រាជធានីឡុងដ៍៖ ស្របពេលប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅបំពេញទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើល ជាលើកដំបូង នៅចក្រភពអង់គ្លេស ចាប់តាំងពីរុស្ស៊ី បានចូលុកលុយ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នោះមក ក្រុងឡុងដ៍ បានសម្រេចផ្ដល់ការបណ្ដុះបណ្ដាល ដល់កងទ័ពអាកាសរបស់ក្រុងកៀវ ឲ្យចេះប្រើប្រាស់យន្ដហោះចម្បាំង តាមមាត្រដ្ឋាន ឬ ស្ដង់ដាររបស់អង្គការណាតូ។

សារព័ត៌មាន Breaking Defense បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៨ ខែកុម្ភៈ ថា លោក រីស៊ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បានស្នើសុំជាផ្លូវការ ដល់រដ្ឋមន្ត្រីការពារជាតិ លោក បែន វ៉ាលឡេស (Ben Wallace) ឲ្យពិនិត្យមើល ថាតើយន្តហោះចម្បាំងរបស់កងទ័ពអាកាសភូមិន្ទចក្រភព (RAF) អាចនឹងត្រូវបានផ្គត់ផ្គង់ ទៅជួយដល់កងទ័ពអាកាសអ៊ុយក្រែន ដែរឬយ៉ាងណា ក្រោយពេលមានការប្រកាស ថា ក្រុងឡុងដ៍ នឹងផ្តល់ការបណ្តុះបណ្តាល ដល់អ្នកបើកយន្តហោះចម្បាំងចម្បាំងរបស់ក្រុងកៀវ ជាលើកដំបូង។
ទោះជាយ៉ាងណា សកម្មភាពផ្ទេរយន្ដហោះចម្បាំងនេះ នៅមិនទាន់មកដល់នៅឡើយ ខណៈនាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស លោក រីស៊ី ស៊ូណាក់ បានអះអាង ថា ក្រុងឡុងដ៍ ចង់មានដំណោះស្រាយ រយៈពេលវែង ជាជាងសមត្ថភាព រយៈពេលខ្លី។ ប៉ុន្តែចក្រភពអង់គ្លេស អាចកត់សម្គាល់ អំពីពេលវេលាដ៏សំខាន់មួយ នៅក្នុងការប្រយុទ្ធ ប្រឆាំងនឹងរុស្ស៊ី ដោយការចាប់ផ្តើមផ្គត់ផ្គង់យន្តហោះ មានសមត្ថភាពខ្ពស់ ផលិតដោយលោកខាងលិច។

ការិយាល័យរបស់លោកនាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានចេញសេចក្ដីថ្លែងការណ៍មួយ នៅមុនដំណើរបំពេញទស្សនកិច្ចរបស់លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) កាលពីថ្ងៃពុធ ថា ក្រុងឡុងដ៍ បានបញ្ជាក់ជាផ្នែកមួយ នៃកិច្ចពិភាក្សា រវាងមេដឹកនាំទាំងពីរ។លោក Sunak នឹងជំរុញដល់ការបណ្តុះបណ្តាលរបស់ចក្រភពអង់គ្លេស សម្រាប់កងទ័ពអាកាសរបស់អ៊ុយក្រែន រួមទាំងការពង្រីកសមត្ថភាព ជួយដល់អ្នកបើកយន្តហោះចម្បាំង ដើម្បីធានា ថា អ៊ុយក្រែន អាចការពារដែនអាកាសរបស់ខ្លួនបានយ៉ាងល្អ ទៅថ្ងៃអនាគត។
រហូតមកដល់ពេលនេះ កងទ័ពអាកាសរបស់អ៊ុយក្រែន កំពុងតែប្រតិបត្ដិការ នៅលើយន្ដហោះចម្បាំង សន្សល់ទុកតាំងតែពីសម័យសហភាពសូវៀត រួមមាន Su-24 (ស៊ូ-២៤) Su-25 និង MiG-29 (មីគ-២៩)។ ប៉ុន្ដែប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី បានអំពាវនាវ អស់រយៈពេលជាយូរមកហើយ ដល់ដៃគូ និង សម្ពន្ធមិត្ត សុំឲ្យជួយផ្គត់ផ្គង់យន្តហោះចម្បាំង ផលិតដោយសហរដ្ឋអាមេរិក ប្រភេទ F-16 ជួយដល់ក្រុងកៀវ។ យន្ដហោះប្រភេទនេះ ត្រូវបានកងទ័ពអាកាសភូមិន្ទចក្រភព លែងប្រតិបត្ដិការ ហើយសហរដ្ឋអាមេរិក តែងតែបដិសេធនូវការផ្គត់ផ្គង់ ដល់ប្រទេសអ៊ុយក្រែន រហូតមក។
ការិយាល័យរបស់លោកនាយករដ្ឋមន្រ្ដី ស៊ូណាក់ បានសង្កត់ធ្ងន់ ថា «ការបណ្ដុះបណ្ដាលជំនាញបើកបរយន្ដហោះ ត្រូវតែធ្វើឲ្យប្រាកដ ថា អាកាសយានិកទាំងនោះ មានសមត្ថភាពហោះហើរយន្ដហោះប្រយុទ្ធ តាមស្ដង់ដារដ៏សាំញ៉ាំរបស់អង្គការណាតូ»។

បច្ចុប្បន្ន កងយន្ដហោះចម្បាំងរបស់កងទ័ពអាកាសភូមិន្ទចក្រភព ប្រតិបត្ដិការ លើយន្ដហោះ Eurofighter Typhoon (អឺរ៉ូហ្វាយធ័រ ថៃហ្វូន) និង យន្ដហោះចម្បាំងបំបាំងកាយដ៏ទំនើប F-35 ផលិតដោយអាមេរិក។ វាជាការពិតណាស់ មានតែយន្ដហោះ Eurofighter Typhoon ប៉ុណ្ណោះ ទំនងជាផ្នែកមួយ នៃការពិចារណាលើការហ្វឹកហ្វឺន ដល់កងទ័ពអាកាសរបស់អ៊ុយក្រែន ខណៈយន្ដហោះចម្បាំងមួយចំនួន កំពុងស្ថិតក្នុងការកំណត់ សម្រាប់ការចូលនិវត្តន៍ ស្របពេលកងយន្តហោះ F-35 របស់ចក្រភពអង់គ្លេស កំពុងតែប្រតិបត្ដិការ។ យន្តហោះ F-35 ផលិត ដោយក្រុមហ៊ុន Lockheed Martin មានតម្លៃថ្លៃបំផុត ហើយត្រូវបានប្រើ ដោយសម្ពន្ធមិត្តមួយចំនួនរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែយន្ដហោះប្រភេទនេះ នៅតែមិនទាន់ជាផ្នែក សម្រាប់ការពិភាក្សាណាមួយ សម្រាប់អ៊ុយក្រែន នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN









