Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចេញឯកសារក្របខណ្ឌវាយតម្លៃ គម្រោងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍

spot_img

ភ្នំពេញ ៖ បើតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានចេញឯកសារក្របខណ្ឌវាយតម្លៃគម្រោងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ។ បច្ចេកវិទ្យាឌីជីថល មានសក្តានុពលខ្ពស់ ក្នុងការចូលរួមចំណែកគាំទ្រ និងជំរុញការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច ប្រកបដោយចីរភាព, បរិយាបន្ន និង ភាពធន់ តាមរយៈការបង្កើតប្រភពកំណើនថ្មី, ការលើកកម្ពស់ ផលិតភាព និងប្រសិទ្ធភាពនៃគ្រប់វិស័យ ព្រមទាំងការផ្តល់ជម្រើសដំណោះស្រាយ ឬមធ្យោបាយថ្មី ប្រកបដោយនវានុវត្តន៍ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល ដែលបាន និងកំពុងកើតមានឡើងជាបន្ត បន្ទាប់ ដូចជាវិបត្តិនៃជំងឺកូវីដ-១៩ និង ការប្រែប្រួលអាកាសធាតុ ជាដើម ។ ទោះជាយ៉ាងនេះក្ដី, ការវិវឌ្ឍយ៉ាង លឿននៃបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤,០ អាចបង្កើតឱ្យមាន គម្លាតនៃឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថល ដែលការណ៍នេះ អាចធ្វើឱ្យគម្លាតអភិវឌ្ឍន៍កាន់តែរីកធំឡើង ជាពិសេសរវាងប្រទេសអភិវឌ្ឍន៍ និង ប្រទេសកំពុងអភិវឌ្ឍន៍ ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា នៅក្នុងនិន្នាការសកលនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត, ឌីជីថលូបនីយកម្ម និង បរិវត្តកម្មឌីជីថល នឹងក្លាយជាកត្តាចម្បងមួយ ដែលកំណត់ភាពប្រកួតប្រជែង នៅក្នុងទីផ្សារអន្តរជាតិ ក៏ដូចជាភាពជោគជ័យន ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃប្រទេសនីមួយៗ ។ រាជរដ្ឋាភិបាលកម្ពុជា យល់ច្បាស់អំពីនិន្នាការនេះ និងបាន និងកំពុងរៀបចំបទដ្ឋានគតិយុត្ត និង ក្របខណ្ឌគោលនយោបាយ ជាបន្តបន្ទាប់ ជាពិសេស ការដាក់ឱ្យអនុវត្ត ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង គោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដើម្បីជំរុញការអភិវឌ្ឍវិស័យឌីជីថល ក្នុងគោលដៅធានាភាព ប្រកួតប្រជែង, ពង្រឹងពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់ភាពធន់ របស់កម្ពុជា ។

ស្របពេលជាមួយគ្នានេះ, រាជរដ្ឋាភិបាល ក៏មានភាពប្រាកដនិយម និងយល់ច្បាស់ថា ភាពជោគជ័យ នៃការអភិវឌ្ឍវិស័យឌីជីថលអាស្រ័យ លើប្រសិទ្ធភាពនៃការអនុវត្តជាក់ស្ដែង ជុំវិញការរៀបចំ និងអនុវត្ត គម្រោងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពខ្ពស់បំផុត ស្របតាម គោលការណ៏បច្ចេកទេស, សេដ្ឋកិច្ច និង នយោបាយ ព្រមទាំងការវិភាជថវិកា ក្នុងបរិការណ៍នៃការធ្លាក់ចុះនៃ ធនធានហិរញ្ញវត្ថុសាធារណៈ ។ ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាល តាមរយៈ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ច ឌីជីថល (គ.ស.ធ.ឧ.) សម្រេចដាក់ចេញនូវ “ក្របខណ្ឌវាយតម្លៃសំណើគម្រោងបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍» ដើម្បីជាក្របខណ្ឌរួម និងជាផែនទីចង្អុលផ្លូវ ក្នុងគោលបំណង ជំរុញការធ្វើសុខដុមនីយកម្ម គម្រោងបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍ពីគ្រប់ប្រភពហិរញ្ញប្បទាន និងគ្រប់កម្រិតរដ្ឋបាលដោយធានា បាននូវប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាពនៃចំណាយសាធារណៈ តាមរយៈ ការវិនិយោគចំគោលដៅ ឆ្លើយតបនឹងតម្រូវការជាអាទិភាព ទៅតាមលទ្ធភាពជាក់ស្ដែងនៃថវិកា និងការរៀបចំ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលរឹងមាំ មានសុវត្ថិភាព និងមានស្ថិរភាពខ្ពស់ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងពន្លឿនការកសាង និងអភិវឌ្ឍរដ្ឋាភិបាល, សេដ្ឋកិច្ច, ធុរកិច្ច និងសង្គមឌីជីថល ប្រកបដោយចីរភាព និង បរិយាបន្ន ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា “ក្នុងនាមជាប្រធាននៃ គ.ស.ធ.ឧ. ខ្ញុំសូមគោរពសម្ដែងកតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាល ជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា ដែលតែងតែផ្ដល់អនុសាសន៍ និងការតម្រង់ទិសដ៏ខ្ពង់ខ្ពស់បំផុតចំពោះការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថលនៅកម្ពុជា”។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមបណ្ឌិត គង់ ម៉ារី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឧ. និង ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឧ. ដែល បានខិតខំប្រឹងប្រែងរៀបចំក្របខណ្ឌវាយតម្លៃសំណើគម្រោងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍នេះរហូត សម្រេចជាស្ថាពរ។ ទន្ទឹមនេះ, ខ្ញុំក៏សូមលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័ន និង ក្រុមការងារពាក់ព័ន្ធទាំងអស់ចូលរួម អនុវត្តក្របខណ្ឌវាយតម្លៃនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជំរុញការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា និងចូលរួមចំណែក ក្នុងការឈានឆ្ពោះទៅសម្រេចឱ្យបាននូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយ ចីរភាព, បរិយាបន្ន និង ភាពធន់ ។

ក្នុងរយៈពេលជាងពីរទសវត្សរ៍ មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, កម្ពុជាសម្រេចបាននូវកំណើន សេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងរង្វង់ជាង ៧% ក្នុងមួយឆ្នាំ ប៉ុន្តែជំងឺកូវីដ-១៩ បានបន្ទច់ បង្អាក់ និងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរមកលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបានផ្ដល់ផលប៉ះពាល់ដល់ជីវភាព, សុខភាព និងអាយុជីវិត របស់ប្រជាជនកម្ពុជា ។ ទោះជាយ៉ាងនេះក្តី, ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយ ស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានក្លាយជាប្រទេសឈានមុខ មួយនៅលើសកលលោក ដែលអាចគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ស្តារ និងជំរុញ កំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ បានយ៉ាងល្អប្រសើរ ។

ថ្វីត្បិតមានការថមថយ, ប៉ុន្តែជំងឺកូវីដ-១៩ បានបន្សល់ទុកនូវស្លាកស្នាមយូរអង្វែង និងបង្កឱ្យមានការ ផ្លាស់ប្ដូររបៀបរបបរស់នៅ តាមគន្លងប្រក្រតីភាពថ្មី ហើយ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ ជំងឺរាតត្បាត នេះបានធ្វើឱ្យមានការកើនឡើងកាន់តែខ្លាំងនៃការធ្វើបរិវត្តឌីជីថល ( ទាំងក្នុងវិស័យឯកជន និងសាធារណៈ ក្នុងល្បឿនដែលយើងមិនដែលធ្លាប់រំពឹងទុក ដើម្បីឆ្លើយតបទៅនឹងការកាត់បន្ថយទំនាក់ទំនងផ្ទាល់ និងតម្រូវ ការធ្វើដំណើរ ។ ការណ៍នេះ បានបង្កើតជាកាលានុវត្តភាពថ្មីមួយសម្រាប់កម្ពុជា ក្នុងការជំរុញការអភិវឌ្ឍវិស័យ ឌីជីថល ដែលជាវិស័យគន្លឹះ និងមានសក្តានុពលខ្ពស់ ក្នុងការជួយលើកកម្ពស់ភាពប្រកួតប្រជែង និង ការធ្វើ ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា សំដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព, បរិយាបន្ន និង ភាពរឹងមាំ និងឈានឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ ២០៣០ និង ប្រទេសដែលមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ ២០៥០ ។

ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ការអភិវឌ្ឍវិស័យឌីជីថលជារបៀបវារៈគោលនយោបាយដ៏ចម្បងមួយ និងបានដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥» សំដៅជំរុញ និង ពន្លឿនការកសាងរដ្ឋាភិបាល, សេដ្ឋកិច្ច, ធុរកិច្ច និងសង្គមឌីជីថល ដោយមានការដាក់ចេញនូវវិធានការមុតស្រួច រយៈពេលខ្លី, មធ្យម និងវែង ។ ការសម្រេចបាននូវការអនុវត្តក្របខណ្ឌគោលនយោបាយនេះដោយជោគជ័យ តម្រូវឱ្យមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងៗនៅតាមក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ឆ្លើយតបទៅនឹងការកសាងរដ្ឋាភិបាលឌីជីថល, សេដ្ឋកិច្ច និង ធុរកិច្ច ក៏ដូច ជាសង្គមឌីជីថលទាំងមូលផងដែរ ។ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការនេះ និងដើម្បីជួយគាំទ្រ ដល់ដំណើការនៃការពិនិត្យគម្រោង ធានាបាននូវភាពត្រឹមត្រូវទាំងទិដ្ឋភាពបច្ចេកទេស និងគោលនយោបាយ, ការបង្កើតក្របខណ្ឌវាយតម្លៃសំណើគម្រោងមួយ ដែលគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើជាធាតុចូល ដល់ការធ្វើវិភាគ ថវិកា ឱ្យចំគោលដៅ និង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសក្នុងបរិការណ៍ដែលកម្ពុជា ក៏ដូចជាសកល
លោកទាំងមូលបាន និងកំពុងជួបប្រទះនូវភាពខ្វះខាតនៃប្រភពហិរញ្ញវត្ថុសាធារណៈ មានភាពចាំបាច់ដែល ត្រូវគិតគូរនិងរៀបចំតាំងពីដើមគ្រានៃការអនុវត្តក្របខណ្ឌគោលនយោបាយនេះ។

យោងតាមរបាយការណ៍សិក្សាអំពីស្ថានភាពរដ្ឋាភិបាលឌីជីថលកម្ពុជា, ក្រសួង-ស្ថាប័នចំនួន ២៨ មានប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានចំនួនសរុប ១៨២ ។ ទោះបីជា គម្រោងហាក់មានចំនួនច្រើនគួរឱ្យ កត់សម្គាល់, ជាក់ស្ដែងគម្រោងភាគច្រើនជាគម្រោងតូចៗដែលគ្រាន់តែបម្រើការងារបន្ទាន់ និង តម្រូវការ ជាក់ស្ដែងនៅតាមនាយកដ្ឋាន ឬអង្គភាពក្រោមឱវាទនានា របស់ក្រសួង-ស្ថាប័នតែប៉ុណ្ណោះ។ យ៉ាងណាមិញ, គម្រោងដែលមានចរិតជាការកសាងទិន្នន័យគោល (Base registry) នៅមិនទាន់បានកសាងពេញលេញ នៅឡើយ និងគុណភាពនៃទិន្នន័យក៏នៅមានកម្រិត។ ទោះជាយ៉ាងណាក៏ដោយ, ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ចំនួន ១៦៧ ត្រូវបានរាយការណ៍ថាកំពុងត្រូវបានប្រើប្រាស់ និងដំណើរការ ខណៈដែលប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានចំនួន ២ លែងដំណើរការ ដូចមានបង្ហាញក្នុងតារាងទី ១ ខាងក្រោម ៕ រក្សាសិទ្ធិដោយ​ ៖ សុទ្ធលី

spot_img
×