Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ តើត្រូវមើលថែទាំខ្លួនយ៉ាងណា នៅពេលកើតជំងឺក្រពះ?

ដោយសារតែសង្គមបច្ចុប្បន្ន ពោរពេញដោយការប្រកួតប្រជែង ធ្វើឱ្យការរស់នៅរបស់យើងគ្រប់គ្នាពី ១ថ្ងៃទៅ១ថ្ងៃ ត្រូវតែប្រញាប់រូតរះទៅតាមនោះដែរ និងទាំងអស់នេះហើយ ដែលជាហេតុធ្វើឱ្យសុខភាពរបស់មនុស្សនៅក្នុងសង្គម កាន់តែយ៉ាប់យ៉ឺនឡើងៗ ហើយបញ្ហាខាងសុខភាព ដែលជួបប្រទះញឹកញាប់នោះគឺ ការកើតដំបៅក្នុងក្រពះ ឬនៅគល់ពោះវៀនតូច ដែលជាទូទៅយើងតែងនាំគ្នាហៅថា “ជំងឺក្រពះ”។

ជំងឺក្រពះ ជាជំងឺមួយដែលគេជួបប្រទះញឹកញាប់ វាហាក់ដូចជាថា មនុស្សទូទៅ នឹងមានឱកាសកើតជំងឺនេះនៅពេលណាមួយនៃជីវិតគ្រប់ៗគ្នា។ ការកើតដំបៅក្នុងក្រពះ ច្រើនរកឃើញនៅលើមនុស្សវ័យកណ្តាល ខណៈដែលការកើតដំបៅនៅផ្នែកគល់នៃពោះវៀនតូច ច្រើនជួបប្រទះនៅលើមនុស្សវ័យកំលោះក្រមុំ តែយ៉ាងណាក៏ដោយ ការកើតដំបៅនៅក្នុងក្រពះ ឬដំបៅនៅគល់ពោះវៀនតូច អាចកើតឡើងបាននៅលើមនុស្សគ្រប់ភេទ និងគ្រប់វ័យ។

ឯមូលហេតុ គឺបណ្តាលពីការហូរចេញមកនៃអាស៊ីតក្នុងក្រពះ ច្រើនជ្រុលពេក រួមជាមួយការទប់ទល់នឹងអាស៊ីតរបស់សាច់ភ្នាសក្រពះ និងពោះវៀនដែលថយចុះ ទើបធ្វើឱ្យមានដំបៅកើតឡើង និងបច្ចុប្បន្នគេនៅរកឃើញទៀតថា មានបច្ច័យបន្ថែមផ្សេងទៀតជាច្រើន ក៏អាចធ្វើឱ្យកើតជំងឺក្រពះបានដែរ។

អាការរបស់ជំងឺក្រពះ ច្រើនតែមានអាការឈឺផ្សារ ឈឺអួល ចុកណែននៅម្តុំចុងដង្ហើម។ អាការឈឺចុកទាំងនេះ អាចកើតឡើងទាំងមុនពេលញ៉ាំអាហារ ឬក្រោយពេលញ៉ាំអាហាររួចថ្មីៗ និងពេលពោះទំនេរ ដូចជា ពេលឃ្លានបាយ ពេលព្រឹកព្រលឹម ឬពេលយប់ជ្រៅ ក៏អាចឈឺចុកបានដូចគ្នា។ អាការឈឺបាត់ ឈឺបាត់ កើតឡើងក្នុង ១ថ្ងៃច្រើនដង ឬតាមពេលបាយ និងពេលឈឺចុកម្តងៗ យូរប្រមាណជា ១៥-៣០នាទី ហើយអាការនឹងធូរស្រាលទៅវិញ នៅពេលបានញ៉ាំអាហារ ញ៉ាំទឹកដោះគោ ឬញ៉ាំថ្នាំបញ្ចុះជាតិអាស៊ីតក្នុងក្រពះ។

ការមើលថែទាំខ្លួន
១.ទទួលទានអាហារឱ្យទៀងពេល
២.ទទួលទានអាហារណា ដែលក្រពះងាយស្រួលរំលាយ និងគួរទំពាឱ្យម៉ដ្ឋ មុននឹងលេបចូលទៅក្នុងក្រពះ
៣.ចៀសវាងពីទង្វើ ដែលធ្វើឱ្យឈឺក្រហាយក្រពះ ដូចជា លេបថ្នាំបំបាត់ការឈឺចាប់សន្លាក់ ថ្នាំអាស្ពីរីន ភេសជ្ជៈដែលមានជាតិហ្គាស អាហារដែលមានរសជាតិហឹរខ្លាំង ប្រៃខ្លាំង និងជូរខ្លាំង និងភេសជ្ជៈដែលមានជាតិអាល់កុល និងកាហ្វេអ៊ីន ដូចជា សូកូឡា តែ កាហ្វេ ជាដើម
៤.តមជក់បារី
៥.អាហារដែលត្រូវទទួលទានក្នុង ១ពេលៗ មិនគួរមានបរិមាណច្រើនជ្រុលពេកទេ
៦.បើមានអារម្មណ៍ថា ធុញថប់តានតឹង ចូរព្យាយាមកាត់បន្ថយ តាមរយៈការមើលកុន ស្តាប់ចម្រៀង ធ្វើសមាធិ ហ្វឹកហាត់សម្រួលសាច់ដុំ ជាដើម
៧.គេងសម្រាកឱ្យបានគ្រប់គ្រាន់
៨.ឧស្សាហ៍ហាត់ប្រាណ
៩.ទទួលទានថ្នាំបញ្ចុះអាស៊ីតក្នុងក្រពះ ថ្នាំទឹក ១-២ស្លាបព្រាបាយ ឬថ្នាំគ្រាប់ ១-២គ្រាប់ ទំពាមុនលេប ក្នុង ១ថ្ងៃ ៤ដង ព្រឹក ថ្ងៃ ល្ងាច ក្រោយពេលបាយ ១ម៉ោង និងមុនចូលគេង។ ករណីមានអាការចុកពោះមុនពេលត្រូវញ៉ាំថ្នាំ អាចញ៉ាំបន្ថែមបាន និងគួរទទួលទានថ្នាំឱ្យបានទៀងទាត់ យ៉ាងហោចណាស់ ៤-៨សប្តាហ៍។
១០.បើប្រតិបត្តិតាមចំណុចខាងលើហើយ អាការនៅតែមិនប្រសើរឡើងនោះ គួរទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យវិនិច្ឆ័យរោគ ឱ្យបានច្បាស់លាស់៕

Woman offering small snack on banquet
Doctor Treating Male Patient Suffering With Depression
×