ភ្នំពេញៈ “នៅឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជានឹងរៀបចំការបោះឆ្នោតសភាលើកទី៧។ ការបោះឆ្នោតឆ្នាំ២០២៣ នឹងក្លាយជាការបោះឆ្នោតដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដោយសារការផ្ទេរអំណាចអាចនឹងប្រព្រឹត្តទៅ ហើយលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ អាចនឹងត្រូវបានប្រើប្រាស់ដោយប្រព័ន្ធផ្សព្វផ្សាយ បស្ចិមប្រទេសមួយចំនួន ដើម្បីពិពណ៌នាឬលាបពណ៌អំពីប្រទេស កម្ពុជាផងដែរ។ ក្នុងន័យនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមានតួនាទីសំខាន់ណាស់ ក្នុងការនាំរូបភាពពិតអំពីកម្ពុជា ទៅកាន់អ្នកបោះឆ្នោត ក៏ដូចជាពិភពលោកទាំងមូល”។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានស្តីពី « តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា» ដែលរៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយក្លិបអ្នកកាសែតកម្ពុជានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត គិន ភា បានបន្តថា ទោះបីជាកម្ពុជាបានរៀបចំការបោះឆ្នោតសភាចំនួន៦លើករួចមកហើយ ក្តី ប៉ុន្តែការបណ្តុះបណ្តាលនិងអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មានអំពីការយកព័ត៌មានពាក់ព័ន្ធ នឹង បោះឆ្នោត មិនសូវបានរៀបចំឡើងនោះទេ ជាពិសេសក្នុង បរិបទនៃការប្រកួតប្រជែង ខាងភូមិសាស្ត្រនយោបាយរវាងមហាអំណាច ។ ក្នុងបរិបទនេះហើយ ទើប វិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងក្លិបអ្នកកាសែត កម្ពុជា សហការគ្នារៀបចំ សិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មាន ស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា» នេះឡើង។
លោកបណ្ឌិត គិន ភា បានបន្តទៀតថា សិក្ខាសាលាបណ្តុះបណ្តាលនេះមានគោលបំណងដូចខាងក្រោម ៖
• លើកកម្ពស់ការយល់ដឹងរបស់អ្នកសារព័ត៌មានអំពី ក្របខណ្ឌច្បាប់ នីតិវិធី ប្រព័ន្ធ និងដំណើរការនៃបោះឆ្នោតនៅ កម្ពុជា និង តួនាទី និងក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការរាយការណ៍ព័ត៌មានបោះឆ្នោត។
• លើកកម្ពស់សមត្ថភាពវិភាគបរិបទនិងដំណើរការ បោះឆ្នោតនៅកម្ពុជា។

• លើកកម្ពស់សមត្ថភាពវិភាគពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច មជ្ឈភាពអាស៊ាន និងការបោះឆ្នោត។
• ចែករំលែកឧត្តមានុវត្តពាក់ព័ន្ធនឹងការចូលរួមនយោបាយ និងការចូលរួមការបោះឆ្នោតដោយសហគមន៍ពហុវប្បធម៌។
• លើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មានអាជីពក្នុងការវិភាគនិងស៊ើបអង្កេតព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោត ។
• រួមចំណែក លើកកម្ពស់សុខដុមរមនា សន្តិភាព ការអភិវឌ្ឍ និងបរិយាបន្ន នៅកម្ពុជា។
• រួមចំណែកប្រឆាំងនឹង ព័ត៌មានបំភ្លៃ (Manipulation) ព័ត៌មានភាន់ច្រឡំ (Misinformation) ព័ត៌មានក្លែងបន្លំ (Disinformation) និងសេណារីយ៉ូដែលគេបង្កើតឡើង (Invented scenarios) សម្រាប់របៀបវារៈនយោបាយ លាក់កំបាំងនិងបើកចំហណាមួយពីមហាអំណាចខាងក្រៅ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

