វីដេអូហ្វេសប៊ុកមួយដែលត្រូវបានគេមើលរាប់លានដង បានបង្ហាញឲ្យឲ្យឃើញស្ត្រីវ័យក្មេងម្នាក់ កំពុងស្ថិតក្នុងស្ថានភាពអង្គុយនៅលើដីយ៉ាងវេទនា ព្រោះតែក្បាលរបស់នាងត្រូវ «ជាប់គាំង» នឹងបំពង់ស៊ីម៉ាំងរថយន្តរបស់នាង ខណៈក្រុមសង្គ្រោះបន្ទាន់រៀបចំប្រើប្រាស់រណារអគ្គិសនី ដើម្បីកាត់ផ្តាច់រំដោះក្បាលរបស់នាង ។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើល និងហួសចិត្តបំផុតនេះ ត្រូវបានគេរាយការណ៍ឲ្យដឹងថា បានកើតឡើងនៅក្នុងវិធីបុណ្យ Winstock នៅ Minnesota កាលពីថ្ងៃសុក្រ សប្តាហ៍មុន ។
ក្មេងស្រីជំទង់ឡប់ៗនេះដែលមានឈ្មោះថា Kaitlin Strom អាយុ ១៩ ឆ្នាំ បាននិយាយថា៖ «ពួកខ្ញុំទាំងអស់គ្នាមានភាពសប្បាយរីករាយជាខ្លាំង ហើយនៅពេលនោះ ខ្ញុំបានឃើញបំពង់ស៊ីម៉ាំងធំបែបនេះ ខ្ញុំក៏ចង់សាក ព្រោះថាវាប្រហែលជាសមល្មមនឹងក្បាលរបស់ខ្ញុំតែម្តង ហើយខ្ញុំព្យាយាមស៊កក្បាលចូល ប៉ុន្តែ ពុំនឹកស្មានថា ខ្ញុំពុំអាចដកក្បាលចេញមកក្រៅវិញបានបែបនេះនោះទេ» ។
Strom បន្តថា នាងត្រូវបានជាប់គាំងក្បាលអស់រយៈពេល ៤៥ នាទី ហើយខំប្រឹងរក្សាភាពស្ងប់ស្ងាត់នៅក្នុងបំពង់ស៊ីម៉ាំងនោះយ៉ាងអត់ធ្មត់ មុនពេលក្រុមសង្គ្រោះមកជួយរំដោះនាងឲ្យមានសេរីភាពវិញ ។ នាងពុំបាននិយាយថាតើនាងផឹកស្រាអស់ប៉ុន្មាននោះទេ មុនហេតុការណ៍នេះកើតឡើង ប៉ុន្តែ ប៉ូលីសបានលើកឡើងថា នាងផឹកគ្រឿងស្រវឹងមិនទាន់គ្រប់អាយុ ។
លោក Tom Wold ដែលជាម្ចាស់រថយន្តនេះ និងក៏ជាថៅកែក្រុមហ៊ុនដឹកទំនិញផ្ទាល់ខ្លួន បាននិយាយថា គាត់ពុំបានស្នើឲ្យ Strom បង់ថ្លៃខូចខាតរថយន្តរបស់គាត់ទេ ៕ ឧត្តម