្មណ៍ស្កៀបរមាស់មិនស្រណុកក្នុងខ្លួន ដោយនាំគ្នារត់ទៅពឹងអាជ្ញាធរមូលដ្ឋានឱ្យមកជួយអន្តរាគមន៍ម្តងជាពីរដង ប៉ុន្តែអាជ្ញាធរហាក់ដូចមិនអើពើចំពោះទុក្ខកង្វល់ របស់អតិថិជន ដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទេ។

ក្នុងគម្រោងទី១ បុរីបានលក់ផ្ទះវីឡាទោលជាង៤០០ខ្នងតាំងពី៣ឆ្នាំមុន ដោយចុះកិច្ចសន្យាធ្វើផ្ទះជូនអតិថិជនរយៈពេលត្រឹម១៤ខែតែប៉ុណ្ណោះ បើមិនរួចនឹងសងសំណង៥%រៀងរាល់ខែ នៃប្រាក់ដែលអតិថិជនបានបង់ ហើយអតិថិជនខ្លះបានបង់ ៣០%, ៥០, ៧០%រហូតដល់អ្នកខ្លះបានបង់១០០% ប៉ុន្តែបុរីមិនបានគោរពតាមកិច្ចសន្យាទេ ដោយសុំពន្យាពេលច្រើនដងនិងសុំមិនសងប្រាក់សំណង៥%ទេ ដោយពន្យល់ថាក្រុមហ៊ុនមិនមានប្រាក់គ្រប់គ្រាន់ដើម្បីចាយវាយលើរឿងនេះ។ ជាយុទ្ធសាស្ត្រថ្មី ក្រុមហ៊ុនតម្រូវឱ្យអតិថិជនគម្រោងទី១នេះ បំភ្លេចចោលនូវកិច្ចសន្យាបង់ប្រាក់៣០%, ៥០%, ៧០%និងបំភ្លេចចោលនូវកិច្ចសន្យាពិន័យ៥%រាល់ខែលើការយឺតយ៉ាវក្នុងការសាងសង់ និងតម្រូវឱ្យអតិថិជនបង់ប្រាក់ជាបន្តបន្ទាប់ដើម្បីពួកគេអាចមានលទ្ធភាពធ្វើផ្ទះជូនអតិថិជនជាបន្តទៀត ដែលក្នុងនោះមានអតិថិជនខ្លះក៏យល់ព្រមបង់ប្រាក់តាមការចង់បានរបស់ក្រុមហ៊ុន រីឯអ្នកខ្លះមិនមានលទ្ធភាពធ្វើតាមការចង់បានរបស់អតិថិជនទេព្រោះយោងតាមកិច្ចសន្យាពួកគេបង់ប្រាក់ដំបូង30% ហើយនឹងបង់ប្រាក់ផ្តាច់៧០%នៅពេលប្រគល់ផ្ទះ ដោយពួកគេគិតថាបើពេលបង់ផ្តាច់ពួកគឹពឹងលើកម្ចីធនាគារដើម្បីបង់រំលោះ ប៉ុន្តែចុងក្រោយក្រុមហ៊ុនបុរីធ្វើតាមវិធីនេះគឺគ្មានប្លង់កម្មសិទ្ធឱ្យពួកគេទៅខ្ចីលុយធនាគារបានទេ គឺមានតែប្រើប្រាស់លុយខ្លួនឯងទាំងស្រុង។ ចំពោះអ្នកដែលមានលុយបង់បន្តបន្ទាប់ ក្រុមហ៊ុនក៏បានបន្តធ្វើការសាងសង់សន្សឹមៗ ប៉ុន្តែអ្នកដែលបានបង់ប្រាក់ផ្តាច់១០០%តាំងពីដំបូង និងអ្នកដែលគ្មានប្រាក់បង់បន្តតាមការចង់បានរបស់ក្រុមហ៊ុនគឺក្រុមហ៊ុនទុកផ្ទះទាំងនោះចោលធ្វើឱ្យអតិថិជនទាំងនោះព្រួយបារម្ភជាខ្លាំង។

ងាកមកមើលគម្រោងទី២ របស់បុរីក្រុមហ៊ុនប្រាក់ចាន់ធឿននេះ ដែលមានផ្ទះវីឡារាប់ពាន់ខ្នងហើយគម្រោងទី២នេះភ្ជាប់គ្នាជាមួយគម្រោងទី១ដែរ ក្រុមហ៊ុនបានលក់ផ្ទះវីឡាទោលគម្រោងទី២ រហូតមកពេលនេះមានរយៈពេលជាង២ឆ្នាំមកហើយ ដោយសន្យាសាងសង់១៤ខែ ហើយក្រុមហ៊ុនសន្យាផ្តល់ប្រាក់ពិន័យលើការសាងសង់យឺតយ៉ាវ៥% នៃប្រាក់ដែលអតិថិជនបានបង់រាល់ខែជូនអតិថិជន ដូចការសន្យានៃគម្រោងទី១ដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានសាងសង់ផ្ទះត្រឹមជាគ្រោង ឬចាក់សសរជាង១០ខ្នងប៉ុណ្ណោះ ចំណែកផ្ទះរាប់ពាន់ខ្នងផ្សេងទៀត កុំថាឡើយមិនទាន់ធ្វើ សូម្បីតែចាក់ដីបំពេញដើម្បីត្រៀមបុកគ្រឹះក៏គ្មានផង ចំណែកកិច្ចសន្យាទាំងឡាយក៏ក្រុមហ៊ុនមិនដែលអើពើនិងគោរពតាមដែរ គឺបានត្រឹមសុំពន្យាពេលដោយមូលហេតុចំបងគឺបញ្ហាហិរញ្ញវត្ថុ។
អ្វីដែលជាការគួរឱ្យកត់សម្គាល់ ដីជាច្រើននៅគម្រោងទី២ ជាដីរបស់អ្នកភូមិដែលកំពុងធ្វើស្រែយកផលយ៉ាងរំភើយ ព្រោះបើតាមម្ចាស់ស្រែ និងអាជ្ញាធរឃុំបានប្រាប់ថា ដីភាគច្រើនក្នុងគម្រោងទី២ គឺមិនទាន់បានទិញដាច់ពីប្រជាជនទេ។ ការណ៍នេះ បានធ្វើឱ្យអតិថិជននៅគម្រោងទី២មានក្តីបារម្ភយ៉ាងខ្លាំងដោយមិនខុសពីអតិថិជននៅគម្រោងទី១ គឺពួកគេខ្លះបានបង់ប្រាក់៣០%, ៥០%, ៧០%, ១០០%។

ដោយក្តីបារម្ភខ្លាចបុរីយកប្រាក់ពួកគេហើយគេចវេសជារៀងរហូត អតិថិជននៅគម្រោងទី២ បានសុំអន្តរាគមន៍ដល់សាលាឃុំឈ្វាំង ច្រើនលើកច្រើនសារ ប៉ុន្តែសាលាឃុំហាក់គ្មានសមត្ថភាពមកដោះស្រាយ ជូនពួកគាត់ទេសូម្បីកោះហៅម្ចាស់បុរីមកសម្របសម្រួល និងដោះស្រាយជាមួយអតិថិជនក៏មិនមានផង ទើបនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២២ អតិថិជនគម្រោងទី២មួយក្រុមដែលជាម្ចាស់ផ្ទះចំនួន៥៧គ្រួសារ ដាក់លិខិតសុំអន្តរាគមន៍ដល់សាលាខេត្តកណ្តាល ក្នុងបំណងស្នើសុំលោកអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ជួយអន្តរាគមន៍និងរកដំណោះស្រាយដល់អតិថិជនរបស់បុរីក្រុមហ៊ុនភីធីប្រាក់ចាន់ធឿន ដែលអតិថិជនទាំងនេះគិតថា ឯកឧត្តមអភិបាលខេត្តជាអាណាព្យាបាល ជាឳពុកម្តាយរបស់ពួកគេ ប៉ុន្តែជាការផ្ទុយស្រឡះ ព្រោះតាំងពីការដាក់លិខិតនេះ មករហូតដល់សព្វថ្ងៃដែលមានរយៈពេល១ឆ្នាំកន្លះហើយ ខាងមន្ត្រីសាលាខេត្តកណ្តាល មិនដែលធ្វើការទាក់ទងមកអ្នកតំណាងអតិថិជនទាំង៥៧គ្រួសារនេះ សូម្បីតែម្តង លើសពីនេះទៀត នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ គឺមានរយៈពេល១សប្តាហ៍ក្រោយ ពីការស្នើសុំអន្តរាគមន៍ដល់សាលាខេត្តកណ្តាល ក្រុមហ៊ុនប្រាក់ចាន់ធឿន បានប្តឹងអ្នកតំណាង៥៧គ្រួសារខាងលើ ចំនួន៤នាក់ចូលតុលាការខេត្តកណ្តាលដោយចោទថា លិខិតសុំអន្តរាគមន៍របស់អតិថិជន៥៧គ្រួសារ ទៅសាលាខេត្តកណ្តាលជាការធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ, កិត្តិយស, និង ប៉ះពាល់ផលប្រយោជន៍ក្រុមហ៊ុន ដោយក្រុមហ៊ុនសម្រេចប្តឹងទាសំណង ១០០,០០០ $ (ដប់ម៉ឺនដុល្លាអាមេរិក)ពីអ្នកតំណាងទាំង៤នាក់ខាងលើ។

តាមរយៈពាក្យបណ្តឹងរបស់ក្រុមហ៊ុនខាងលើ គេអាចងាយយល់បានថា ជាការគម្រាមដល់អ្នកផ្សេងមិនឱ្យរើបម្រះ ឬតវ៉ាចំពោះបញ្ហាដែលក្រុមហ៊ុន មិនបានធ្វើផ្ទះជូនអតិថិជន ហើយបណ្តឹងនេះរឹតតែបង្ហាញប្រាប់ថា សាលាខេត្តកណ្តាល ដែលមានលោកអភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តមគង់សោភ័ណ្ឌ មិនមែនជាអាណាព្យាបាល ឬឳពុកម្តាយរបស់ពួកគេដូចដែលពួកគេធ្លាប់គិតនោះទេ។

ដោយការទន្ទឹងរង់ចាំការសាងសង់យូរទៅៗ ហើយការសន្យាភូតកុហករបស់ក្រុមហ៊ុនមានរាប់មិនអស់ ហើយម្យ៉ាងទៀតអតិថិជនពិបាកទាក់ទង ដល់ថ្នាក់ដឹកនាំក្រុមហ៊ុនប្រាក់ចាន់ធឿន ដើម្បីជួបចរចាររកដំណោះស្រាយ ហើយបើជួបក៏មិនទទួលបានការសន្យាពិតប្រាកដណាមួយ ហើយម្យ៉ាងទៀតការសុំអន្តរាគមន៍ទៅសាលាឃុំក៏គេមិនជួយ ទៅសាលាខេត្តក៏គេមិនអើពើថែមទាំងទទួល បានបណ្តឹងរបស់ក្រុមហ៊ុនទៅតុលាការទាប្រាក់សងជម្ងឺចិត្ត ១០០,០០០ដុល្លាទៀត ដោយអស់ទីពឹងការខកចិត្តជាខ្លាំង ពីសំណាក់អាជ្ញាធរមូលដ្ឋាន ទើបនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ ថ្មីៗនេះ អតិថិជនទាំងគម្រោងទី១ និងទី២ រាប់សិបនាក់បានប្រមូលគ្នាទៅសាលាស្រុកពញាឮ ដែលជាអាជ្ញាធរមូលដ្ឋានចុងក្រោយ ដើម្បីសុំអន្តរាគមន៍ពីសំណាក់ លោកអភិបាលស្រុកពញាឮឱ្យមកជួយដោះស្រាយនិងសម្របសម្រួល។ គេមិនទាន់ដឹងថា ខាងសាលាស្រុកពញាឮ នឹងដោះស្រាយបែបណានោះទេ ដោយនៅថ្ងៃនោះ លោកចៅហ្វាយស្រុកមិននៅកន្លែង ប៉ុន្តែលិខិតសុំអន្តរាគមន៍ និងស្នាមមេដៃរបស់អតិថិជនត្រូវបានផ្ញើរទុកនៅ លោកហ៊ួតហៃ ដែលជានាយករដ្ឋបាលស្រុកពញាឮ ហើយលោកបានចេញមកទទួលស្វាគមន៍ និងរាក់ទាក់ដល់អតិថិជនរងគ្រោះ ព្រមទាំងសន្យាជួយសម្របសម្រួល រកដំណោះស្រាយឱ្យអស់លទ្ធភាពរបស់ពួកគាត់។

ថ្មីៗនេះ គេសង្កេតឃើញថាមានបុរីជាច្រើន បានកំពុងលេងបិទពួនជាមួយអតិថិជនរបស់ខ្លួន ដោយការលក់ដីខ្យល់ ផ្ទះខ្យល់ ហើយខ្លះក៏ដួលរលំដោយបញ្ហាហិរញវត្ថុ ដូចករណីបុរី CS ចាវសុជាតិ ស្ថិតនៅឃុំឈ្វាំង ស្រុកពញាឮ ដែលថៅកែត្រូវបានតុលាការ ចាប់ឃុំឃាំងមិនទាន់ចេញនៅឡើយ, បុរី VIP ដែលកំពុងរងការតវ៉ាពីអតិថិជន, បុរី BL នៅពន្សាំង ខណ្ឌព្រែកព្នៅ ដែលអតិថិជនចោទថាលក់ដីខ្យល់, និងបុរីជាច្រើនទៀតកំពុងគាំងសកម្មភាពសាងសង់។

ដូច្នេះបងប្អូនដែលចង់ទិញផ្ទះ ទិញដី ពីបុរីមួយចំនួន ត្រូវមើលនិងសិក្សាឱ្យបានច្បាស់ មុនសម្រេចចិត្តទម្លាក់ប្រាក់ទិញ ព្រោះពេលបញ្ហាកើតឡើង គឺមានតែព្រួយចិត្តដោយសារលុយញើសឈាម ដែលខំប្រឹងសន្សុំទុកជាយូរឆ្នាំមកហើយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×