វីដេអូឃ្លីបមួយ ត្រូវបានរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកលេងហ្វេសប៊ុកជាច្រើននាក់ ដោយក្នុងវីដេអូឃ្លីបនោះ បានបង្ហាញអំពីសកម្មភាពវាយដំយ៉ាងចាស់ដៃពីសំណាក់បុរសជាឪពុក ទៅលើកូនប្រុសតូចរបស់គាត់ ព្រមទាំងស្រែកថា «កុំចេះតែលួចៗ» ។
សម្រាប់វីដេអូឃ្លីបនេះដែរ មិនត្រូវបានអ្នកណាម្នាក់ដឹងទេថា មានបញ្ហាអ្វីកើតឡើយ រវាងឪពុកកូនខាងលើ ប៉ុន្តែទោះជាយ៉ាងណា មហាជននៅតែថ្កោលទោសទៅលើឪពុកដែល ប្រើហិង្សាទៅលើកូនខណៈដែលគេនៅតូចនៅឡើយ ។
ទាក់ទងជាមួយគ្នានេះ តារាកំប្លែកដ៏ល្បីល្បាញនាយ ពាក់មី ក៏បានបង្ហាញមតិរបស់លោកខ្លះដែរ ពាក់ព័ន្ធនឹងករណីខាងលើដោយលោកបានឱ្យដឹងតាមរយៈសារលើទំព័រហ្វេសប៊ុករបស់លោកថា «ពិតជាតិរច្ឆានណាស់ កំហឹងបានអីមកវិញ? តើចិត្តមនុស្សដែលមានមេត្តាធម៍បានទៅណាអស់ហើយ? ហេតុអ្វីប្រើហឹង្សាដល់ក្មេងយ៉ាងនេះ? តើធ្វើនេះចង់បានអ្វី? ទោះជាកូនចុងកូនដើមក៏ដោយក៏មិនត្រូវបង្ហាញអំពើរលាមកថោកទាបបែបនេះដែរ កុំអោយអាប់យស ធ្លាក់ខ្លួនជាប់ទោសដោយសារហឹង្សា ! សូមកុំយកភ្លើងកំហឹងដុតរោលសេចក្តីខ្លួនឯងធ្វើអី» ។
គួរបញ្ជាក់ថា ក្រៅពីនាយ ពាក់មី ក៏នៅមានបងប្អូនខ្មែរជាច្រើននាក់ទៀតដែរ ដែលមិនពេញចិត្តចំពោះទង្វើនេះ ៕ សាវុធ