Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុងប៉េកាំង និង ញូវដេលី ចាប់ផ្ដើមដណ្ដើមឥទ្ធិពលគ្នា នៅក្នុងមហាសមុទ្រឥណ្ឌា

spot_img

រដ្ឋធានីញូវដេលី៖ ក្រោយពេលជាប់គាំងជាមួយនឹងជម្លោះព្រំដែន រវាងប្រទេសឥណ្ឌា និង ចិន មួយរយៈពេលកន្លងមក ប្រទេសមហាយក្សនៅអាស៊ី ដែលមានប្រជាជន ជាង១,៤ពាន់លាននាក់ ដូចគ្នាទាំង២នេះ បាននិងកំពុងតែចាប់ផ្ដើម ប្រជែងដណ្ដើមអំណាចគ្នាជាថ្មី នៅក្នុងមហាសមុទ្រឥណ្ឌា។

សារព័ត៌មាន The Eurasia Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ថា រហូតមកដល់ពេលនេះ របៀបវារៈរបស់កិច្ចសន្ទនាសន្ដិសុខចតុភាគីឥណ្ឌូ-ប៉ាស៊ីហ្វិក (Quad-4) ដែលមានសមាជិកចំនួន៤ប្រទេស រួមមាន អូស្រ្ដាលី ឥណ្ឌា ជប៉ុន និង សហរដ្ឋអាមេរិក កំពុងតែរារាំង ដល់ការបង្កើននូវឥទ្ធិពលរបស់ចិន។ បញ្ហានេះ ជំរុញឲ្យមានការវិភាគជាច្រើន ទៅលើភូមិសាស្រ្ដនយោបាយយ៉ាងក្ដៅគគុក។

ការបង្កើនកញ្ចប់ថវិកា លើវិស័យការពារជាតិដ៏ធំសម្បើមរបស់ប្រទេសជប៉ុន ស្មើនឹងការកើនឡើងទ្វេដង នៃកម្លាំងយោធារបស់ក្រុងតូក្យូ សម្រាប់ឆ្នាំ២០២៧។ ចំណែកអូស្ត្រាលី ក៏កំពុងតែស្វះស្វែង រកនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរដ៏ទំនើប មកពីសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស ខណៈឥណ្ឌាកំពុងតែសាងសង់នាវាផ្ទុកយន្តហោះទី៣របស់ខ្លួន។ សកម្មភាពទាំងនេះ នឹងធ្វើឱ្យក្រុងប៉េកាំង កាន់តែមានភាពស្រពិចស្រពិលខ្លាំងឡើង រហូតធ្វើឲ្យចិន មានអារម្មណ៍ ថា នឹងមានទំនុកចិត្ត នៅក្នុងការឈានទៅដល់សមភាព នៅក្នុងការបង្កើនគ្រឿងសព្វាអាវុធ នៅក្នុងតំបន់។

មហាយក្ស នៅអាស៊ីទាំង២ គឺឥណ្ឌា និង ចិន បានជាប់គាំងជម្លោះព្រំដែន នៅជួរភ្នំហិមពាន្ដ (Himalaya) ដែលមានប្រវែង ៣ ៤៨៨គីឡូម៉ែត្រ។ ចំណែកការប៉ះទង្គិចគ្នា នៅទន្លេហ្គាលវ៉ាន់ (Galwan) ស្ថិតក្នុងតំបន់រដ្ឋបាលឡាដាក់ (Ladakh) និង ទីក្រុងតវ៉ាង (Tawang) ស្ថិតក្នុងរដ្ឋអារុណាចាល់ (Arunachal) នាភាគខាងជើងប្រទេសឥណ្ឌា គ្រាន់តែជាការកើតឡើង កាលពីពេលថ្មីៗនេះតែប៉ុណ្ណោះ។ ចំណែកការពិភាក្សា រវាងមេទ័ព នៃប្រទេសទាំងពីរ នៅ Ladakh LAC នាភាគខាងកើត បានឆ្លងកាត់រាប់សិបជុំកន្លងមកហើយ ប៉ុន្តែមិនទទួលបានលទ្ធផលនោះឡើយ។

ស្របពេលកិច្ចពិភាក្សា កំពុងតែដំណើរការនោះ ឥណ្ឌា និង ចិន ក៏កំពុងតែពង្រឹងកម្លាំងទាហាន ហើយនៅតែបន្ដដាក់ពង្រាយគ្រឿងសឹកចម្បាំងទំនើបៗ ដោយមិនបានបង្អែរបង្អង់នោះឡើយ។ ទន្ទឹមគ្នានេះ លោក ចៃសាន់កា (Jaishankar) រដ្ឋមន្ត្រីក្រសួងបរទេសឥណ្ឌា មិនបានច្រានចោលនូវពាក្យសម្ដីណាមួយ ខណៈសួរ អំពីស្ថានភាព នៅ LAC ហើយគាត់បាននិយាយជាចំហ ថា វាមិនមែនជារឿងធម្មតានោះទេ។

បើតាមទស្សនៈរបស់ឥណ្ឌា បានបង្ហាញ ថា ស្ថានភាពជាធម្មតា មានន័យ ថា ភាគីនីមួយៗ មិនមានការដាក់ពង្រាយកងទ័ព និង គ្រឿងសព្វាវុធទ្រង់ទ្រាយធំ នៅតាមព្រំដែន ហើយប្រជាជនរស់នៅជិតព្រំដែន រវាងប្រទេសទាំង២ មានសេរីភាពពេញលេញ នៅក្នុងការបន្តការងារចិញ្ចឹមជីវិត ដោយគ្មានការថប់បារម្ភអំពីជីវិត និង គ្មានការរឹតត្បិតទ្រព្យសម្បត្តិគោក្របីរបស់ពួកគេ។

ជាមួយនឹងស្ថានភាពតានតឹង នៅតាមព្រំដែនភ្នំហិមពាន្ដ ឬ ភ្នំហិម៉ាឡៃ មិនទាន់ចប់ផងនោះ ចិន បាន និង កំពុងតែគំរាមកំហែង មិនឈប់ឈរ ជ្រៀតជែកចូល ទៅក្នុងតំបន់មហាសមុទ្រឥណ្ឌា (IOR) ដើម្បីបង្កើនសម្ពាធបន្ថែមទៀត ទៅលើប្រព័ន្ធការពាររបស់ឥណ្ឌា។ នេះជាការបង្ហាញសញ្ញាយ៉ាងច្បាស់ មកពីក្រុងប៉េកាំង ថា ចិនមានគោលបំណង បង្កគ្រោះថ្នាក់ដល់ការប្រព្រឹត្តទៅជាធម្មតា សម្រាប់ពាណិជ្ជកម្ម និង លំហូររៀបចំសន្តិសុខ នៅក្នុងតំបន់អាស៊ីខាងត្បូង។

តំបន់មហាសមុទ្រឥណ្ឌា មានសារៈសំខាន់ជាយុទ្ធសាស្ត្រ សម្រាប់ទាំងឥណ្ឌា និង ចិន ដោយសារទីតាំងភូមិសាស្រ្ត នៃមហាសមុទ្រនេះ។ ប្រទេសឥណ្ឌា ស្ទើរតែស្ថិតនៅកណ្តាល នៃមហាសមុទ្រនេះទៅហើយ។ ចំណែកការធ្វើពាណិជ្ជកម្ម របស់ក្រុងញូវដេលី ប្រហែល៩៥ភាគរយ ពឹងផ្អែកលើផ្លូវទឹក ដែលមានឆ្នេរសមុទ្រ មានប្រវែង៧ ៥០០គីឡូម៉ែត្រ នៃមហាសមុទ្រឥណ្ឌា។

មហាសមុទ្រឥណ្ឌានេះ ក៏មានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ប្រទេសចិន ព្រោះក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឆៅធំៗ ចំនួន៩ នៅក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឆៅចំនួន១០របស់ក្រុងប៉េកាំង តែងតែឆ្លងកាត់មហាសមុទ្រនេះ។

លោក អ័រស៊ី វ៉ាសាន់ (RS Vasan) មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌាចូលនិវត្តន៍ ហើយបច្ចុប្បន្នជាអគ្គនាយកមជ្ឈមណ្ឌលចេនណៃ (Chennai) សម្រាប់ការសិក្សាពីចិន បានបញ្ជាក់ ថា «ការចាប់ផ្ដើមពីគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយ ឆ្ពោះទៅកាន់ផ្លូវសូត្រសមុទ្រនោះ គឺមហាសមុទ្រឥណ្ឌា ក្លាយជាសង្វៀនដ៏សំខាន់ សម្រាប់ប្រទេសចិន នៅក្នុងការពង្រីកឥទ្ធិពលរបស់ក្រុងប៉េកាំង»។

ក្រោយមានព្រឹត្ដិការជម្លោះដ៏អាក្រក់ រវាងកងទ័ពឥណ្ឌា និង ចិន នៅព្រំដែន Ladakh និង Tawang ស្ថិតក្នុងរដ្ឋអារុណាចាល ប្រាដែស (Arunachal Pradesh) ធ្វើឲ្យដំណើរទស្សនកិច្ចរបស់នាវាចិន ចំនួន២លើក ឆ្ពោះទៅកាន់មហាសមុទ្រឥណ្ឌា ត្រូវបានកត់ត្រា បង្កឱ្យមានការមិនពេញចិត្ត ពីប្រទេសឥណ្ឌា។ ក្រុងញូវដេលី សង្ស័យ ថា នាវារបស់ចិន កំពុងតែបំពេញបេសកកម្មស៊ើបការណ៍សម្ងាត់។ នាវាស្រាវជ្រាវរបស់ចិន Yuan Wang 5 (យួនយ៉ាំង ៥) ត្រូវបានប្រទះឃើញចូលចត នៅក្នុងកំពង់ផែ Hambantota (ហាមបានតូតា) ប្រទេសស្រីលង្កាហើយឥណ្ឌា កំពុងតែតាមឃ្លាំមើល អំពីសកម្មភាពរបស់ចិន។

លោកឧត្តមនាវីឯក R Hari Kumar មេទ័ពជើងទឹកឥណ្ឌា ធ្លាប់ថ្លែង កាលពីខែធ្នូ ឆ្នាំ២០២២ ថា «នាវារបស់ចិនជាច្រើនគ្រឿង កំពុងតែប្រតិបត្តិការ នៅក្នុងមហាសមុទ្រឥណ្ឌា»។ ជាមួយគ្នានេះ លោកអនុឧត្តមនាវីឯក MA Hamphioli មេបញ្ជាការកងទ័ពជើងទឹក នាភាគខាងត្បូង នៃកងទ័ពជើងទឹកឥណ្ឌា បានបន្ថែមថា «ការឈ្លានពានដោយនាវាចិន មិនមែនជារឿងចម្លែកនោះឡើយ៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×