Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមអឺរ៉ុប បើកកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់មន្ត្រីកសិកម្មឃុំ ស្តីពីផលិតកម្មស្វាយចន្ទី និងម្រេចប្រកបដោយចីរភាព

ភ្នំពេញ ៖ សេចក្ដីប្រកាសព័ត៌មានរួមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និង ក្រុមអឺរ៉ុប ស្តីពីការបើកកម្មវិធី បណ្ដុះបណ្តាលគ្រូបង្គោល (ToT) សម្រាប់មន្ត្រីកសិកម្មឃុំ ស្តីពីផលិតកម្មស្វាយចន្ទី និងម្រេចប្រកបដោយចីរភាព។

ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តកំពង់ធំ ប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា(EU) ស្ថានទូតអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បាន បើកកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល (ToT) ជាផ្លូវការ ដែលផ្តោតសំខាន់លើការពង្រឹងសមត្ថភាព របស់មន្ត្រីកសិកម្មឃុំ (CAOs) និងកសិករគំរូដើម្បីលើកកម្ពស់ផលិតកម្មស្វាយចន្ទី និងម្រេចដែល ធន់នឹងអាកាសធាតុ។

កម្មវិធីនេះបានរៀបចំឡើងដោយមានសមាជិកចូលរួមសរុប ១៦៩ នាក់ រួមមាន មន្ត្រីកសិកម្មឃុំ (CAOs) កសិករគំរូ មន្ត្រីរាជការ ដៃគូអភិវឌ្ឍន៍ និង តំណាងវិស័យឯកជន។ កម្មវិធីបណ្តុះបណ្តាល នេះផ្ដល់ឱ្យមន្ត្រីកសិកម្មឃុំ (CAOs) នូវជំនាញបច្ចេកទេស និងជំនាញសម្របសម្រួលស្របតាម លក្ខខណ្ឌដំណាំនៅក្នុងស្រុក ក៏ដូចជាការអនុវត្តការគ្រប់គ្រងត្រឹមត្រូវក្រោយការប្រមូលផល ដែល
ទាំងនេះនឹងជួយបំពេញតម្រូវការផ្សេងៗរបស់កសិករឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន សង្កត់ធ្ងន់ទៅលើតួនាទីសំខាន់ៗរបស់មន្ត្រីកសិកម្មឃុំ (CAOs) ថា “កម្មវិធីបណ្តុះបណ្តាលនេះនឹង ជួយពង្រឹងសមត្ថភាពប្រតិបត្តិការរបស់មន្ត្រីកសិកម្មឃុំ (CAOs) ក្នុងការផ្តល់សេវាផ្សព្វផ្សាយ កសិកម្មឱ្យមានប្រសិទ្ធភាព។ កម្មវិធីនេះនឹងជួយឱ្យពួកគាត់មានលទ្ធភាពណែនាំកសិករក្នុងការ អនុវត្តកសិកម្មដែលធន់នឹងអាកាសធាតុ សំដៅជំរុញផលិតភាព និងប្រាក់ចំណេញ ហើយទន្ទឹមនឹង នេះក៏នឹងជួយដល់ការអភិវឌ្ឍសហគមន៍កសិកម្មទំនើបផងដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺ ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសអាទិភាពទី ៦ ស្តីពីការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។”

លោក ប្រាយអ៊ិន ហ្វរណារី (Bryan Fornari) ប្រធានកិច្ចសហប្រតិបត្តិការ ប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា(EU) បានកត់សម្គាល់ថា៖ “ការការពារបរិស្ថាន និងសុវត្ថិភាពចំណីអាហារ គឺជាចំណុច អាទិភាពនៅក្នុងការចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប (EU) និងទីផ្សារពិភពលោកដទៃទៀត។ ការ ពង្រឹងសមត្ថភាពក្នុងស្រុកនឹងជួយឱ្យប្រទេសកម្ពុជាបង្កើនការនាំចេញផលិតផលស្វាយចន្ទី និង ម្រេចកែច្នៃដែលមានគុណភាពខ្ពស់។ ក្រុមអឺរ៉ុបនៅតែបន្តប្តេជ្ញាចិត្តគាំទ្រការងារនៅតាមជនបទ និងកំណើនផលិតផលប្រកបដោយចីរភាពដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍បរិយាបន្ន កសិកម្មទូទាំងប្រទេស។”

បន្ថែមលើនេះទៅទៀត ប្រទេសអាល្លឺម៉ង់ក្នុងភាពជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង (MAFF) ប្ដេជ្ញាចិត្តក្នុងការជំរុញភាពធន់ក្នុងការបង្កើនសន្តិសុខស្បៀង និងគាំទ្រដល់ កំណើនបរិយាបន្នសេដ្ឋកិច្ចតាមរយៈគំនិតផ្តួចផ្តើមកសិកម្មប្រកបដោយចីរភាពដែលជះឥទ្ធិពលជា
វិជ្ជមានដល់សហគមន៍ទូទាំងប្រទេសកម្ពុជា។
គំនិតផ្ដួចផ្ដើមក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល (ToT) គាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុង ការអភិវឌ្ឍសហគមន៍កសិកម្មដែលធន់នឹងអាកាសធាតុ តាមរយៈការពង្រឹងប្រព័ន្ធផ្សព្វផ្សាយ កសិកម្មសាធារណៈ។ ការគាំទ្រក្នុងស្រុកប្រកបដោយប្រសិទ្ធភាព គឺជាចំណុចគន្លឹះនៅក្នុងការដោះ ស្រាយបញ្ហាប្រឈមរបស់កសិករ រួមទាំងការទទួលហិរញ្ញប្បទាន ការប្រឹក្សាបច្ចេកទេស និងបណ្តាញទីផ្សារ។

គំនិតផ្ដួចផ្ដើមនេះ គឺជាផ្នែកមួយនៃវិធីសាស្ត្រដ៏ទូលំទូលាយរបស់ក្រុមអឺរ៉ុបដែលមានទាំងជំនួយ បច្ចេកទេស ការកសាងសមត្ថភាព និងការសម្របសម្រួលទីផ្សារដើម្បីជំរុញខ្សែចង្វាក់តម្លៃកសិកម្ម ប្រកបដោយនិរន្តរភាពដោយគ្មានការកាប់បំផ្លាញព្រៃឈើ។ តាមរយៈការពង្រឹងសេវាផ្សព្វផ្សាយ
កសិកម្មបន្ថែមរបស់រាជរដ្ឋាភិបាល ក្រុមអឺរ៉ុបស្របតាមគោលនយោបាយជាតិរបស់កម្ពុជា នឹងរួម ចំណែកដល់ការអភិវឌ្ឍជនបទប្រកបដោយបរិយាបន្ន និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងលើការនាំចេញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×