ភ្នំពេញ៖ CIPS ជាប្រព័ន្ធទូទាត់ថ្នាក់អន្តរជាតិ ដូចទៅនឹងប្រព័ន្ធ SWIFT ដែលផ្តល់នូវសេវាផាត់ទាត់ និងទូទាត់សម្រាប់សមាជិក ដើម្បីទូទាត់ឆ្លងព្រំដែនជាប្រាក់យ៉ន់ចិន។

CIPS ត្រូវបានបង្កើតឡើងដោយធនាគារកណ្តាលចិន នៅឆ្នាំ ២០១៥។ បច្ចុប្បន្ន CIPS មានសមាជិកផ្ទាល់យ៉ាងហោចណាស់ចំនួន ៧៦ និងមាជិកប្រយោល ១២៦៥ គ្រឹះស្ថាន ដែលក្នុងនោះមកពីតំបន់អាស៊ី ៩៦៥ ទ្វីបអឺរ៉ុប ១៨៥ទ្វីបអាហ្វ្រិក ៨៦ អាមេរិកខាងជើង ២៩ ទ្វីបអូសេអានី ២៣ និងអាមេរិកខាងត្បូង ១៧ ដែលមកពី ១០៦ប្រទេស។ គោលបំណងចម្បងនៃការបង្កើតប្រព័ន្ធ CIPS គឺដើម្បីគាំទ្រអន្តរតូបនីយកម្មប្រាក់យ៉ន់ចិន។

បច្ចុប្បន្នកម្ពុជា គឺជាសមាជិកប្រព័ន្ធទូទាត់អន្តរជាតិ SWIF របស់លោកខាងលិច ដែលមានធនាគារធំៗជាសមាជិកប្រមាណ ២០០០នៅលើពិភពលោក។
លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា ដំណើរការក្នុងការចូលជាសមាជិកប្រព័ន្ធ CIPS នឹងវិវត្តជាវិជ្ជមាន ហើយយ៉ាងយូរនៅដំណាច់ឆ្នាំនេះ ដោយសារការយល់ដឹងពីលក្ខណ្ឌជាសមាជិក CIPS និងភាពអំណោយផល ពីជំនួបទ្វេភាគីរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងចិននាពេលថ្មីៗនេះ។

កម្ពុជា រំពឹងថា នឹងអាចចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិន (CIPS) នៅចុងឆ្នាំ ២០២៣នេះ បន្ទាប់ពីជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ នៅទីក្រុងប៉េកាំង នាពេលថ្មីៗនេះ ដោយកម្ពុជាបានស្នើឲ្យភាគីចិនជួយពន្លឿនលើដំណើរការចូលជាសមាជិកនេះ។
លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា ការចូលជាសមាជិក CIPS នឹងផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់កម្ពុជាដូចជា ផ្តល់ជាជម្រើសបន្ថែមក្នុងការទូទាត់ទៅកាន់ពិភពលោក និងតំបន់, សម្រួល និងជំរុញពាណិជ្ជកម្មការវិនិយោគ និងទេសចរណ៍ ជាពិសេសពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសចិន និងប្រទេសទទួលការទូទាត់ជាប្រាក់យ៉ន់ និងសម្រួលការវិនិយោគទុនបម្រុងអន្តរជាតិ របស់កម្ពុជាជាប្រាក់យ៉ន់។
គួរបញ្ជាក់ថា បើតាមលោកជំទាវបណ្ឌិត ជា សិរី មិនប្រកដថា រាល់ប្រតិបត្តិការតាម CIPS មានតម្លៃទាបជាង SWIFT ហើយក៏មិនប្រាកដថារាល់ប្រតិបត្តិការតាម SWIFT មានតម្លៃទាបជាង CIPS ទេ។ ដូច្នេះកាលណាមានពីរជម្រើស យើងចំណេញ។ ខាងណាចំណាយទាបជាង ខាងណាអាចឱ្យយើងចំណេញជាង យើងទូទាត់តាមខាងនោះ៕