Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសេដ្ឋកិច្ច ៖ អត្រាអតិផរណា​ក្នុងត្រីមាសទី៣ធ្លាក់ចុះ ​​ស្របពេលស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងត្រីមាសទី៣ ឆ្នាំ​នេះ បាននិងកំពុងងើបឡើងវិញ

spot_img

ភ្នំពេញ៖ ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ បានបញ្ជាក់ថា អតិផរណាមធ្យមប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ បានធ្លាក់ចុះមកអត្រា៤.៩% ​វិញ បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២ ​ដែលមានអត្រា៧.៤% ។

ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ ដែលបានចេញផ្សាយ ដោយក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានបង្ហាញថា ​សន្ទស្សន៍ថ្លៃសាច់ជ្រូក ក្នុងត្រីមាសនេះ​ស្ថិតក្នុងអត្រា ៥.៥% , ត្រី ៤.៥% , ប្រេងម៉ាស៊ូត ៣៨.៥% ប្រេងសាំងធម្មតា ១៣.៦% និងឧស្ម័ន ១៦.៧%។ ទន្ទឹមគ្នានេះ អត្រាប្តូរប្រាក់ ជាមធ្យមក្នុងរង្វង់ ៤ ០៩៥.២រៀល ក្នុងមួយដុល្លារអាមេរិក បានកើនឡើង ០.៥%។

ចំណែកថ្លៃទំនិញសំខាន់ៗ នៅលើទីផ្សារអន្តរជាតិនៅត្រីមាសទី៣ ឆ្នាំ២០២២ ​ប្រេងឆៅ គិតជាមធ្យមមានតម្លៃ ៩៦.៦ដុល្លារអាមេរិកក្នុងមួយធុង បានកើនឡើង ៣៤.៦% , អង្ករមានតម្លៃ ៤២៩.៣ដុល្លារក្នុងមួយតោន កើនឡើង៥.៨% ខណៈដែលមាស មានតម្លៃ១ ៨៩៣.៧ដុល្លារក្នុងមួយអោន បានធ្លាក់ចុះ៣.៥% និងកៅស៊ូ តម្លៃ ១ ៤៤៧ដុល្លារក្នុងមួយតោន ធ្លាក់ចុះ១២.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ បានឲ្យដឹងថា តាមក្រសួងសេដ្ឋកិច្ច អត្រាអតិផរណា​ក្នុងត្រីមាសទី៣ធ្លាក់ចុះនេះ ​​ស្របពេលស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងត្រីមាសទី៣ ឆ្នាំ​នេះ បាននិងកំពុងងើបឡើងវិញ តាមរយៈការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិ, គម្រោងសាងសង់, គម្រោងវិនិយោគលើវិស័យឧស្សាហកម្ម និងសេវាកម្ម និងការកើនឡើងនូវផលិតកម្មក្នុងស្រុក ស្របពេលដែលការនាំចេញបន្តមានកំណើនល្អ លើផលិតផលកាត់ដេរ និងផលិតផលមិនមែនកាត់ដេរដូចជាកង់, ខ្សែភ្លើង និងបង្គុំខ្សែភ្លើង, គ្រឿងបង្គុំរថយន្ត និងផលិតផលផ្សេងៗមួយចំនួនទៀត។

តែយ៉ាងណាបើធៀបត្រី៣ ដូចគ្នា កាលពីឆ្នាំ២០២១ អត្រាអតិផរណា​ឆ្នាំ២០២២នេះ កើនឡើងបន្តិច ដោយត្រីមាសទី៣ ឆ្នាំ២០២១ ស្ថិតក្នុងអត្រា ៣.២%​។

សេដ្ឋកិច្ចសកល បាននិងកំពុងងើបឡើងបណ្ដើរៗ ដែលរំពឹងថានឹងសម្រេចបានកំណើន ៣,២% ក្នុងឆ្នាំ២០២២ ដោយប្រទេសភាគច្រើន បាននិងកំពុងជំរុញវិធានការគោលនយោបាយស្ដារសេដ្ឋកិច្ចឡើងវិញ, ពន្លឿនការចាក់វ៉ាក់សាំងបន្ថែម និងធ្វើអន្តរាគមន៍នានា ដើម្បីបន្តបង្កើនភាពស៊ាំសហគមន៍រឹងមាំ និងការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី (New Normal) ។ ទោះជាយ៉ាងនេះក្ដី, កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣ នឹងមានកំណើនត្រឹមតែ ២,៧%ទាបជាងការព្យាករណ៍កន្លងមក ដោយសាការថមថយកំណើននៃសេដ្ឋកិច្ចចិន សហរដ្ឋអាមេរិក និងអឺរុប, ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុសកល, ការអូសបន្លាយនៃសង្គ្រាមនៅអ៊ុយក្រែន និងការលេចឡើងនូវជំងឺកូវីដ-១៩ បំប្លែងថ្មី (New Variants) ដែលធ្វើឱ្យរំខាន និងបង្កភាពរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងសេដ្ឋកិច្ច ក៏ដូចជាបានធ្វើឱ្យអត្រាអតិផរណា, ថ្លៃប្រេងឥន្ធនៈ, ថ្លៃម្ហូបអាហារ និងថ្លៃទំនិញមួយចំនួនទៀត មានការកើនឡើងខ្ពស់ ។

ទន្ទឹមនេះ, សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងរក្សាបានកំណើន ៥,៤% ក្នុងឆ្នាំ២០២២នេះ បើទោះបីជារងការប៉ះទង្គិច ដោយប្រយោលពីការផ្ទុះឡើងនៃសង្គ្រាមនៅអ៊ុយក្រែន ក៍ដោយ ។ ការរក្សាបានកំណើននេះ គឺដោយសារតែទីផ្សារធំៗ របស់កម្ពុជា នៅតែមានតម្រូវការ ព្រមទាំងសកម្មភាពធុរកិច្ច និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មក្នុងស្រុក មានភាពល្អប្រសើរ ។ រាជរដ្ឋាភិបាល បានបន្តអនុវត្តវិធានការអន្តរាគមន៍ ដូចជា ការឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនងាយរងគ្រោះ និងការផ្តល់ប្រាក់ឧបត្ថម្ភដល់ កម្មករ និយោជិតក្នុងអំឡុងពេលព្យួរការងារ ជាដើម ។ ក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ, ស្ថានភាពសេដ្ឋកិច្ចកម្ពុជា បាននិងកំពុង ងើបឡើង តាមរយះការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិ, គម្រោងសាងសង់, តម្រោងវិនិយោគលើវិស័យឧស្សាហកម្ម-សេវាកម្ម និងការបន្តកើនឡើងនូវផលិកម្មក្នុងស្រុក ស្របពេលដែលការនាំចេញបន្តមានកំណើនល្អ លើផលិតផលកាត់ដេរ និងផលិតផល មិនមែនកាត់ដេរ ដូចជា កង់, ខ្សែភ្លើងនិងបង្ខំខ្សែភ្លើង, គ្រឿងបង្គុំរថយន្ត និងផលិតផលផ្សេងៗមួយចំនួនទៀត ។

អតិផរណា និង អត្រាប្តូរប្រាក់ និងអតិផរណា ៖ មធ្យមប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ មានអត្រា ៤,៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះ សន្ទស្សន៍ថ្លៃសាច់ជ្រូកបានកើនឡើង ៥,៧%, ត្រី៤,៥%, ប្រេងម៉ាស៊ូត ៣៨,៥%, ប្រេងសាំងធម្មតា ១៣,៦% និងឧស្ម័ន (Gas) ១៦,៧% ។ ទន្ទឹមនេះ, អត្រាប្តូរប្រាក់ជាមធ្យមក្នុងរង្វង់ ៤ ០៩៥,២ រៀល/ ដុល្លារអាមេរិក បានកើនឡើង ០,៥% ។

ស្ថានភាពហិរញ្ញវត្ថុ សាធារណៈ ៖ នៅត្រីមាសទី៣ ឆ្នាំ២០២២ ការប្រមូលចំណូលសរុបអនុវត្តបានចំនួន ៥៧៨៨ . រឺលានរៀល (ស្មើ ២៦% នៃច្បាប់ថវិកាប្រចាំឆ្នាំ) បានកើនឡើង ៣៥,១% ក្នុងនោះ ចំណូលចរន្តសរុប ៥ ៧៧៤ ប៊ីលានរៀល បានកើនឡើង ៣៥,៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ។ កំណើននេះ គាំទ្រ ដោយពន្ធលើប្រាក់ចំណូលនិងប្រាក់ចំណេញ, ពន្ធលើទំនិញនិងសេវាប្រើប្រាស់, ពន្ធលើពាណិជ្ជកម្ម អន្តរជាតិ និងចំណូលមិនមែនពន្ធ តាមរយៈការបន្តពង្រីកមូលដ្ឋានពន្ធ, ការធ្វើទំនើបភាវូបនីយកម្ម,ការអនុវត្តវិធានការកែទម្រង់, និងនិន្នាការងើបឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ។ ជារួម កំណើនចំណូលនេះ បានធ្វើឱ្យថវិកាថរន្តមានអតិរេកចំនួន ១ ៦១២,២ ប៊ីលានរៀល ។ រីឯ, ចំណាយ សរុបអនុវត្តបាន ៥ ៧០៩,១ ប៊ីលានរៀល (ស្មើនឹង ១៨,៤% នៃច្បាប់ថវិកាប្រចាំឆ្នាំ) បានធ្លាក់ចុះ ១៤,៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ កន្លងទៅ ក្នុងនោះ ចំណាយចរន្តសរុបចំនួន ៤ ១៦១,៨ ប៊ីលានរៀល បានធ្លាក់ចុះ ៨, ៩% និងចំណាយមូលធន បានធ្លាក់ចុះ ២៦,៩% ដោយសារធ្វើ វិចារណកម្មចំណាយ ឈរលើគោលការណ៍រឹតបន្តឹងចំណាយមិនចាំបាច់នានា និងវិភាជថវិកាសម្រាប់ អនុវត្តឱ្យចំមុខសញ្ញាប្រកបដោយបុរេសកម្ម បន្តដោះស្រាយផលប៉ះពាល់នៃវិបត្តិជំងឺកូវី-១៩ ឱ្យបាន ទាន់ពេលវេលា ។

ស្ថានភាពរូបិយវត្ថុ និងឥណទាន ៖ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២, រូបិយវត្ថុទូទៅ (M2) សរុបមានចំនួន ១៦៩,៤ ទ្រីលានរៀល បានកើនឡើង១០,៧% ខណះទុនបម្រុងរូបិយបណ្ណបរទេសដុល សរុបមានចំនួន១៧,៧ ប៊ីលានដុល្លារ អាមេរិក បានធ្លាក់ចុះ ១០,៣% ធៀបនឹងរយះពេលដូចគ្នាឆ្នាំ២០២១ ។ ទន្ទឹមនេះ ឥណទានដែលផ្តល់ ដោយធនាគារពាណិជ្ជមានចំនួន ១៨៨,៨ ទ្រីលានរៀល បានកើនឡើង ២៤,៥% ដែលភាគច្រើន បានផ្តល់ជូនទៅគ្រឹះស្ថានមិនបម្រើសេវាហិរញ្ញវត្ថុ ។

ពាណិជ្ជកម្មក្រៅប្រទេស ៖ នៅត្រីមាសទី៣ ឆ្នាំ២០២២, ការនាំចេញទំនិញមានទឹកប្រាក់សរុបចំនួន ៥ ៦១៤,៦ លានដុល្លារ អាមេរិក បានកើនឡើង ៤,៨% និងការនាំចូលទំនិញមានទឹកប្រាក់សរុបចំនួន ៧ ៨៩៩,៥ លានដុល្លារ អាមេរិក បានកើនឡើង ២២,៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ។ បើមិនរាប់បញ្ចូលមាស, ការនាំចេញមានទឹកប្រាក់សរុបចំនួន ៥ ៥៦៧,៧ លានដុល្លារអាមេរិក បានកើនឡើង ៤,៣% ដែល បានគាំទ្រដោយការនាំចេញសម្លៀកបំពាក់, ស្បែកជើង, កាបូប, កង់, ខ្សែភ្លើងនិងបង្គុំខ្សែភ្លើង, គ្រឿងបង្គុំរថយន្ត និងផលិតផលផ្សេងៗមួយចំនួនទៀត ។ ទន្ទឹមនេះ ការនាំចូលមានទឹកប្រាក់សរុប ចំនួន ៦ ៣៥១,៨ លានដុល្លារអាមេរិក បានកើនឡើង ៩,២% ដោយសារការកើនឡើងនៃការនាំចូល ប្រេងឥន្ធនៈ; យានយន្ត, គ្រឿងអេឡិចត្រូនិក, គ្រឿងបង្គុំរថយន្ត និងគ្រឿងឧបភោគបរិភោគ ជាដើម ។

ទេសចរណ៍ ៖ នៅត្រីមាសទី៣ ឆ្នាំ២០២២, ភ្ញៀវទេសចរអន្តរជាតិសរុបមានចំនួន ៧៥៩ ០១០ នាក់ បានកើនឡើង ប្រមាណជា ២៦ ដង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ។ កំណើននេះ ដោយសារការបន្ធូរបន្ថយ នីតិវិធីធ្វើដំណើរពីបរទេស, ការពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំង, ការបង្កើតបាននូវភាពស៊ាំ សហគមន៍ ដែលបានអនុញ្ញាតឱ្យសកម្មភាពសង្គម-សេដ្ឋកិច្ច ដំណើរការឡើងវិញ និងត្រលប់ទៅរក និន្នាការធម្មតាក្នុងគន្លងប្រក្រតីភាពថ្មី ។

ការវិនិយោគ ឯកជន ៖ នៅត្រីមាសទី៣ ឆ្នាំ២០២២, គម្រោងវិនិយោគដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរុប ចំនួន ៥២ គម្រោង បានកើនឡើង ៥ គម្រោង ស្មើនឹង ១០,៦% និងទុនវិនិយោគសរុបចំនួន ៤៦០,៨ លានដុល្លារអាមេរិក បានកើនឡើង ១៨,៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ។ ជាការសង្គេត ការកើនឡើងនេះ គឺដោយសារកំណើនតម្រោងការវិនិយោគលើការផលិតបន្ទះសូឡា, ការសាងសង់ មន្ទីរពេទ្យ, ការដំឡើងរថយន្ត, គម្រោងអភិវឌ្ឍន៍តាមកោះ និងការពង្រីកគម្រោងមួយចំនួនទៀត ក្នុង តំបន់សេដ្ឋកិច្ចពិសេស ។

សំណង់ ៖ នៅត្រីមាសទី៣ ឆ្នាំ២០២២, ការអនុម័តលើសំណើតម្រោងសាងសង់ សរុបមានចំនួន ១១៧៥ តម្រោង បានកើនឡើង ១៤៧ តម្រោង ស្មើនឹង ១៤,៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ក្នុងនោះ ការកើនឡើង នៃតម្រោងប្រភេទសំណង់លំនៅឋានភូមិគ្រឹះ, សំណង់ឧស្សាហកម្ម, សំណង់ សាធារណះ(ថវិកាពីវិស័យឯកជន), និងសំណង់ផ្សេងៗ លើកលែងតែប្រភេទសំណង់ពាណិជ្ជកម្ម និង ទេសចរណ៍ ។ ទន្ទឹមនេះ វិស័យសំណង់ រំពឹងថានឹងងើបឡើងវិញ ក្នុងអត្រា ៣% នៅក្នុងឆ្នាំ២០២២នេះ ដោយសារកំណើនការផ្តល់ឥណទានលើវិស័យសំណង់ បានបន្តកើនឡើង ។

ថ្លៃទំនិញសំខាន់ៗ លើទីផ្សារអន្តរជាតិ ៖ នៅត្រីមាសទី៣ ឆ្នាំ២០២២នេះ, ថ្លៃទំនិញសំខាន់ៗលើទីផ្សារអន្តរជាតិ គិតជាមធ្យម ដូចជា ប្រេងឆៅ ៩៦,៤ ដុល្លារអាមេរិក/ ធុង បានកើនឡើង ៣៤, ៦%, អង្ករ ៤២៩, ៣ ដុល្លារអាមេរិក/ តោន បានកើនឡើង ៥,៨% ខណៈដែលមាស ១៨៩៣,៧ ដុល្លារអាមេរិក/ អោន បានធ្លាក់ចុះ ៣, ៥% និងកៅស៊ូ(TSP20) ១៤៤៧ ដុល្លារអាមេរិក/ តោន បានធ្លាក់ចុះ ១២,៥% ធៀបនឹងរយៈពេលដូច គ្នាឆ្នាំមុន ។ ទន្ទឹមនេះ សន្និស្សន៍ថ្លៃថាមពលគិតជាមធ្យម ១៦៥,៧ បានកើនឡើង ៦៦,១%, មិនមែន ថាមពល១១៦,១ បានកើនឡើង ៣,២% ខណះលោហធាតុមានតម្លៃ ១២៩,៥ បានធ្លាក់ចុះ ៦,៥% ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×