ភ្នំពេញ៖ មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនរបស់ស្ថានីយទូរទស្សន៍ CTN ទទួលបានថវិកាពីសប្បុរសជនសរុបជាង ៥០០,២១៦ដុល្លារអាមេរិក។
តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អ្នកឧកញ៉ា គិត ម៉េង និងលោកស្រី បានដឹកនាំ និងជំរុញការរៀបចំបង្កើតមូលនិធិ ដោយមានការចូលរួមពីសមាគមសិល្បករខ្មែរ, ក្រុមហ៊ុនសែលកាត និងធនាគារវឹង ដោយបានបង្កើតមូលនិធិស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដើម្បីកៀរគរថវិកាពីសប្បុរសជននានា និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមដោយស្ម័គ្រចិត្ត បានថវិការហូតចំនួន ៥០០,២១៦ដុល្លារអាមេរិក។
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យអ្នកឧកញ៉ា គិត ម៉េង និងលោកស្រី ដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសម និងប្រគល់ថវិកាទាំងអស់នេះជូនសម្តេច។
សម្តេចប្រមុខរាជរដ្ឋាភិបាល ចាត់ទុកថវិកាបានពីមូលនិធិនេះ ជាទឹកចិត្ត និងជាកម្លាំងសាមគ្គីរបស់ពលរដ្ឋខ្មែរគ្រប់ទិសទី រួមជាមួយរាជរដ្ឋាភិបាល ជួយគាំទ្រដល់វីរកងទ័ព ដែលកំពុងឈរជើងយ៉ាងអង់អាចការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី៕ រក្សាសិទ្ធដោយ៖សុទ្ធលី









