Tuesday, March 21, 2023

លោកវេជ្ជ.អ៊ុក​​ វិជ្ជា សម្ភោធបើកយុទ្ធាការផ្សព្វផ្សាយ​សម្ភារ:អប់រំ អំពីជំងឺអេដស៍ និងកាមរោគ

spot_img

ភ្នំពេញ ៖ លោកវេជ្ជ.អ៊ុក​​ វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ នៃក្រសួងសុខាភិបាល ក្នុងកម្មវិធីសម្ភោធបើកយុទ្ធាការផ្សព្វផ្សាយ​សម្ភារ:អប់រំ អំពីជំងឺអេដស៍ និងកាមរោគ នៅថ្ងៃទី ២៧ មករា ឆ្នាំ ២០២៣ បានថ្លែងថា តាងនាមប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគនៃក្រសួងសុខាភិបាលមានសេចក្តីសោមនស្សរីករាយជាពន់ពេក សូមស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រីពិសេសប្អូនៗយុវវ័យដែលចូលមកទស្សនាកម្មវិធីសម្ភោធបើកយុទ្ធាការផ្សព្វផ្សាយសម្ភារ:អប់រំអំពីជំងឺអេដស៍ និងកាមរោគ​។

ឆ្លៀតក្នុងឱកាសនេះ លោកវេជ្ជ.អ៊ុក​​ វិជ្ជា សូមអនុញ្ញាតជម្រាបជូនពីស្ថានភាពមេរោគអេដស៍ ជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា។
គិតត្រឹមត្រីមាសទី ៤ ឆ្នាំ ២០២២ អ្នកជំងឺអេដស៍ដែលកំពុងទទួលសេវាថែទាំព្យាបាលមានចំនួន ៦៣០០០ នាក់ ។
តែតាមការប៉ាន់ស្មានអ្នកផ្ទុកមេរោគអេដស៍សរុបមកដល់ឆ្នាំ ២០២១ មានចំនួនប្រមាណ ៧៤ ០០០ នាក់
ចំនួនអ្នកឆ្លងថ្មីមានប្រមាណចំនួន ១១០០ នាក់ / ឆ្នាំ និងចំនួនអ្នកស្លាប់មានប្រមាណចំនួន ១ ១០០ នាក់ / ឆ្នាំ។
អត្រាប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍ក្នុងចំណោមប្រជាជនទូទៅអាយុ (១៥-៤៩ឆ្នាំ) មានចំនួន០.៥% ។
ប៉ុន្តែអត្រាប្រេវ៉ាឡង់ក្នុងចំណោមក្រុមប្រឈមមុខខ្ពស់នៅមានកំរិតខ្ពស់នៅឡើយ គឺអត្រាប្រេវ៉ាឡង់ផ្ទុកមេរោគអេដស៍ក្នុងចំណោមស្រ្តីធ្វើការនៅតាមសេវាកម្សាន្តមាន​៤,៩% (២០១៦) បុរសរួមភេទជាមួយបុរស ៤.០% (២០១៩)និងក្រុមបំប្លែងភេទ ៩,៦% (២០១៩)​ អ្នកប្រើប្រាស់គ្រឿងញៀន ៥,៧% (២០១៧)
និងអ្នកចាក់គ្រឿងញៀនមានរហូតដល់ ១៥,២% (២០១៧) ។

ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគអេដស៍នៅប្រទេសកម្ពុជា ពិសេសក្នុងចំណោមក្រុមប្រឈម​មុខខ្ពស់
មជ្ឈមណ្ឌលជាតិនិងដៃគូអភិវឌ្ឍន៍បានធ្វើបទអន្តរាគមន៍ជាច្រើន ជាពិសេសការអប់រំផ្សព្វផ្សាយទាំងដោយជួបផ្ទាល់និងតាមរយ:អនឡាញ ក្នុងគោលបំណងផ្តល់ព័ត៌មាន​ទាក់ទងនឹងការបង្ការ ថែទាំ ព្យាបាលជំងឺអេដស៍និងកាមរោគ
ដល់ប្រជាជនទូទៅ ជាពិសេសក្រុមដែល​មានការប្រព្រឹត្តប្រឈមដើម្បីជាទុនក្នុងការផ្លាស់ប្តូរការប្រព្រឹត្តដែលមានហានិភ័យខ្ពស់ ​ទៅជាការប្រ​ព្រឹត្តប្រកបដោយសុវត្ថិភាពនិងទៅទទួលបានសេវានានាដែល​ទាក់ទងនឹងជំងឺអេដស៍ និង​​កាមរោគឱ្យបានសមស្របនិងទាន់ពេល។
កាលពីពេលថ្មីៗនេះ មជ្ឈមណ្ឌលជាតិនិងអង្គការ FHI 360 ក្រោមគំរោង Linkages ដែលឧបត្ថម្ភថវិការដោយ
USAID បានផលិតរឿងភាគខ្លីចំនួន១១ភាគ មានចំណងជើងថា “បុកល្ហុងGoogle” ជារឿងអប់រំស្តីពីការបង្ការ ថែទាំនិងព្យាបាលជំងឺអេដស៍និងកាមរោគ ហើយរឿងភាគនេះត្រូវបានចាក់ផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមចំនួន
៣ រួមមាន: Facebook YouTube និង Instagram ដែលមានឈ្មោះថា “ការពារខ្លួនអ្នក”។

អ្វីដែលគួរជាទីមោទនភាពបំផុតនោះគឺថារឿងភាគខ្លីទាំង១១ភាគ របស់យើងត្រូវបានជ្រើសរើសយកទៅចាក់ផ្សាយនៅសន្និសីទអន្តរជាតិស្តីអំពីជំងឺអេដស៍ឆ្នាំ២០២០ នៅទីក្រុង SanFrancisco សហរដ្ឋអាមេរិក កាលពីខែកក្កដាឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ
និងបន្តចែកជូនទៅកាន់ប្រទេសជាច្រើន ដើម្បីចាក់ផ្សាយបន្តតាមតំរូវការបស់ប្រទេសនិមួយៗ។
នៅឆ្នាំ ២០២០ កន្លងទៅ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ
ក៏បានបើកសម្ភោធយុទ្ធនាការ ផ្សព្វផ្សាយវីដេអូចំនួន ១០ ភាគ គឺរឿង “ហានិភ័យស្នេហ៍” និងសំភារ:អប់រំមួយចំនួនធំផងដែរ ។ ហើយការផ្សព្វផ្សាយរឿងភាគ“ហានិភ័យស្នេហ៍” ទទួលបានជោគជ័យជាទីគាប់ចិត្ត
ដោយទទួលបានការគាំទ្រនិងអាច Reach ដល់ប្រជាជន និងក្រុមប្រឈមមុខបានជិត ៣​ លាន​​​ ។
ថ្ងៃនេះមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ សូមបើកសម្ភោធយុទ្ធនាការថ្មីមួយទៀត
ដើម្បីចាក់ផ្សាយវីដេអូចំនួន ១០ រឿង (ត្រូវជា ១៥ ឃ្លីប) ថ្មី ទៀត ព្រមទាំងសំភារ:អប់រំ មួយចំនួនធំផងដែរ ។

វីដេអូរឿងទាំងនេះ នឹងឆ្លុះបញ្ចាំងទៅលើទិដ្ឋភាពសង្គម វប្បធម៌ ប្រពៃណី និងទំនាក់ទំនងស្នេហា
តាមបរិបទថ្មីរវាងក្រុមយុវវ័យ ក្រុមប្រជាជនគោលដៅ និងប្រជាជនទូទៅ​​ ក្នុងគោលបំណងផ្សព្វផ្សាយសារអប់រំស្តីពីការ​បង្ការ ថែទាំ ព្យាបាលជំងឺអេដស៍​និង កាមរោគ នៅព្រះរាជាណាចក្រកម្ពុជា ។

មជ្ឈមណ្ឌលជាតិ ជឿជាក់ថា នឹងមានអ្នកចូលទស្សនាវីដេអូរឿងទាំងនេះ យ៉ាងច្រើន
តាមរយ:បណ្តាញទំនាក់ទំនងសង្គមទាំងបី គឺ Facebook YouTube និង Instagram ដែលមានឈ្មោះថា
“ការពារខ្លួនអ្នក” ហើយសង្ឃឹម​ថា តាមរយ:ការទស្សនាខ្សែវីដេអូរឿងទាំងនេះ អ្នកទស្សនាទាំងអស់
ជាពិសេសក្រុមប្រឈមមុខខ្ពស់ និងប្រជាជន​ប្រឈមផ្សេងៗទៀត នឹងទទួលបានព័ត៌មានជាក់លាក់ស្តីពីការបង្ការថែទាំនិងព្យាបាលជំងឺអេដស៍ និងកាមរោគ ជាទុនសម្រាប់ផ្លាស់ប្តូរការប្រព្រឹត្ត
ដែលមានហានិភ័យខ្ពស់ទៅជាការប្រព្រឹត្តប្រកបដោយសុវត្ថិភាពនិងទៅទទួលបានសេវានានាដែលទាក់​​​ទងនឹងជំងឺអេដស៍​កាមរោគ ឱ្យបានសមស្របនិងទាន់ពេល ដើម្បីចូលរួមកាត់បន្ថយការឆ្លងរីករាលដាលមេរោគអេដស៍
និងឈានទៅសម្រេចបាននូវគោលដៅលុបបំបាត់ការឆ្លងថ្មីនៃមេរោគអេដស៍ នៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ ២០២៥ ។

ជាចុងក្រោយ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សមាជិកទាំងអស់នៃក្រុមស្នូលសំរាប់ការងារបង្ការ ថែទាំ
និងព្យាបាលបន្តដល់ក្រុមប្រឈមមុខខ្ពស់ រួមមានមន្ត្រីផ្នែកប្រាស្រ័យទាក់ទងដើម្បីផ្លាស់ប្តូរការប្រព្រឹត្ត នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ ក្រុមហ៊ុន Studio4 និងដៃគូអភិវឌ្ឍន៍ ដូចជា EpiC-FHI 360, UNAIDS, KHANA, RHAC, MHC,CWPD MHSS និង AHF ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មចូលរួមផ្តល់នូវមតិយោបល់ក្នុងការរៀបរៀងនិងកែសម្រួលខ្លឹមសារនិងរូបភាពនៃវិដេអូរឿង និងសម្ភារ:ទាំងនេះក្នុងគោលបំណងឱ្យដំណើររឿងអាចទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាផង
និងឱ្យសមស្របទៅតាមលក្ខណ:បច្ចេកទេសផង ព្រមទាំងគិតពី វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ផងដែរ៕ រក្សាសិទ្ធិដោយ ៖ CEN

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២