ភ្នំពេញ ៖ ថ្មីៗនេះ មានប្រជាពលរដ្ឋជាច្រើនគ្រួសារបានផ្តល់ព័ត៌មានមកអង្គភាពសារព័ត៌មាន Cambodia Express News ហៅកាត់ CEN ដោយបានលើកឡើងពីល្បិចបោកប្រាស់របស់ម្ចាស់ហាង មាស ពេជ្រ យីហោ វីលីណា ស្ថិតនៅខេត្តសៀមរាប, ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមច្រើននាក់ផ្សេងទៀត ដែលបានអះអាងថា ខ្លួនជាអ្នកចាញ់បោកល្បិចរកស៊ីទុច្ចរិតរបស់ម្ចាស់ហាង មាស ពេជ្រ វីលីណា បានឲ្យអង្គភាពសារព័ត៌មាន CEN ដឹងថា រូបលោក និងភរិយា ត្រូវបានស្ត្រីជាម្ចាស់ហាង មាស ពេជ្រ វីលីណា ប្រើល្បិចដាក់ធ្នាក់ឲ្យក្រុមគ្រួសារលោកផុងខ្លួនជាប់ពាក់ព័ន្ធប្រាក់កាសរកស៊ីរហូតដល់ចុងក្រោយត្រូវអស់ផ្ទះសំបែងដោយក្តីសោកស្តាយ និងឈឺចាប់បំផុត។
លោកបន្តថា អ្វីដែលលោក និងក្រុមគ្រួសារ ឈឺចិត្តបំផុតនោះ គឺខ្លួនបានចាញ់បោកល្បិចម្ចាស់ហាង មាស ពេជ្រ វីលីណា ដែលមុនដំបូងនិយាយអ្វីក៏ស្រួលដែរ ព្យាយាមបង្ហាញថា ខ្លួនជាមនុស្សល្អ ប៉ុន្តែផ្ទុយទៅវិញ ពេលចូលកាន់តែកៀក និងកាន់តែជាប់ពាក់ព័ន្ធការងាររកស៊ីជាមួយគ្នាយូរទៅ បានដឹងថា ស្ត្រីម្ចាស់ហាងនោះគឺមានគំនិតទុច្ចរិតតាំងពីដំបូងមកម៉្លេះ ដោយបានប្រើល្បិចកលបូករួមនឹងប្រើឥទ្ធិពលប្តីដែលធ្លាប់ជាមន្ត្រីធំថ្នាក់ខេត្ត និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិ បានរឹបអូសយកផ្ទះរបស់លោកដោយមិនមានក្តីមេត្តាមន្តិចសោះឡើយ។
ស្របពេលជាមួយគ្នានេះ មានជនរងគ្រោះជាច្រើនទៀតបានលើកឡើងស្រដៀងគ្នានេះដែរ ដែលពួកគេសុទ្ធតែបានអះអាងថា ជាជនរងគ្រោះដោយសារចាញ់ល្បិចម្ចាស់ហាង មាស ពេជ្រ វីលីណា នេះ រហូតត្រូវបង្ខំចិត្តកាត់ផ្ទះរបស់ខ្លួនឲ្យទៅស្ត្រីរូបនោះទាំងមិនអស់ចិត្ត។ យោងតាមសម្តីជនរងគ្រោះម្នាក់ទៀតជាស្ត្រីស្នើសុំមិនបញ្ចេញឈ្មោះ បានប្រាប់អង្គភាពសារព័ត៌មាន CEN ថា ស្ត្រីម្ចាស់ហាង មាស ពេជ្រ ខាងលើតែងតែប្រើល្បិចក្នុងរូបភាពផ្សេងៗដែលជាប់ទាក់ទិននឹងការប្រកបអាជីវកម្មរបស់ខ្លួន ដូចជា តាមរូបភាពលេងតុងទីន ឲ្យប្រាក់ជនរងគ្រោះខ្ចីដោយគិតការប្រាក់ និងតាមរយៈការលក់គ្រឿងអលង្ការទៅឲ្យជនរងគ្រោះយកទៅលក់បន្តជាដើម។
ចំពោះរូបភាពទាំងនេះ បើធ្វើឡើងដោយមានលក្ខណៈសមហេតុផលនោះវាមិនមានបញ្ហាចោទនោះទេ តែទាស់ត្រង់ថា ស្រ្តីម្ចាស់ហាង មាស ពេជ្រ វីលីណា ប្រើវិធីសាស្ត្រអាក្រក់ធ្វើយ៉ាងណាឲ្យជនរងគ្រោះទាំងនោះធ្លាក់ចូលក្នុងល្បិចដែលខ្លួនគិតទុកជាមុន និងចុងក្រោយ គឺរឹបអូសអចលនទ្រព្យជនរងគ្រោះដោយគ្មានក្តីមេត្តា សូម្បីតែសាច់ញាតិខ្លួនក៏មិនលើកលែងដែរ គឺស្ត្រីម្ចាស់ហាងរូបនេះបានធ្វើទង្វើដូច្នេះដាក់រួចជាស្រេចទៅហើយ។
ពេលនេះ CEN សូមលើកឡើងដោយសង្ខេបករណីជនរងគ្រោះដែលជាប្រជាពលរដ្ឋសាមញ្ញធម្មតាប៉ុណ្ណេះសិនចុះ, CEN នឹងធ្វើការផ្សព្វផ្សាយរឿងរាវខាងលើនេះឲ្យបានពិស្តារក្នុងពេលឆាប់ៗខាងមុខនេះ។ ជាបន្ត CEN នឹងលើកយកករណីការប្រើល្បិចកលរបស់ស្ត្រីម្ចាស់ហាង មាស ពេជ្រ វីលីណា ស្រដៀងគ្នានេះមកលើ លោកជំទាវ ជីប យុទ្ធារី ដែលករណីនេះធ្វើឲ្យក្រុមគ្រួសារ លោកជំទាវ ជីប យុទ្ធារី និងមិត្តភក្តិលោកជំទាវហួសចិត្តមិននឹកស្មានថា វាអាចកើតឡើងទៅរួចដែលម្ចាស់ហាង វីលីណា បានប្រើល្បិចស្រដៀងគ្នានេះដាក់មកលើក្រុមគ្រួសារលោកជំទាវ ជីប យុទ្ធារី ក្រោមរូបភាពលក់គ្រឿងអលង្ការឲ្យហាង SV របស់លោកជំទាវ ជីប យុទ្ធារី ដោយនិយាយគ្នា និងព្រមព្រៀងគ្នាតាមលក្ខខណ្ឌងាយស្រួល, ដល់ពេលទទួលបានគ្រឿងអលង្ការមកដំណើរការលក់ដូរ មិនបានប៉ុន្មានផង ស្រាប់តែគេដាក់សម្ពាធកៀបទារលុយតែម្ដង។
ទាក់ទិននឹងរឿងរ៉ាវនេះដែរ លោកជំទាវ ជីប យុទ្ធារី បានបង្ហើបប្រាប់អង្គភាពសារព័ត៌មាន CEN ថា ដំបូងឡើយ លោកជំទាវគិតថា មិនបញ្ចេញរឿងនេះទៅក្រៅឲ្យសាធារណជនបានដឹងទេ ពីព្រោះលោកជំទាវផ្ទាល់ក៏មានការខ្មាសអៀនដែរ ព្រោះត្រូវគេប្រើល្បិចកលដាក់ ដោយសារតែទុកចិត្ត និងគិតថាជាអ្នកធ្លាប់ស្គាល់រាប់អានគ្នា។ តែពេលនេះដោយឃើញមានប្រជាពលរដ្ឋជាច្រើនគ្រួសារបានផ្តល់ព័ត៌មានមកអង្គភាពសារព័ត៌មាន CEN ជាបន្តបន្ទាប់អំពីករណីប្រើល្បិចបោកបញ្ឆោតនេះ លោកជំទាវក៏សម្រេចចិត្តទម្លាយរឿងនេះចេញឲ្យសាធារណជនបានដឹងតែម្តង ដើម្បីផ្សព្វផ្សាយកុំឲ្យមានអ្នកចាញ់ល្បិចដូច្នេះបន្តទៀត។
លោកជំទាវ ជីប យុទ្ធារី បានរៀបរាប់ពីដំណើរដើមទងនៃរឿងរ៉ាវរបស់លោកជំទាវ ដែលត្រូវគេប្រើប្រាស់ឧបាយកលទាក់ទិន នឹងរឿងទិញគ្រឿងអលង្ការយកមកលក់បន្ត នៅហាង SV របស់លោកជំទាវ ឱ្យដឹងថា លោកជំទាវ ជីប យុទ្ធារី ត្រៀមបើកដំណើរការហាងលក់គ្រឿងអលង្ការ SV នៅភ្នំពេញ ក៏ត្រូវបានម្ចាស់ហាង មាស ពេជ្រ វីលីណា ត្រូវជាអ្នកធ្លាប់រាប់អានគ្នា និងមានហាងគ្រឿងអលង្ការនៅខេត្តសៀមរាបផងនោះ បានមកជជែកគ្នាជាមួយលោកជំទាវ ជីប យុទ្ធារី ដើម្បីឲ្យលោកជំទាវជួយទិញគ្រឿងអលង្ការពីហាងវីលីណាយកមកលក់បន្ត។
ដោយឡែកខាងលោកជំទាវ ជីប យុទ្ធារី មិនបានគិតទុកជាមុនថា នឹងត្រូវទិញគ្រឿងអលង្ការពីហាងវីលីណា យកមកលក់បន្តទេ ដោយហាង SV បានត្រៀមកញ្ចប់លុយសម្រាប់ទិញគ្រឿងអលង្ការពីប្រភពផ្សេងរួចទៅហើយ ប៉ុន្តែដើម្បីចង់ឲ្យលោកជំទាវ ជីប យុទ្ធារី ទិញគ្រឿងអលង្ការរបស់ខ្លួននោះ ម្ចាស់ហាង វីលីណា បានលើកឡើងពីវិធីសាស្រ្តមួយធ្វើឲ្យលោកជំទាវ ជីប យុទ្ធារី យល់ឃើញថា ជារឿងមួយសមស្របត្រូវទៅនឹងការចង់បានរបស់លោកជំទាវផងដែរ នោះគឺ ម្ចាស់ហាង វីលីណា បានស្នើសុំលោកជំទាវ ជីប យុទ្ធារី ជួយទិញគ្រឿងអលង្ការពីហាងវីលីណាក្នុងទឹកប្រាក់ចំនួន ១៨ម៉ឺនដុល្លារ ហើយការទូទាត់ប្រាក់ចាំធ្វើឡើងនៅពេលដែលផ្ទះសំណាក់របស់លោកជំទាវ ជីប យុទ្ធារី លក់ចេញ ដោយក្នុងនោះ ម្ចាស់ហាងវីលីណាជាអ្នកធានាលើការជួយលក់ផ្ទះសំណាក់ជូន លោកជំទាវ ជីប យុទ្ធារី ដែលមានទីតាំងនៅជិតច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។
លោកជំទាវ ជីប យុទ្ធារី បានបញ្ជាក់ថា លោកជំទាវមិនមានភាពចាំបាច់ត្រូវទិញគ្រឿងអលង្ការពីហាង វីលីណា ទេ ប៉ុន្តែដោយសារតែលោកជំទាវចង់ឲ្យស្វាមីលោកជំទាវផ្លាស់ប្តូរកន្លែងធ្វើការមកនៅជិតប្រពន្ធកូនវិញ និងមិនមានអ្នកនៅមើលការខុសត្រូវផ្ទះសំណាក់តទៅទៀត ទើបសម្រេចចិត្តលក់ផ្ទះសំណាក់ចេញ, ហើយដោយសារម្ចាស់ហាង វីលីណា បានដឹងរឿងនេះ និងចង់ឲ្យលោកជំទាវ ជីប យុទ្ធារី ជួយទិញគ្រឿងអលង្ការរបស់ខ្លួនផងនោះ ទើបលើកឡើងនូវវិធីសាស្រ្តខាងលើ ដោយស្នើឱ្យលោកជំទាវទិញគ្រឿងអលង្ការពីហាងវីលីណាក្នុងទឹកប្រាក់ចំនួន ១៨ម៉ឺនដុល្លារ ហើយចាំទូទាត់គ្នាពេលផ្ទះសំណាក់លក់ដាច់។
វិធីនេះ លោកជំទាវ ជីប យុទ្ធារី ក៏ឯកភាពងតែម្តង, ប៉ុន្តែអ្វីដែលលោកជំទាវ ជីប យុទ្ធារី លើកឡើងថា បានចាញ់ឧបាយកលម្ចាស់ហាង វីលីណា នោះត្រង់ថា ពេលដែលលោកជំទាវយកគ្រឿងអលង្ការលក់បន្តមិនដល់១ខែផង ស្រាប់តែម្ចាស់ហាងវីលីណា តម្រូវឲ្យលោកជំទាវ ជីប យុទ្ធារី ត្រូវបង់ប្រាក់ទាំងអស់ទៅឲ្យខ្លួនទាំងដែលផ្ទះសំណាក់មិនទាន់លក់ចេញ ស្របពេលដែលលោកជំទាវមិនមានភាពចាំបាច់ត្រូវទិញគ្រឿងអលង្ការពីហាងវីលីណានោះទៅទៀត។
ត្រង់ចំណុចនេះ លោកជំទាវមានប្រសាសន៍ថា ម្ចាស់ហាងវីលីណា បានរៀបអន្ទាក់ដាក់លោកជំទាវឲ្យធ្លាក់ចូលអន្ទាក់ខ្លួនតាំងពីដំបូងមកម៉្លេះ ពោលគឺ ម្ចាស់ហាងវីលីណារៀបឧបាយកលធ្វើយ៉ាងណាធ្វើឲ្យគេទិញយកទំនិញពីខ្លួនសិន រួចចាំរកវិធីផ្សេងៗដាក់សម្ពាធលើគេដោយមិនខ្វល់ពីរឿងដែលបានឯកភាពគ្នាពីដំបូងឡើយ ហើយថែមទាំងរៀបល្បិចទុកជាមុន, ដោយនៅពេលថ្មីៗនេះទៀត ក៏ធ្វើជាសុំឲ្យលោកជំទាវ ជីប យុទ្ធារី និងកូនលោកជំទាវ ចូលក្នុងផ្ទះរបស់ខ្លួនលើកយកគ្រឿងអលង្ការមក.ល រួចលួចថតរូបទុកដើម្បីបំភាន់មហាជនថា លោកជំទាវ និងកូនស្រីពិតជាបានចូលទៅទិញគ្រឿងអលង្ការនោះប្រាកដមែន, តែតាមការពិត រូបភាពទាំងនោះ ជារូបផ្សេងគ្នា មិនពាក់ព័ន្ធនឹងការទិញគ្រឿងអលង្ការទេ គ្រាន់តែជាការរៀបល្បិចឲ្យគេចូលទៅ.លគ្រឿងអលង្ការ រួចខ្លួនលួតថតរូបទុកប៉ុណ្ណោះ។ ដោយឡែកសកម្មភាពទិញ-លក់គ្រឿងអលង្ការតម្លៃ១៨ម៉ឺនដុល្លារនោះ គឺធ្វើឡើងតាំងពីដើមឆ្នាំ២០២២មកម៉្លែះ។
លើសពីនេះទៅទៀត ដោយយល់ឃើញថា ម្ចាស់ហាងគ្រឿងអលង្ការវីលីណា រកស៊ីមិនស្មោះត្រង់ដូច្នេះ ដើម្បីបញ្ចប់ជម្លោះ លោកជំទាវ ជីប យុទ្ធារី បានព្យាយាមរកវិធីសាស្ត្រដោះស្រាយដើម្បីឲ្យឆាប់ចប់បញ្ហា។ វិធីសាស្ត្រមានដូចតទៅ៖ ទី១ បើផ្ទះសំណាក់លក់មិនទាន់ដាច់អាចធ្វើការកាត់កងគ្នាក៏បាន ប៉ុន្តែត្រូវធ្វើឡើងតាមតម្លៃទីផ្សារ។ តាមវិធីសាស្ត្រនេះ គឺបន្ទាប់ពីកាត់កង តម្រូវឲ្យម្ចាស់ហាងបង់ប្រាក់មួយចំនួនមកលោកជំទាវ ជីប យុទ្ធារី ព្រោះថា ផ្ទះសំណាក់មានតម្លៃថ្លៃជាងគ្រឿងអលង្ការដែលហាង វីលីណា លក់ឲ្យលោកជំទាវ ជីប យុទ្ធារី ប៉ុន្តែខាងម្ចាស់ហាងវីលីណា ចង់ឲ្យកាត់កងស្មើគ្នា។
មហាជនបានចោទជាសំណួរថា តើការចង់បានរបស់ម្ចាស់ហាងវីលីណា នេះសមហេតុផលឬទេ ? បើផ្ទះសំណាក់មានតម្លៃដល់ទៅជាង៣០ម៉ឺនដុល្លារឯណោះ ត្រូវកាត់កងរួចគ្នាជាមួយគ្រឿងអលង្ការដែលមានតម្លៃត្រឹមតែ ១៨ម៉ឺនដុល្លារហ្មឹងឬ?!
ករណីស្រដៀងគ្នានេះម្ចាស់ហាងវីលីណាធ្លាប់ធ្វើបានជោគជ័យជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារដែលពេលនេះពួកគាត់បានផ្តល់ព័ត៌មានមកអង្គភាពសារព័ត៌មាន CEN ជាបន្តបន្ទាប់។
បន្ទាប់ពីវិធីសាស្ត្រទី១ មិនបានជោគជ័យ លោកជំទាវ ជីប យុទ្ធារី លើកឡើងដំណោះស្រាយទី២ ពោលគឺ បើម្ចាស់ហាងមិនអាចចាំដល់ពេលផ្ទះសំណាក់លក់ដាច់ដូចការព្រមព្រៀងគ្នាពីខាងដើម និងមិនព្រមកាត់កងតាមតម្លៃទីផ្សារនោះ គឺដំណោះស្រាយទី២ មានតែប្រគល់គ្រឿងអលង្ការជូនម្ចាស់ហាង វីលីណា វិញទាំងអស់ទុកជាការស្រេច ប៉ុន្តែម្ចាស់ហាង វីលីណា វិញ មិនព្រមទេ គឺទាមទារយកសាច់ប្រាក់សុទ្ធទាំងអស់។ ត្រង់ចំណុចចនេះហើយ ដែលធ្វើឲ្យសាធារណជនអាចយល់បានដោយងាយថា ម្ចាស់ហាង វីលីណា ពិតជាមនុស្សមានឧបាយកលដ៏កខ្វក់តាំងពីដើមមក គឺរកវិធីយ៉ាងណាឲ្យគេយកទំនិញខ្លួនជាមុន រួចរកវិធីកៀបគេតាមក្រោយ ដោយមិនគោរពតាមការព្រមព្រៀងគ្នាពីដំបូងឡើយ, ដោយអាងអ្នកនេះ អាងអ្នកនោះ ហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រយោជន៍សួនតួរបស់ខ្លួនតែប៉ុណ្ណោះ។
ដោយឡែកឆ្លើយតបទៅនឹងការចោទប្រកាន់ខាងលើ មជ្ឈមណ្ឌលព័ត៌មាន CEN បានព្យាយាមទូរស័ព្ទទៅកាន់ លោកស្រី ធៀម លីណា ដែលជាម្ចាស់ហាង មាស ពេជ្រ វីលីណា គឺទូរសព្ទចូលហើយ ប៉ុន្តែមិនបានឆ្លើយបំភ្លឺនឹងសំណួររបស់ CEN នោះទេ។ ដំបូង លោកស្រីធៀម លីណា បានហុចទូរសព្ទទៅឲ្យប្ដីឆ្លើយជំនួស, ប៉ុន្តែទីបំផុត ទាំងពីរនាក់ប្ដី-ប្រពន្ធ មិនឆ្លើយនឹងសំណួរសុំបំភ្លឺរបស់ CEN នោះទេ។
សរុបសេចក្តីមក តាមការចោទប្រកាន់របស់ប្រជាពលរដ្ឋ និងករណីជួបផ្ទាល់ពីសំណាក់លោកជំទាវ ជីប យុទ្ធារី បង្ហាញថា ម្ចាស់ហាង មាស ពេជ្រ វីលីណា បានប្រព្រឹត្តអំពើមិនស្មោះត្រង់ក្នុងរបររកស៊ីកន្លងមក ដោយភាគច្រើនជាប់ពាក់ព័ន្ធនឹងការរឹបអូសផ្ទះសំបែង ឬអចលនទ្រព្យផ្សេងទៀតរបស់ប្រជាពលរដ្ឋ និងអតិថិជនរបស់ហាងគ្រឿងអលង្ការវីលីណា ដែលធ្វើឡើងមិនស្របតាមស្ថានភាពទីផ្សារជាក់ស្តែងដោយអាងប្តីរបស់ខ្លួនជាមន្ត្រីមានឥទ្ធិពលនៅបណ្ដាខេត្តភាគឧត្តរប្រទេស បច្ចុប្បន្នលោកប្ដីម្ចាស់ហាងរូបនេះ ឡើងមកកាន់តួនាទីជាអនុរដ្ឋលេខាធិការនៅក្រសួងការពារជាតិ។
តាមប្រភពព័ត៌មាន ដែល CEN ទទួលបានពីប្រជាពលរដ្ឋបច្ចុប្បន្នឱ្យដឹងទៀតថា បុគ្គលម្ចាស់ហាងគ្រឿងអលង្ការវីលីណារូបនេះ ក៏មានការជាប់ពាក់ព័ន្ធប្រើល្បិចបោកបញ្ឆោតប្រជាពលរដ្ឋឱ្យឈរឈ្មោះលើដីកម្មសិទ្ធិរួម ឬដីសហគមន៍ណាមួយ ឬដីស្អុយណាមួយ ដោយស្ត្រីម្ចាស់ហាងរូបនេះរួមគំនិតជាមួយប្ដីរបស់ខ្លួនដែលមានឥទ្ធិពលក្នុងខេត្តឧត្តរមានជ័យ (អតីតអភិបាលខេត្តឧត្តរមានជ័យ) ជាអ្នកចេញប្លង់កម្មសិទ្ធិ ឬប្រើឥទ្ធិពលឲ្យអភិបាលស្រុកអភិបាលរងស្រុក ស៊ីញ៉េទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ បញ្ជាក់ថា ជាលិខិត ឬប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់កាន់កាប់ដីធ្លីត្រឹមត្រូវស្របច្បាប់ រួចហើយស្នើខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាថ្នូរនឹងបានលុយកាក់បន្តិចបន្តួច ចំណែកស្ត្រីរូបនេះ គឺបានលុយធំដុំតែម្ដង។
ការរៀបចំប្រជាពលរដ្ឋឲ្យឈរឈ្មោះលើម្ចាស់គ្រប់គ្រងកាន់កាប់ដីធ្លីបែបនេះ ដោយម្ចាស់ហាងគ្រឿងអលង្ការវីលីណារូបនេះ ប្រើមនុស្សឈ្មួញកណ្ដាលម្នាក់ឬច្រើនម្នាក់ ឲ្យដើរប្រមូលប្រជាពលរដ្ឋមកឈរឈ្មោះ, ចំណែកប្រជាពលរដ្ឋក៏ចេះតែយល់ព្រមឈរឈ្មោះអ៊ីចឹងទៅ ព្រោះតែទទួលបានលុយកាក់តិចតួផងដែរ ប៉ុន្តែពួកគាត់ទំនងមិនបានដឹងទេថា ខ្លួនជាប់ឈ្មោះជាអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយផ្ទាល់ ហើយខ្លួនត្រូវមានកាតព្វកិច្ចសងប្រាក់ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ, រីឯ ម្ចាស់ហាង វីលីណា មិនជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះទេ លុះដល់ពេលខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមកទារលុយ គឺទារលុយតែពីប្រជាពលរដ្ឋឈរឈ្មោះតែប៉ុណ្ណោះ នេះហើយជាល្បិចបោកប្រាស់មួយទៀត ដែល CEN នឹងផ្សាយលម្អិតនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ CEN