ភ្នំពេញ៖ ស្របពេលដែលទីផ្សារបញ្ជាទិញធំៗ ដូចជា សហរដ្ឋអាមេរិក និងអឺរ៉ុប កំពុងប្រឈមនិងកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា នៅឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ បានបង្ហាញពីកំណើនក្នុងអត្រាកម្រិតទាប។

ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ប្រទេសកម្ពុជា បាននាំចេញសម្លៀកបំពាក់ និងស្បែកជើងនៅ ឆ្នាំ២០២២ មានតម្លៃទឹកប្រាក់សរុប ១០,៩១ ពាន់លានដុល្លារ កើនឡើង ៥,៧១ ភាគរយ បើធៀបនឹងឆ្នាំ ២០២១។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប គឺជាទីផ្សារនំាចេញធំបំផុតសម្រាប់មុខទំនិញកម្ពុជា ក្នុងនោះរួមបញ្ចូលទាំងផលិតផលសម្លៀកបំពាក់ និងស្បែកជើងផងដែរ។ បច្ចុប្បន្នទីផ្សារធំៗទាំងពីរនេះ កំពុងប្រឈមនឹងសម្ពាធអតិផរណាខ្ពស់ និងវិបត្តិថាមពលនៅក្នុងតំបន់អឺរ៉ុប គ្រាដែលប្រទេសលោកខាងលិចព្យាយាមបង្កើនទណ្ឌកម្មប្រឆាំងរុស្ស៊ី ដែលឈ្លានពានប្រទេសអ៊ុយក្រែន។ ដូច្នេះកត្តាទាំងនេះ អាចបង្កផលប៉ះពាល់ដល់តម្រូវការបញ្ជាទិញមានការធ្លាក់ចុះ ជាពិសេសក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

ជាមួយគ្នានេះទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានឲ្យដឹងផងដែរថា ក្នុងរយៈពេល ៣ខែចុងក្រោយនេះ ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ ២០២២ ប្រទេសកម្ពុជា បាននាំចូលទំនិញជារួមពីចិន ធ្លាក់ចុះដល់ទៅជាង ១២%។ ប្រទេសចិន ជាប្រភពវិនិយោគ និងផ្គត់ផ្គង់វត្ថុធាតុដើមវាយនភណ្ឌកាត់ដេរ និងស្បែកជើងដ៏ធំបំផុតរបស់កម្ពុជា សម្រាប់បម្រើឲ្យរោងចក្រ សហគ្រាសនៅក្នុងស្រុក។

យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា ស្ថានភាពសេដ្ឋកិច្ចនៅឆ្នាំ ២០២៣នេះ នឹងមានភាពយ៉ាប់យ៉ឺនជាងឆ្នាំមុន ដោយសារតែសេដ្ឋកិច្ចធំៗទាំងបី គឺសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិន សុទ្ធតែកំពុងធ្លាក់ចុះក្នុងពេលដំណាលគ្នា។ ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចសកល នៅឆ្នាំ២០២៣នេះ ឆ្លុះបញ្ចាំងពីការអូសបន្លាយពីសង្រ្គាមនៅអ៊ុយក្រែន សម្ពាធអតិផរណា និងអត្រាការប្រាក់ខ្ពស់ ដែលបង្កើតឡើងដោយធនាគារកណ្តាលដូចជា ធនាគារកណ្តាលអាមេរិក ដែលមានបំណងធ្វើឲ្យសម្ពាធតម្លៃទាំងនោះធ្លាក់ចុះមកវិញ។ ការរាតត្បាតនៃជំងឺកូវីដ១៩ និងវិបត្តិវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន ទំនងជានឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសនេះបន្ថែមទៀតនៅឆ្នាំ២០២៣នេះ ដែលអូសទាញទាំងកំណើនក្នុងតំបន់ និងពិភពលោកដែរ៕
