ភ្នំពេញ៖ កម្ពុជា និងសហភាពអឺរ៉ុប បានជួបពិភាក្សាការងារជាមួយគ្នា ដើម្បីបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាពិសេសគឺវឌ្ឍនភាពការងារក្នុងការបើកច្រកទីផ្សារសម្រាប់សេវាកម្មពាណិជ្ជកម្មរវាងភាគីទាំងពីរ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី១0-១១ ខែមីនា ឆ្នាំ២០២២។

នេះបើតាមការឲ្យដឹងពីកិច្ចពិភាក្សារវាង ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ប៉េត្រូស ស៊ូម៉េលីស (Petros Sourmelis) ប្រធានផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងសហការី។

ក្នុងជំនួបនោះ ភាគីទាំងពីរបានឯកភាព និងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ព្រមទាំងតាមដានវឌ្ឍនភាពការងារប្រកបដោយស្មារតីជួយគ្នាទៅវិញទៅមក សំដៅបំរើឱ្យផលប្រយោជន៍នៃភាគីទាំងពីរ ដោយផ្អែកលើគោលការណ៍ច្បាប់ និងភាពស្មើមុខ-ស្មើសិទ្ធលើឆាកអន្តរជាតិ។

ឯកឧត្តម សុខ សុភ័ក្រ្ត បានឲ្យដឹងពីកំណើនទំហំពាណិជ្ជកម្មនៃភាគីទាំងពីរ ដែលបង្ហាញពីសញ្ញាវិជ្ជមាននៃការត្រៀមងើបឡើងវិញនៃសេដ្ឋកិច្ច។ ឯកឧត្តម បន្តថា ចំពោះ កិច្ចសហប្រតិបត្តិការ សហភាពអឺរ៉ុប និងការគាំទ្រផ្នែកបច្ចេកទេស ព្រមទាំងជំនួយហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍលើវិស័យសំខាន់ៗរបស់កម្ពុជា រួមមានគម្រោងការគាំទ្រសមាហរណកម្មអាស៊ានបូកកម្ពុជា (ARISE plus Cambodia) ជាដើម។
ទន្ទឹមគ្នានេះ ភាគីសហភាពអឺរ៉ុប បានសន្យាថា នឹងបន្តផ្តល់ជំនួយបច្ចេកទេស និងកម្មវិធីកសាងសមត្ថភាពបន្ថែមទៀត ជូនដល់កម្ពុជាតាមការចំាបាច់ សំដៅជួយអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់របស់កម្ពុជា ជាពិសេសសម្រាប់ការចាកចេញពីឋានៈជា LDC របស់កម្ពុជា និងការបន្តទទួលបានភាពអនុគ្រោះនានា។

បើតាមឯកឧត្តម សុខ សុភ័ក្រ្ត បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការសម្របសម្រួលដល់ដំណើរការដោះស្រាយបញ្ហាបើកច្រកទីផ្សារផ្នែកសេវាពាណិជ្ជកម្មដើម្បីលើកទឹកចិត្ត និងទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកវិនិយោគនៅប្រទេសកម្ពុជា ដែលរួមមាន ការធ្វើបច្ចុប្បន្នភាព សេចក្ដីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ការផ្ដល់សេវាទីភា្នក់ងារពិគ្រោះយោបល់ផ្នែកច្បាប់ និង ការបង្កើតតុលាការពាណិជ្ជកម្មរបស់កម្ពុជាជាដើម។
គួរបញ្ជាក់ថា លោក Petros Sourmelis បានទទួលស្គាល់អំពីកំណើនទំហំពាណិជ្ជកម្មរវាងកម្ពុជា-សហភាពអឺរ៉ុប និងបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការការងាររវាងក្រសួងពាណិជ្ជកម្ម និងសហភាពអឺរ៉ុប ព្រមទាំងសន្យាបន្តជួយគាំទ្រ កម្ពុជា ក្នុងដំណើរការនៃការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច(LDC Graduation)៕