Friday, February 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកប្រកបវិជ្ជាជីវៈពេទ្យ ត្រូវផ្អែកលើភស្តុតាងវិទ្យាសាស្ត្រសុខាភិបាល ប្រកាន់ខ្ជាប់ច្បាប់ វិន័យការងារ និងក្រមសីលធម៌ ទើបជាមូលដ្ឋាននៃទំនុកចិត្តរបស់សាធារណជន !

ក្នុងពិធីផ្សព្វផ្សាយមួយ ស្តីពីការ ពង្រឹងវិជ្ជាជីវៈសុខាភិបាល នៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា បានរម្លឹកសាជាថ្មីថា អ្នកប្រកបវិជ្ជាជីវៈពេទ្យ ឬគ្រូពេទ្យគ្រប់រូប ត្រូវទទួលខុសត្រូវចំពោះសកម្មភាពដែលខ្លួនប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាល ទាំងក្នុងផ្នែកបច្ចេកទេស សីលធម៌ ច្បាប់ និងវិន័យការងារ។

លោកសាស្ត្រាចារ្យ ឡឹម តារា លើកមកបញ្ជាក់បែបនេះ គឺចង់ផ្សព្វផ្សាយច្បាប់សុខាភិបាល នៅច្បាប់ពាក់ព័ន្ធ ទៅដល់ក្រុមគ្រូពេទ្យទាំងឡាយ ក៏ដូចជាក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យតេជោសន្តិភាព ដែលជាអង្គភាពវេជ្ជសាស្ត្រស្នូលមួយរបស់កម្ពុជា ក៏ដូចជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់យ៉ាងខ្ពស់ របស់ស្ថាប័នសុខាភិបាល និងគណៈគ្រូពេទ្យ ចំពោះការអនុវត្តវិជ្ជាជីវៈត្រឹមត្រូវ មានគុណភាព និងមានសុវត្ថិភាព ស្របតាមច្បាប់ និងស្តង់ដារជាតិ។

លោករដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ លើកបង្ហាញថា ក្រុមប្រឹក្សាគ្រូពេទ្យកម្ពុជា មានបេសកកម្មស្នូល គឺត្រូវធានាការអនុវត្តវិជ្ជាជីវៈវេជ្ជសាស្ត្រនៅកម្ពុជា ប្រព្រឹត្តទៅតាមច្បាប់ ស្តង់ដារ សីលធម៌ និងគោលការណ៍វិជ្ជាជីវៈ ដោយផ្តោតលើគុណភាពសេវា និងសុវត្ថិភាពអ្នកជំងឺជាចម្បង ស្របតាមតួនាទីរបស់ Medical Council of Cambodia។

លោកសាស្ត្រាចារ្យ ឡឹម តារា បានថ្លែងថា ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រ ត្រូវផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ស្តង់ដារបច្ចេកទេស និងការប្រុងប្រយ័ត្នវិជ្ជាជីវៈជានិច្ច។ ជាមួយគ្នានេះទំនួលខុសត្រូវ និងគណនេយ្យភាពវិជ្ជាជីវៈពេទ្យ គឺជាមូលដ្ឋានសំខាន់នៃទំនុកចិត្តរបស់សាធារណជន មកលើវិស័យសុខាភិបាលទាំងមូល។ «ដូច្នេះអ្នកប្រកបវិជ្ជាជីវៈពេទ្យគ្រប់រូប ត្រូវទទួលខុសត្រូវចំពោះសកម្មភាពវិជ្ជាជីវៈរបស់ខ្លួន ទាំងក្នុងផ្នែកបច្ចេកទេស សីលធម៌ ច្បាប់ និងវិន័យការងារ»៕ ពិសិដ្ឋ CEN

×