ប៉ោយប៉ែត ៖ បើកឆាកឆ្នាំថ្មីនាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ភ្លាម ស្រាប់តែប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតប្រមាណជាង ១០០គ្រួសារ បានចេញមកទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធ ផ្អាកនីតិវិធីចុះវាស់វែងដីធ្លី ដើម្បីចុះបញ្ជីនៅភូមិសាស្រ្ត ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យ៉ាងអង់អាចតែម្ដង បន្ទាប់ពីពួកគាត់ទទួលបានព័ត៌មានថា ដីលំនៅឋានរបស់ពួកគាត់ស្ថិតក្នុងតំបន់ដែលត្រូវកាត់យកតាមអំណាច សជណ.មយ លេខ៦១៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី, រឿងនេះពួកគាត់ថា អយុត្តិធម៌ណាស់ ព្រោះពួកគាត់រស់នៅទីនេះច្រើនឆ្នាំណាស់មកហើយ ហេតុម្ដេចត្រូវកាត់ដីរបស់ពួកគាត់ឲ្យទៅគេផ្សេងទៅវិញ គឺកាត់ឱ្យមនុស្សតែពីរនាក់ទៅទៀត ដែលមិនមែនជាអ្នករស់នៅទីនោះសោះ?!

ក្រោយទទួលបានលិខិតលេខ៦១៤ សជណ.មយ បង្គាប់ឲ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ និងស្ថាប័នពាក់ព័ន្ធនានាចុះវាស់វែងលើដីទំហំចំនួន ១៤៣,២០២ម៉ែត្រក្រឡា (ជាង១៤ហិកតា) មានទីតាំងស្ថិតនៅ ភូមិស្ទឹងបត់ សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីប្រគល់ដីទាំងអស់នេះឱ្យទៅឈ្មោះ ហេង ពៅ និងឈ្មោះ សាយ សុធុល ដែលធ្វើឱ្យប៉ះពាល់ដីប្រជាពលរដ្ឋប្រមាណជាង ១០០គ្រួសារ ដែលធ្លាប់រស់នៅបង្កបង្កើនផលច្រើនឆ្នាំនោះពួកគាត់បានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ទៅភាគីពាក់ព័ន្ធជាបន្តបន្ទាប់ ស្នើសុំឲ្យផ្អាកការអនុវត្តនេះ ព្រោះសេចក្តីសម្រេចនេះ បានបង្កផលប៉ះពាល់លើដីដែលពលរដ្ឋកំពុងរស់នៅ និងកាន់កាប់ស្របច្បាប់យូរឆ្នាំមកហើយ។

មានន័យថាមពួកគាត់មិនសុខចិត្តទេ ព្រោះវាអយុត្តិធម៌ត្រង់ថាដណ្ដើមយកដីពីប្រជាពលរដ្ឋប្រមាណជាង ១០០គ្រួសារ ដែលធ្លាប់រស់នៅ និងអាស្រ័យផលយូរឆ្នាំ ទៅប្រគល់ឲ្យមនុស្សតែពីរនាក់ គឺឈ្មោះ ហេង ពៅ និងឈ្មោះ សាយ សុធុល ដែលពីរនាក់នេះ គេមិនដែលស្គាល់ និងមិនដែលមានឈ្មោះរស់នៅទីនេះជាប្រចាំនោះទេ។
ពលរដ្ឋដែលរងផលប៉ះពាល់ដោយការអនុវត្តលិខិតលេខ៦១៤ សជណ.មយ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានដាក់ពាក្យសុំអន្តរាគមន៍ទៅកាន់ស្ថាប័នពាក់ព័ន្ធយ៉ាងតិចចំនួន ៥ , នេះបើតាមឯកសារដែលមជ្ឈមណ្ឌលព័ត៌មាន CEN ទទួលបាន។
សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ទៅសាលាក្រុងប៉ោយប៉ែត និងរដ្ឋបាលខេត្តបន្ទាយមានជ័យ សុំឲ្យផ្អាកការអនុវត្តលិខិតលេខ ៦១៤ សជណ.មយ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ព្រោះថា លិខិតនេះចេញមក គឺកាត់ដីយកតែម្ដង, មិនបានចុះមកជួបជុំជាមួយប្រជាពលរដ្ឋ ដើម្បីស្រាវជ្រាវ ឬពិនិត្យមើលទាំងអស់គ្នានោះទេ។
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំផ្អាកការអនុវត្ត សជណ.មយ ដើម្បីចុះមកស្រាវជ្រាវជួបជុំគ្នាជាមួយប្រជាពលរដ្ឋសិន និងពិនិត្យមើលទីតាំងជាក់ស្ដែង។
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ទៅប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ សុំផ្អាកការអនុវត្ត ដើម្បីចុះមកស្រាវជ្រាវជួបជុំគ្នាជាមួយប្រជាពលរដ្ឋសិន និងពិនិត្យមើលទីតាំងជាក់ស្ដែង។

ចុងក្រោយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ពលរដ្ឋបានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ សុំផ្អាកការអនុវត្តលិខិតលេខ ៦១៤ សជណ.មយ ដោយស្នើដោយទទួចឲ្យភាគីពាក់ព័ន្ធបង្កើតគណៈកម្មាការចុះស្រាវជ្រាវលើទីតាំងដីជាក់ស្តែង និងចុះពិនិត្យឯកសារកាន់កាប់ដីធ្លី ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ដល់ពួកគាត់។
ពាក្យបណ្តឹងសុំអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ តែងបានអះអាងប្រាប់ថ្នាក់ដឹកនាំថា ប្រជាពលរដ្ឋទាំងជាង ១០០គ្រួសារ បានទិញដីស្របច្បាប់ចំនួនៈ ៧៥ក្បាលដី មានទំហំសរុបចំនួន ៣១,៥៤៧.៧៥ ម៉ែត្រការ៉េ ដែលការទិញលក់នេះមានឯកសារលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីត្រឹមត្រូវតាមច្បាប់ និងបានបង់ពន្ធប្រថាប់ត្រាជូនរដ្ឋ ព្រមទាំងបានកាន់កាប់ ប្រើប្រាស់ អាស្រ័យផលលើដីទាំងអស់នេះជាក់ស្តែង តាំងពីពេលទិញរហូតមកដល់បច្ចុប្បន្ន។ លិខិតបន្ថែមឲ្យដឹងថាទីតាំងដីនេះ ប្រជាពលរដ្ឋបានធ្វើរបងព្រំដី ចាក់ដី និងធ្វើផ្ទះរស់នៅរួចហើយ សូមថ្នាក់ដឹកនាំមកពិនិត្យទីតាំងជាក់ស្តែង។

សូមបញ្ជាក់ថា លិខិតលេខ ៦១៤ សជណ.មយ ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានបង្គាប់ឱ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ចុះបញ្ជីដីធ្លីតាមអំណាចសាលក្រមស្ថាពរ លេខ១៦ “ក” ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ឱ្យទៅឈ្មោះ ហេង ពៅ និងឈ្មោះ សាយ សុធុល កាន់កាប់ជាកម្មសិទ្ធិ, និងបង្គាប់ឲ្យក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធត្រូវបិទបញ្ចប់ការបកស្រាយ និងការប្រើប្រាស់កិច្ចសន្យា ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៨ និងកិច្ចសន្យាចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ២០០៨។
ប្រជាពលរដ្ឋលើកឡើងថា ជាការកត់សម្គាល់ សិទ្ធិកាន់កាប់អចលនទ្រព្យ (ដីធ្លី) នៅភូមិសាស្រ្តភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ តែងមានទំនាស់ដ៏ចម្រូងចម្រាស់ជាច្រើនបានកើតឡើង នៅអំឡុងឆ្នាំ២០០៨ រវាងឈ្មោះ ហេង ពៅ ឈ្មោះ សាយ សុធុល និងឈ្មោះ ហង្ស ម៉ៅ ជាមួយពលរដ្ឋនៅក្នុងតំបន់។
ប្រជាពលរដ្ឋដែលអះអាងថា ខ្លួនកំពុងទទួលរងភាពអយុត្តិធម៍ ដោយអំណាច លិខិតលេខ៦១៤ សជណ.មយ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដូច្នេះហើយ បានជាពួកគាត់អំពាវនាវទៅកាន់ថ្នាក់ដឹកនាំកំពូល និងស្ថាប័នកំពូលៗ ស្នើសុំ កុំឱ្យមន្ត្រីបន្តចុះអនុវត្តដោយបិទមាត់ និងបិទភ្នែក ព្រោះ សកម្មភាពអយុត្តិធម៍នេះ នឹងជះឥទ្ធិពលដល់កិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែគិតគូ និងជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋស្លូតត្រង់។
ប្រជាពលរដ្ឋមិនលោភលន់ទេ បើភាគីណាមួយចង់បានយុត្តិធម៌ គឺត្រូវតែចុះទៅពិនិត្យមើលស្ថានភាពទីតាំងដីជាក់ស្ដែងជាមួយប្រជាពលរដ្ឋ ហើយបង្ហាញឯកសារផ្លូវការច្បាស់លាស់ ទើបនោះជាការត្រឹមត្រូវ និងយុត្តិធម៌៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









