ជឿថា បងប្អូនប្រិយមិត្តជាច្រើន បានដឹងរួចហើយ ពីពាក្យប្រជាពលរដ្ឋតែងនិយាយតៗគ្នាថា ម៉ូតូ ឡាន ឲ្យតែដល់ដៃតុលាការ ឬ ដៃសមត្ថកិច្ចគ្រប់គ្រង គឺដឹងថា «ស៊ីគ្រឿង» ខ្ទេចហើយ កុំសង្ឃឹមថា នៅល្អដូចដើមនោះ។
ជាក់ស្តែង ថ្មីៗនេះ ម្ចាស់ឡានម្នាក់ ពិតជាតក់ស្លុតយ៉ាងខ្លាំង នៅពេលឃើញឡានរបស់ខ្លួន ត្រូវបាន «ស៊ីគ្រឿង» គ្មានសល់នោះទេ ពោលគឺប្រៀបដូចខ្មោចឡានអ៊ីចឹង ខណៈពេលទៅយកឡានមកប្រកបមុខរបរវិញ ក្រោយដោះស្រាយករណីបង្កគ្រោះថ្នាក់ចរាចរណ៍ ជាមួយជនរងគ្រោះចប់សព្វគ្រប់។
តាមរយៈវីដេអូដែលម្ចាស់ឡានបង្ហោះ បានបង្ហាញស្ថានភាពឡានរបស់គាត់ ម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-0316 ត្រូវបានគេលួចដោះយកដំដេ ខ្សែភ្លើង កុងទ័រ តាឡូ និងគ្រឿងដទៃទៀត រហូតសឹងតែចំណាំឡានខ្លួនឯងលែងបាន។
បើតាមម្ចាស់រថយន្តដែលមានឈ្មោះ យី សម្បត្តិ អាយុ ៣២ ឆ្នាំ បានឲ្យដឹងថា នៅពេលមន្ត្រីនគបាលចរាចរណ៍ យកទៅរក្សាទុក គឺរថយន្តរបស់គាត់ នៅអាចបើកបានធម្មតា ពោលគឺមានគ្រឿងគ្រប់ទាំងអស់ ប៉ុន្តែ មិននឹកស្មានថា មន្ត្រីយកទៅរក្សាទុក បែរជាអស់គ្រឿងរលីងបែបនេះសោះឡើយ។
ម្ចាស់រថយន្តខាងលើ ក៏បានប្រាប់ពីដំណើររឿងហេតុឲ្យដឹងថា គាត់បានបើកឡានជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយម៉ូតូ កាលអំឡុងខែឧសភា ឆ្នាំ២០២២ នៅចំនុចផ្លូវប្រសព្វអក្សរតេ ផ្លូវជាតិលេខ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយសារតែគាត់ពុំមានលទ្ធភាពដោះស្រាយជូនទៅម្ចាស់ម៉ូតូដែលរងរបួស ក៏បានឲ្យប៉ូលិសយកឡានទៅរក្សាទុកប៉ុណ្ណោះអាសន្ន ដើម្បីខិតខំរកលុយ យកមកដោះស្រាយជូនភាគីជនរងគ្រោះ។ ប៉ុន្តែ បន្ទាប់ខិតខំរកលុយបានខ្លះ បូករួមចងការគេបន្ថែមខ្លះ យកមកដោះស្រាយចប់សព្វគ្រប់រួចរាល់ ហើយត្រឡប់មកសុំយកឡានទៅរកស៊ីវិញ ស្រាប់តែឃើញស្ថានភាពបែបនេះ ធ្វើឲ្យរូបលោកស្លុតចិត្ត និងឈឺចាប់យ៉ាងខ្លាំងតែម្តង។
ទាក់ទងករណីនេះ ស្រាប់តែប្រធានការិយាល័យចរាចរណ៍ បានឆ្លើយប្រាប់អង្គភាពសារព័ត៌មានក្នុងស្រុកមួយ ឲ្យដឹងបែបនេះថា នេះមិនមែនជាការរក្សាទុកទេ គឺជាបញ្ញើរបស់តុលាការប៉ុណ្ណោះ និងថា ដោយសារទីតាំងចង្អៀត ទើបពិបាកគ្រប់គ្រង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





