រឿងរ៉ាវស្នេហ៍ត្រីកោណមួយ បានធ្វើឲ្យកក្រើកបណ្តាញសង្គមក្នុងប្រទេសវៀតណាមតែម្តង កាលពីថ្ងៃទី១៤ មិថុនា ម្សិលមិញនេះ បន្ទាប់ពីស្ត្រីសាច់សខ្ចីម្នាក់ត្រូវបានស្ត្រីម្នាក់ទៀតដែលត្រូវបានដឹងជាប្រពន្ធដើម រួមនឹងគ្នីគ្នា បានតាមស្ទាក់វាយប្រហារយ៉ាងសាហាវបំផុត នៅកណ្តាលថ្នល់ ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ត្រីរងគ្រោះពុំត្រូវបានបញ្ចេញឈ្មោះនោះ គឺជាម្ចាស់ហាងស្ប៉ា មានអាយុ ៣០ ឆ្នាំ ត្រូវបានប្រពន្ធដើមប្រុសស្នេហ៍ខ្លួនវាយប្រហារនៅវេលាម៉ោង ១១ យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ។
ស្ត្រីរងគ្រោះនេះបានឲ្យដឹងថា នៅពេលបញ្ចប់ការងារនៅហាងស្ប៉ា នាងបានបើករថយន្តចេញក្រៅ ប៉ុន្តែ នៅពេលនោះ នាងក៏ត្រូវបានស្ត្រី១ក្រុមបានដេញតាមស្ទាក់វាយប្រហារនាងតែម្តង ។ ពួកគេបានចាប់ស្រាតហែកខោអាវរបស់នាង និងបន្ទាប់មក ក៏បានយកអំបិលម្ទេសប៉ាតលើខ្លួនប្រាណរបស់នាង មុនពេលយកដបទឹកត្រីចាក់ស្រោចបន្ថែម ខណៈនាងដេកផ្អោបមុខលើថ្នល់ ដោយគ្មានអ្នកណាមកជួយអន្តរាគមន៍នោះទេ ។
នាងបានបន្តថា៖ «បន្ទាប់ពីពួកគេបានធ្វើបាបខ្ញុំឆ្អែតឆ្អន់ ខ្ញុំត្រូវបានអ្នកដំណើរមានចិត្តធម៌ នាំយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Tuan Hao ។ ខ្ញុំបានចាំមុខស្ត្រីម្នាក់ឈ្មោះ Ma និងមនុស្សប្រុសម្នាក់ឈ្មោះ M. ។ នៅពេលនេះ ខ្ញុំបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងពួកគេរួចហើយ» ។
មុននេះ សេចក្តីរាយការណ៍មួយបានឲ្យដឹងថា សាក្សីម្នាកឈ្មោះ David Pam បានឮស្ត្រីឈ្មោះ Ma (ប្រពន្ធដើម) និយាយថា៖ «យើងបានរៀបការជាមួយប្តីយើងអស់រយៈពេល ១០ ឆ្នាំ ហើយ ប៉ុន្តែ ពុំនឹកស្មានថា មីស្រីម្ចាស់ហាងស្ប៉ាមកបំផ្លាញជីវិតអាពាហ៍ពិពាហ៍របស់ពួកយើងសោះ! » ។ សាក្សីរូបនេះបានបន្តថា មានស្ត្រីមួយចំនួនចាប់ទាញបោចសក់ និងវាយដុំច្រំធាក់យ៉ាងសាហាវមកស្ត្រីរងគ្រោះនោះ ។
ប៉ូលីសនិយាយថា ពួកគេបានទទួលពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ និងកំពុងបើកការស៊ើបអង្កេតករណីនេះបន្ថែម ៕ ចន្ទី