រដ្ឋធានីប៊ែរឡាំង៖ ដោយសារតែបស្ចិមលោក ជាពិសេស បណ្ដាប្រទេស នៅតំបន់អឺរ៉ុប កំពុងតែអន្ទះសា ចង់បញ្ជូនរថក្រោះ ផលិតដោយអាល្លឺម៉ង់ ជាមួយនឹងការរិះគន់ផង ស្របពេលអង្គការណាតូ មិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយ កាលពីថ្ងៃសុក្រសប្ដាហ៍មុននោះ ក្រុងប៊ែរឡាំង បានអះអាង ថា អាល្លឺម៉ង់ នឹងមិនរារាំង ដល់ប្រទេសប៉ូឡូញ បញ្ជូនរថក្រោះទៅឲ្យអ៊ុយក្រែន នោះឡើយ។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២២ ខែមករា ថា លោកស្រី អានណាឡេណា បាយើរប៊ុក (Annalena Baerbock) រដ្ឋមន្រ្ដីក្រសួងការបរទេសអាល្លឺម៉ង់ បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា ក្រុងប៊ែរឡាំង បានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការអនុញ្ញាតឲ្យប៉ូឡូញ បញ្ជូនរថក្រោះ Leopard 2 ផលិតដោយអាល្លឺម៉ង់ ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយដល់ក្រុងកៀវ ធ្វើសង្គ្រាមប្រយុទ្ធ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ប្រសិនបើក្រុងវ៉ាសាវី ( Warsaw) ធ្វើសំណើបែបនេះ។

លោកស្រីរដ្ឋមន្រ្ដីក្រសួងការបរទេសអាល្លឺម៉ង់ បានប្រាប់ដល់បណ្ដាញទូរទស្សន៍ LCI កាលពីថ្ងៃអាទិត្យ ក្រោយកិច្ចប្រជុំកំពូលបារាំង-អាល្លឺម៉ង់ នៅក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង ថា «ប្រសិនបើយើងត្រូវបានគេលើកសំណើមកនោះ យើងនឹងមិនរារាំងនោះដែរ។ យើងដឹង ថា រថក្រោះទាំងនេះ មានសារៈសំខាន់ប៉ុនណា ហើយនេះជាមូលហេតុដែលយើងកំពុងតែពិភាក្សា អំពីរឿងនេះ ជាមួយដៃគូរបស់យើង។ យើងត្រូវតែធ្វើឲ្យប្រាកដ ថា ត្រូវសង្គ្រោះជីវិតមនុស្ស ហើយទឹកដីរបស់អ៊ុយក្រែន ក៏ត្រូវតែរំដោះ ត្រឡប់មកវិញផងដែរ»។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ នៅមិនទាន់មានរថក្រោះប្រយុទ្ធធុនធ្ងន់ដ៏ទំនើបៗណាមួយ ត្រូវបានរចនាឡើង ដោយលោកខាងលិច បានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធ ប្រឆាំងនឹងការឈ្លានពានរបស់កម្លាំងទាហានរុស្ស៊ី នៅឡើយ។
លោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) ទីប្រឹក្សា ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ថា អ៊ុយក្រែន បានជំរុញដល់បស្ចិមលោក ជាដដែលៗ ដើម្បីបញ្ជូនជំនួយយោធាឲ្យបានច្រើនបន្ថែមទៀត និង មានល្បឿនលឿនបំផុត មកឲ្យប្រទេសដែលកំពុងតែហែកហួរ ដោយសារសង្គ្រាមនេះ។ បើមានការពន្យារពេលវេលា នឹងធ្វើឲ្យពលរដ្ឋអ៊ុយក្រែន ស្លាប់កាន់តែច្រើនឡើង។

ដោយឡែក លោក បូរីស ពីស្ដូរៀស (Boris Pistorius) រដ្ឋមន្ត្រីការពារជាតិថ្មីរបស់អាល្លឺម៉ង់ បាន បញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា គាត់រំពឹង ថា នឹងមានការសម្រេចចិត្តណាមួយ នៅក្នុងពេលដ៏ឆាប់ៗនេះ ជុំវិញការបញ្ជូនរថក្រោះប្រយុទ្ធ Leopard 2 ទៅកាន់ប្រទេសអ៊ុយក្រែន បើបើទោះជាតាមវិធីសាស្រ្ដណាក៏ដោយ។
លោករដ្ឋមន្រ្ដីក្រសួងការពារជាតិរូបនេះ បានសង្កត់ធ្ងន់ ថា អាល្លឺម៉ង់ នឹងមិនសម្រេចចិត្តណាមួយ ដោយប្រញាប់ប្រញាល់នោះដែរ ព្រោះរដ្ឋាភិបាលក្រុងប៊ែរឡាំង មានកត្តាជាច្រើន ដែលត្រូវតែពិចារណា រួមទាំងផលវិបាកនានា នៅក្នុងប្រទេស ពាក់ព័ន្ធនឹងសន្តិសុខរបស់ប្រជាជនអាល្លឺម៉ង់៕ រក្សាសិទ្ធិដោយ ៖ សារាយSN













