ស្ត្រីម្នាក់កំពុងអង្គុយនៅក្បែរទ្វារនៃភោជនីយដ្ឋានតូចមួយ នៅក្នុង Baoji នៅក្នុងខេត្ត Shaanxi ស្ថិតនៅភាគខាងជើងនៃប្រទេសចិន ជាមួយប្តីរបស់នាង ។ នៅពេលនោះ ក្មេងប្រុសអាយុ ៤ ឆ្នាំម្នាក់ បានរត់យ៉ាងលឿនកាត់តុរបស់នាងចូលក្នុងហាង ដែលបណ្តាលឲ្យវាំងននជ័រទន់ទ្វារបោកប៉ះនាង គ្រាន់តែបន្តិចបន្តួចប៉ុណ្ណោះ ។
ប្តីប្រពន្ធនេះក៏បង្ហាញភាពភ្ញាក់ផ្អើល ពីការរំខាននេះ ហើយនៅពេលក្មេងប្រុសតូចនេះ រត់ឆ្លងកាត់នាង ដើម្បីចេញខាងក្រៅភោជនីយដ្ឋានវិញ ស្រាប់តែស្ត្រីគ្មានការយល់យោគនេះ យកជើងរបស់នាងទៅខ្ទាស់នឹងជើងរបស់ក្មេងប្រុសនេះ បណ្តាលឲ្យវាដួលផ្ទប់នឹងកម្រាលតែម្តង ។
ឃើញបែបនេះ ម្តាយរបស់ក្មេងប្រុសនោះ ក៏បានប្រញាប់ប្រញាល់ស្ទុះមកលើកកូនប្រុសរបស់នាងឡើង ខណៈប្តីប្រពន្ធនេះបន្តញ៉ាំដោយពុំអើពើ ។ ទោះយ៉ាងណា ក្មេងប្រុសដែលទទួលរងពីជំងឺបេះដូង ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យ ហើយវេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យរកឃើញថា វាបានរងការប៉ះទង្គិចស្រាល បន្ទាប់ពីហេតុការណ៍នេះ ។
ស្ត្រីមានផ្ទៃពោះចិត្តកំណាចនេះ បានរងទទួលការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកប្រើប្រាស់អ៊ិនធើរណេត បន្ទាប់ពីពួកគេបានឃើញវីដេអូនៃហេតុការណ៍ដ៏ហួសចិត្តនេះរីករាលដាលនៅលើបណ្តាញសង្គមចិន ។ ស្ត្រីម្នាក់និយាយថា៖ «ក្នុងនាមជាមនុស្សម្នាក់ ដែលជិតក្លាយជាម្តាយរបស់ក្មេងម្នាក់ទៅហើយ មិនគួរណាធ្វើទង្វើបែបនេះសោះឡើយ ពិតជាគួរឲ្យខ្មាស់ណាស់» ។ រីឯអ្នកដទៃទៀតលើកឡើងថា៖ «សូមអ្នកធ្វើអំពើល្អៗសម្រាប់ទារកនៅក្នុងផ្ទៃរបស់នាង» ៕ ចន្ទី