Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ បើកូនចេះកុហក តើត្រូវអប់រំ និងបង្រៀនគេយ៉ាងណាឱ្យល្អឡើងវិញ

នៅពេលកូនតូចដ៏គួរឱ្យស្រឡាញ់របស់យើងក្នុងថ្ងៃនេះ ផ្លាស់ប្តូរលែងគួរឱ្យស្រឡាញ់ដូចកាលពីមុន គេចូលចិត្តនិយាយកុហក មិននិយាយការពិត ធ្វើខុសហើយមិនទទួលខុស ពេលនោះលោកឪពុកអ្នកម្តាយប្រហែលជាមានអារម្មណ៍ខឹងមួម៉ៅមិនតិចឡើយ។ ប៉ាម៉ាក់ខ្លះអាចនិយាយដាស់តឿនប្រដែប្រដៅ តែប៉ាម៉ាក់ខ្លះទៀត អាចនឹងដាក់ទោសដោយវិធីការផ្សេងៗ។ ដូច្នេះថ្ងៃនេះ យើងនាំគ្នាមកដឹងអំពីទង្វើទាំងនេះ និងការកែបញ្ហានេះទាំងអស់គ្នា…
កុមារអាយុ ៤ឆ្នាំឡើងទៅ ចាប់ផ្តើមមានការរិះគិត និងមានគំនិតរបស់ខ្លួនឯងហើយ គេចាប់ផ្តើមស្គាល់ពីអ្វីដែលខុស និងត្រូវខ្លះៗហើយ តែជាញឹកញាប់ណាស់ ដែលនៅពេលគេធ្វើខុសហើយ មិនព្រមទទួលខុស និងថែមទាំងភូតកុហក ដើម្បីបិទបាំងកំហុសរបស់ខ្លួនឯងទៀតផង។ គ្រូពេទ្យចិត្តសាស្ត្រកុមារ បាននិយាយថា ការភូតកុហកជាទង្វើពីធម្មជាតិរបស់ក្មេង នៅពេលក្មេងនិយាយកុហក គឺគេមិនបាននឹករំពឹង ឱ្យនរណាម្នាក់មកទទួលខុស ឬទទួលទោសជំនួសឡើយ គឺគ្រាន់តែត្រូវការឱ្យខ្លួនឯងរួចផុតពីទោសកំហុស ព្រោះខ្លាចរងការស្តីបន្ទោស ឬរងទណ្ឌកម្មតែប៉ុណ្ណោះ។

ដោយសារអ្វី ទើបក្មេងនិយាយកុហក?
មូលហេតុធំៗរបស់ការភូតកុហកសម្រាប់កុមារ គឺខ្លាចការទទួលរងទណ្ឌកម្ម ព្រោះជាញឹកញាប់ណាស់ ដែលឪពុកម្តាយ ច្រើនតែមិនស្តាប់ពីហេតុផលរបស់កូន ពេលកូនធ្វើខុស ក៏ស្តីបន្ទោស និងដាក់ទោសភ្លាមតែម្ដង។ ចំណែកវិធីកែបញ្ហាចំពោះរឿងនេះ មិនមែនជារឿងពិបាកទេ គ្រាន់តែលោកឪពុកអ្នកម្តាយ សាកល្បងបើកចិត្តឱ្យទូលាយ ទទួលស្តាប់នូវអ្វីដែលកូនត្រូវការចង់ប្រាប់ប៉ុណ្ណោះ។ បើក្មេងធ្វើកំហុសនោះ ដោយសារតែគេមិនបានដឹង ឬគិតមិនដល់នោះ អ្វីដែលឪពុកម្តាយគួរធ្វើ គឺអធិប្បាយឱ្យកូនដឹង និងយល់ថា កូនត្រូវធ្វើបែបណា? អ្វីគឺរឿងដែលត្រឹមត្រូវ ដែលកូនគួរធ្វើ និងអ្វីដែលខុស មិនគួរធ្វើ ព្រមទាំងបង្រៀនឱ្យកូនចេះពោលពាក្យថា “សុំទោស” នៅពេលធ្វើខុសផង និងនៅពេលកូនសុំទោសហើយ ឪពុកម្តាយក៏គួរតែអត់ទោសឱ្យ និងមិនគួរយករឿងដែលកូនធ្វើខុសនោះ មកនិយាយដដែលៗទៀតឡើយ។
និងអ្វីដែលសំខាន់បំផុតនោះគឺ លោកឪពុកអ្នកម្តាយគួរតែសាងទំនុកចិត្តដល់កូន ព្រោះថា នៅពេលកូនមានអារម្មណ៍ថា មានសុវត្ថិភាព អាចនិយាយបានគ្រប់រឿងរ៉ាវហើយនោះ ការភូតកុហក នឹងលែងកើតមានឡើងទៀតហើយ៕

×