ភ្នំពេញ៖ នៅឆ្នាំ ២០២៣ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងផ្តល់ថវិកាបន្ថែមចំនួន ១០០លានដុល្លារដល់ធនាគារ SME។ ការបញ្ចេញទុនបន្ថែមប្រមាណ ១០០លានដុល្លារអាមេរិក ទៅដល់ធនាគារសហគ្រាសធុនតូច និងមធ្យម (SME) គឺដើម្បីពង្រីកវិសាលភាពនៃការផ្តល់កម្ចីរបស់ខ្លួនទៅដល់វិស័យ SMEs នៅក្នុងស្រុកឱ្យកាន់តែទូលំទូលាយ និងដើម្បីធ្វើឲ្យវិស័យនេះអាចមានលទ្ធភាពពង្រឹងពង្រីកខ្លួនកាន់តែរឹងមាំ ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិក្រោយវិបត្តិកូវីដ១៩។

ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ផ្សព្វផ្សាយជាសាធារណៈអំពីសមិទ្ធផលនៃការអនុវត្តគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

មន្រ្តីក្រសួងសេដ្ឋកិច្ចរូបនេះ បានលើកឡើងថា ប្រសិនបើសេដ្ឋកិច្ចនៅជួបការលំបាក ប្រសិនបើមានតម្រូវការអន្តរាគមន៍បន្ថែមពីរាជរដ្ឋាភិបាលដើម្បីទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច និងសកម្មភាពធុរកិច្ចរបស់សហគ្រាសធុនតូច និងមធ្យម នោះធនាគារ SME នឹងដាក់ឱ្យអនុវត្តនូវគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ៣ (SCFS III) បន្តទៀត បន្ទាប់ពីជំហានទី ២ បានបញ្ចប់កាលពីខែកញ្ញា ឆ្នាំ ២០២២ ដើម្បីជួយសហគ្រាសធុនតូច និងមធ្យមឱ្យមានលទ្ធភាពពង្រឹងអាជីវកម្មឡើងវិញ ក្រោយវិបត្តិកូវីដ ១៩។

បើយោងតាមលោក លឹម អូន អគ្គនាយកធនាគារ SME បានឲ្យដឹងថា ធនាគារ SME បានបញ្ចេញឥណទានប្រមាណ ៤១៨ លានដុល្លារដល់សហគ្រាសធុនតូច និងមធ្យមជាង ៣១៨៥សហគ្រាស ក្នុងការបន្តនិរន្តរភាពបើកអាជីវកម្មឡើងវិញ និងពង្រីកអាជីវកម្មផងដែរ។

គួរបញ្ជាក់ថា មន្រ្តីរាជរដ្ឋាភិបាល សង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានហិរញ្ញវត្ថុឯកជនទាំងអស់ ក៏ដូចជាភាគីពាក់ព័ន្ធ នឹងបន្តចូលរួមគាំទ្រគោលនយោបាយហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលឱ្យកាន់តែសកម្មបន្ថែមទៀត៕