ប៉ូលីសនៅក្នុងប្រទេសថៃ ថ្មីៗនេះ បានចាប់ផ្តើមប្រតិបត្តិការតាម «ប្រមាញ់» ក្រុមអ្នកលេងយូធូប «Youtuber» ចំនួន៤នាក់ បន្ទាប់ពីពួកគេបានបង្កការរំខានយ៉ាងអនាធិបតេយ្យ នៅលើដងផ្លូវសាធារណៈជាច្រើន ។
មេប៉ូលីស Chalermkiart Sriworakhan បានចេញបញ្ជាឲ្យចាត់វិធានការផ្លូវច្បាប់ បន្ទាប់ពីអ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះថា Wanchalerm Permasem កាលពីថ្ងៃពុធ ម្សិលមិញនេះ បានចែករំលែកឃ្លីបវីដេអូ YouTube បង្ហាញពីបុរស៤នាក់ បានធ្វើ «សកម្មភាពមិនសមរម្យ» ដែលបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីមហាជន ។
បុរស៤នាក់ត្រូវបានជឿជាក់ថា គឺជាក្រុមធ្វើសកម្មភាពដ៏ចម្លែកនេះ ដើម្បីស្វែងរកភាពល្បីល្បាញនៅលើ YouTube តាមរយៈការថតឃ្លីបពីទិដ្ឋភាពពួកគេនាំគ្នាចេញរត់ប៉ាតណាប៉ាតណីគ្មានសណ្ឋាប់ធ្នាប់ នៅក្នុងទីកន្លែងផ្សេងៗ និងបន្ទាប់មក យកឃ្លីបខ្លីៗទាំងនោះមកផ្គុំចូលគ្នាធ្វើជាវីដេអូមួយ ។
ក្នុងចំណោមរឿងដទៃទៀត ពួកគេក៏ត្រូវបានឃើញរំអិលខ្លួនចុះ តាមរយៈបង្កាន់ដៃជណ្តើរយន្ត, លោតពីលើដំបូលស្ថានីយរថភ្លើង, លោតពីលើរបងផ្លូវ ក៏ដូចជាឡើងរត់ជាន់ដំបូងរថយន្តគេដោយផ្លោះរំលងពី១គ្រឿងទៅ១គ្រឿងដែលកំពុងជាប់ស្ទះចរាចរណ៍ជាដើម ។
អ្នកប្រើប្រាស់ហ្វេសប៊ុកភាគច្រើន បានរិះគន់ថា ពួកយុវជនទាំងនេះកំពុងបង្កភាពរំខាន និងបំផ្លិចបំផ្លាញរថយន្តរបស់អ្នកដទៃ ៕ ឧត្តម