ភ្នំពេញ ៖ បើតាមទំព័រ Facebook របស់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ ឱ្យដឹងថា ស្ពានដែកបេឡេឫស្សីកែវ ដែលត្រូវបានផ្អាកដំណើរការមួយរយៈខ្លី ហើយត្រូវបានជួសជុលឡើងវិញដោយសារសាឡង់បើកបុក បោកផ្ទប់ បណ្ដាលឱ្យប៉ះពាល់សសរស្ពានកន្លងមកនោះ ឥឡូវនេះ ដាក់ឲ្យយានយន្តធ្វើចរាចរជាធម្មតាឡើងវិញហើយ ចាប់ពីម៉ោង៥ល្ងាច ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២នេះតទៅ។
ការដាក់ឲ្យដំណើរការស្ពានដែកបេឡេឫស្សីកែវនេះ គឺបន្ទាប់ពីបានជួសជុលយ៉ាងយកចិត្តទុកដាក់ និងបានធ្វើតេស្តិ៍សុវត្ថិភាពរួចរាល់ ដូច្នេះចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៧៖០០តទៅ ស្ពានដែកបេឡេនេះ ត្រូវបានដាក់ឲ្យយានយន្តធ្វើចរាចរជាធម្មតាឡើងវិញ, សូមអញ្ជើញសាធារណជនធ្វើដំណើរតាមស្ពានបេឡេនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរ លើស្ពានជ្រោយចង្វារ។

សូមបញ្ជាក់ថា ស្ពានដែកបេឡេនេះតភ្ជាប់ពីផ្លូវជាលេខ៥ តំបន់ឫស្សីកែវ ឆ្ពោះទៅទីក្រុងរណបជ្រោយចង្វារ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២
បន្ទាប់ពីស្ពាននេះ ត្រូវសាឡង់ដឹកខ្សាច់មួយគ្រឿង បានបើកបុក និងបោកផ្ទប់ជាមួយនឹងសសរស្ពាន បណ្ដាលឱ្យមានការខូចខាចទ្រង់ទ្រាយមួយចំនួន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN



