ខេត្តកំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច កាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៣ បានចុះបង្ក្រាបនិង ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងចំណោមបក្សពួក ៧នាក់ ក្រោយធ្វើសកម្មភាពបន្ទាប់ពី លួចបូមប្រេងពីរថយន្តរបស់ជនរងគ្រោះទាំង ០៣នាក់ ថែមទាំងមានកាន់ដាវឆ្នៃ កាំបិត និងដំបងមកគំរាមម្ចាស់រថយន្ត និងយកដំថ្មគប់រថយន្តបណ្ដាលឱ្យបែកកញ្ចក់ ប្រព្រឹត្ត នៅចំណុចផ្សារត្រែងត្រយឹង ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា ជនសង្ស័យ៤នាក់ខាងលើមាន៖ ១- ឈ្មោះ ភា រាជ ភេទប្រុស អាយុ ២៩ ឆ្នាំ ។ ២- ឈ្មោះ មៀម សុធារ: ភេទប្រុស អាយុ ២៧ ឆ្នាំ ។ ៣-ឈ្មោះ បេង សំណាង ហៅវិត ភេទប្រុស អាយុ ៣១ ឆ្នាំ, ។ ៤-ឈ្មោះ តូរ៉ា ភេទប្រុស អាយុ ២៧ ឆ្នាំ ។ អ្នកទាំង០៤នាក់ មានទីលំនៅ នៅបន្ទប់ជួល ស្ថិតនៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ចំណែកឯជនរងគ្រោះ៣នាក់មាន៖ ១.ឈ្មោះ ដាំ សុខរុន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិចន្លោះរ៉េត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ២.ឈ្មោះ យ៉ន រតនា ភេទប្រុស អាយុ ២៨ឆ្នាំ ។៣. ឈ្មោះ សន វ៉ាន់ថេង ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំង០២នាក់ មានទីលំនៅភូមិដានគោម ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត ។
ក្រោយឃាត់ខ្លួន, ពួកគេ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព លួចបូមប្រេងពីរថយន្តរបស់ជនរងគ្រោះ ថែមទាំងមានកាន់ដាវឆ្នៃ កាំបិត និងដំបងមកគំរាមម្ចាស់រថយន្ត និងយកដំថ្មគប់រថយន្តបណ្ដាលឱ្យបែកកញ្ចក់ ពិតប្រាកដមែន ។

បច្ចុប្បន្ន, ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ខេត្តកំពង់ស្ពឺ ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

