Friday, February 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក៖ អាម៉េរិកកំពុងស្វែងរកកាលានុវត្តភាពផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច បន្ថែមទៀត ដើម្បីបន្តពង្រឹង និងពង្រីកភាពជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា

អាម៉េរិក ៖ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម គ្រីស្តូហ្វឺ ឡានដាវ (Christopher Landau) អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ក្នុងឱកាសនៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។  

ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេស បានថ្លែងអំណរគុណកម្ពុជាចំពោះការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និង បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់សម្ដេចធិបតី នៅក្នុងកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព។ ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចធិបតី ថា ឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ (Donald J. Trump) មានមោទនភាពចំពោះការរួមចំណែកក្នុងការបញ្ឈប់ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ។ ឯកឧត្តមអនុរដ្ឋមន្ត្រី បានបន្តថា សហរដ្ឋអាម៉េរិកយល់ច្បាស់អំពីតម្លៃនៃសន្តិភាពសម្រាប់ប្រទេសកម្ពុជា ហើយសហរដ្ឋអាម៉េរិកនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីនាំមកនូវសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ក្នុងក្របខណ្ឌនៃទំនាក់ទំនងទ្វេភាគី, ឯកឧត្តមអនុរដ្ឋមន្ត្រី បានសម្ដែងនូវការពេញចិត្តចំពោះការវិវត្តវិជ្ជមានជាបន្តបន្ទាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាម៉េរិក-កម្ពុជា។ ឯកឧត្តមក៏បានលើកឡើងពីកាលានុវត្តភាពថ្មីៗបន្ថែមទៀត សំដៅធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ កាន់តែរឹងមាំ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ទន្ទឹមនេះ, ឯកឧត្តមបានថ្លែងអំណរគុណដល់ភាគីកម្ពុជា ដែលតាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានបញ្ជាទិញយន្តហោះប្រភេទ Boeing 737 MAX ពីសហរដ្ឋអាម៉េរិក នាពេលថ្មីៗនេះ។ ដោយកត់សម្គាល់ពីការរីកចម្រើនដ៏ឆាប់រហ័សផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា, សហរដ្ឋអាម៉េរិកកំពុងបន្ត ស្វែងរកកាលានុវត្តភាពផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច បន្ថែមទៀត សំដៅពង្រឹង និងពង្រីកភាពជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា។

ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណដល់សហរដ្ឋអាម៉េរិក ចំពោះជំនួយ និងការគាំទ្រនានាដល់ប្រទេសកម្ពុជា នាពេលកន្លងមក ដែលបានរួមចំណែកពន្លឿនការអភិវឌ្ឍ និងការកសាងប្រទេសឡើងវិញ ក្រោយការបិទបញ្ចប់ជាស្ថាពរនូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម, ការពារជាតិ និងសន្តិសុខ។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ ចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការជំរុញដំណើរការសន្តិភាពកម្ពុជា-ថៃ។ ជាមួយគ្នានេះ, សម្ដេចធិបតី បានស្នើឱ្យសហរដ្ឋអាម៉េរិកបន្តគាំទ្រដល់ដំណើរការសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្ដេចធិបតី ក៏បានជម្រាបឯកឧត្តមអនុរដ្ឋមន្ត្រី អំពីការវិវត្តចុងក្រោយនៃស្ថានការណ៍ជាក់ស្ដែងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់សាជាថ្មីអំពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និង កិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ។

មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក បានបន្តពិភាក្សាអំពីវិធានការបន្ត សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត នៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច, សន្តិសុខ និងការពារជាតិ, ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×