Thursday, June 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជពិធីច្រត់ព្រះនង្គ័ល នឹងប្រារព្ធឡើងនៅខេត្តកំពង់ធំនាថ្ងៃទី០៨ ខែឧសភា

ភ្នំពេញ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល នឹងប្រារព្ធឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅទីព្រះស្រែ ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះរាជពិធីច្រត់ព្រះនង្គ័លនាឆ្នាំនេះ ស្តេចមាឃ និង មេហួ ដែលមានឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈភិបាលខេត្តកំពង់ធំ ជាស្តេចមាឃ និងលោកជំទាវ ហុង ផានី ជាមេហួ។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបើកកិច្ចប្រជុំនៅរឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ ឮរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការទទួលបន្ទុករៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ដោយមានការអញ្ជើញចូលរួមពី រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត ក្នុងការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលនឹង ប្រារព្ធឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅទីព្រះស្រែ ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ឯកឧត្តម ឈិន កេតនា បានជម្រាបជូនពីព្រះរាជកម្មវិធី និងការប្រព្រឹត្តទៅនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល និងបានផ្តល់នូវអនុសាសន៍មួយចំនួនស្តីអំពី គម្រោងផែនការ ណែនាំលើកិច្ចការសំខាន់ៗជាច្រើនដូចជាការរៀបចំចាប់តាំងក្រុមពិធីការនៅតាមផ្លូវចូលទៅកាន់ទីតាំង សម្រាប់ប្រារព្ធព្រះរាជពិធី ការរៀបចំទង់ជ្វាលីនៅទីតាំងព្រះពន្លាជ័យ និងការងារសន្តិសុខសណ្តាប់ធ្នាប់ជាដើម ។

អង្គប្រជុំ ក៏បានពិភាក្សាផងដែរ អំពីការរៀបចំសាកល្បងព្រះរាជពិធីច្រត់ព្រះនង្គ័លមុនថ្ងៃប្រារព្ធនូវព្រះរាជពិធី ដើម្បីធ្វើឲ្យព្រះរាជពិធីមានកិច្ចដំណើរការយ៉ាងល្អប្រសើរ និងខ្ពង់ខ្ពស់បំផុត។
ការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ធំ ដោយអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩។

ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ បានសំណូមពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងគណៈកម្មការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល និងតំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យសម្រេចបាន លទ្ធផលល្អប្រសើរ។

តាមការស្រាវជ្រាវពីប្រវត្តិសាស្រ្តបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័លត្រូវបានរៀបចំធ្វើរាល់ឆ្នាំនាខែពិសាខ នៅទីព្រះស្រែណាមួយ (ក្រោយមកគេនិយមធ្វើជារៀងរាល់ឆ្នាំនៅវាលព្រះមេរុ) ។
ន័យនៃពិធីនេះ គឺព្រះរាជា ឬអ្នកតំណាងព្រះអង្គភ្ជួរស្រែឱ្យមានគន្លងមុនគេ ជាតម្រុយឱ្យរាស្ត្រប្រជាទូទៅ ធ្វើតាមជាក្រោយ ។
ពិធីបុណ្យនេះ ស្ថិតនៅក្នុងចំណោមព្រះរាជពិធីទ្វាទសមាស (ព្រះរាជពិធីបុណ្យដែលធ្វើក្នុងមួយខែម្ដងជាទំនៀមតាមរាជប្រពៃណី)។
រឿងរ៉ាវដែលទាក់ទងទៅនឹង ប្រវត្តិនៃពិធីបុណ្យនេះ ត្រូវបានឯកសារមួយចំនួនកត់ត្រាថា មានរូបរាងនៅលើទឹកដីនៃកម្ពុជទេស តាំងពីអំឡុងរាប់ពាន់ឆ្នាំ កន្លងមកហើយ ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ច្រើនតែធ្វើនៅថ្ងៃ ១រោច ២រោច និង ៣រោច ខែពិសាខ ដោយចាត់ឱ្យ មានព្រាហ្មណ៍៥ នាក់ ធ្វើហោមពិធីបូជាទេវតា ៥កន្លែង នៅទីព្រះស្រែ ។
ពេលខ្លះព្រះរាជាយាងច្រត់ព្រះនង្គ័លដោយផ្ទាល់ ប៉ុន្តែពេលខ្លះតំណាងព្រះរាជា ជាអ្នកច្រត់ព្រះនង្គ័ល ។
ថ្ងៃ ៤ រោច ខែ ពិសាខ គេចាប់ផ្តើមហែមន្ត្រី អ្នកច្រត់ព្រះនង្គ័លតំណាងព្រះរាជា ហៅថា ស្តេចមាឃ និងភរិយាព្រះមេហួរតំណាងព្រះអគ្គមហេសី ចេញពីព្រះបរមរាជវាំង ទៅកាន់ទីព្រះស្រែ ដោយនៅទីនោះ មានគោ៣នឹម ទឹមរួចជាស្រេចសម្រាប់ច្រត់ព្រះនង្គ័ល ។ អ្នកចូលរួមទាំងប្រុសទាំងស្រីស្លៀកពាក់តាមលក្ខណៈប្រពៃណីខ្មែរយ៉ាងល្អឆើតឆាយ។
គោនឹមទី១ ដែលទឹមសម្រាប់ ច្រត់ព្រះនង្គ័ល នោះ គេហៅថា ” ព្រះគោ “ឬ ” គោឧសភរាជ “( គោឈ្មោលរបស់ព្រះរាជា ) ។តាមរាជបវេណី ” ព្រះគោ ” ឬ ” គោឧសភរាជ ” នេះ មានកំណត់លក្ខណៈ ច្បាស់លាស់ គឺសម្បុរខ្មៅ ស្នែងរាងចំពាស់ ឈ្នក់ ឬ ប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ចុងទៅលើបន្ដិច ។
គោនឹមទី ២ ដែលប្រើសម្រាប់ហែមុខហែក្រោយនោះ ដូចជាមិនទាន់ឃើញថាមានកំណត់លក្ខណៈនៅឡើយ ។ ទោះយ៉ាងណាតាមដែលធ្លាប់ប្រើមកហើយ ឃើញច្រើនតែសម្បុរក្រហម ។ ឯព្រះនង្គ័លទាំង៣ នោះ គេលាបថ្នាំពណ៌ខ្មៅកាត់ខ្សែក្រហមដោយអន្លើៗឯចន្ទោលព្រះនង្គ័លសម្រាប់អ្នក តំណាងព្រះរាជានោះ មានលក្ខណៈពិសេសជាងគេ គឺធ្វើជារូបនាគ លាបថ្នាំពណ៌មាស នៅត្រង់ ក នាគ និង មានភូ (សរសៃរំយោល)ធ្វើពីរោមសត្វ ។
គោលបំណងសំខាន់បំផុត នៃ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺធ្វើឡើងដើម្បីជាការព្យាករណ៍ ឬ ទស្សន៍ទាយ អំពីផលដំណាំកសិកម្ម និង ហេតុភេទ ដែលអាចនឹងកើតមានឡើងនៅក្នុងរយៈពេលពេញមួយឆ្នាំ តាមរយៈទង្វើរបស់គោ នៅក្នុងព្រះរាជពិធីនោះ ។

ព្រះរាជា ឬ ស្តេចមាឃ ដែលជាតំណាងឲ្យព្រះមហាក្សត្រ ជាអ្នកភ្ជួរព្រះមេរុ រីឯមហាក្សត្រិយានី ឬដែលតំណាងដោយព្រះមេហួរជាអ្នកព្រួសគ្រាប់ពូជពីក្រោយ។ វាលព្រះមេរុត្រូវបានភ្ជួរចំនួនបីជុំនៅក្នុងពិធីនោះ។
នៅក្នុងបរិវេណទីលានព្រះស្រែ ឬ វាលព្រះមេរុ នោះ មានសង់ព្រះពន្លា គឺ រោង ដ៏ស្រស់ស្អាត ហើយនៅមុខព្រះពន្លានោះ មាន តុ ចំនួន៧ ហើយនៅលើតុនីមួយៗមានតម្កល់ទៅដោយរបស់មួយមុខគឺ គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ និងស្រា១ តុ ។
នៅក្នុងព្រះរាជពិធីនេះបន្ទាប់ពីបានភ្ជួរដូចបានរៀបរាប់ខាងលើមក គឺជាពិធីផ្សងគោឧសភរាជ្យ ។ ពិធីផ្សងគោឧសភរាជ្យ នេះ ព្រាហ្មណ៍ដែលជាព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សងគោ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យបរិភោគអាហារ ៧ យ៉ាង ខាងលើនេះ ។ កាលព្រះគោបរិភោគអ្វីមួយ ព្រាហ្មណ៍ ក៏ព្យាករណ៍នូវព្រឹត្តិការណ៍ឬទស្សន៍ទាយតាមប្រផ្នូលនោះសម្រាប់រយៈពេលពេញមួយឆ្នាំនេះ ដូចជា ជំងឺរាតត្បាត ទឹកជំនន់ ទិន្នផលល្អ និង មានភ្លៀងធ្លាក់ច្រើន ឬ តិច ជាដើម៕ រក្សាសិទ្ធិដោយ: ចេស្តារ

×