ភ្នំពេញ៖ ទីលានទុកសំរាមនៅក្រុងពោធិ៍សាត់ ជាគម្រោងកែលំអរ គ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហាន់ទីមួយ ស្ថិតនៅក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី ADB។ រាជរដ្ឋាភិបាល មានគោលបំណង ក្នុងការបង្កើតទីតាំងចាក់សំរាមស្តង់ដានេះ ឲ្យបានច្រើនបន្ថែមទៀតតាមបណ្តាខេត្ត។

បើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន ចំពោះគម្រោង ដែលរាជរដ្ឋាភិបាល គ្រោងបង្កើតទីលាន់ចាក់សំរាម បែបស្តង់ដានៅតាមបណ្តាខេត្តនេះ មានដូចជាខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ បាត់ដំបង ជាដើម រីឯខេត្តកែប ក៏មានទីលានរួចហើយ ។ ក្រសួងបរិស្ថាន នឹងធ្វើការជាមួយដៃគូបន្ថែមទៀតដើម្បីសាងសង់ទីលាចាក់សំរាម ដូចជា ខេត្តសៀមរាប ខេត្តជាប់ព្រំដែន ដូចជា ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង ដែលជាគោលដៅរបស់ក្រសួងបរិស្ថាន ដើម្បីនឹងគ្រប់គ្រងសំរាមឱ្យបានល្អ ជាផ្នែកមួយ នៃគោលនយោបាយជាតិ ក្នុងការគ្រប់គ្រងសំណល់រឹងសំរាម ដែលរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្ត។

បើតាមនាយកគម្រោងទីលានទុកសំរាមក្រុងពោធិ៍សាត់ លោក វង្ស ពិសិដ្ឋ បានឱ្យដឹងថា ទីលានទុកសំរាមនេះ សាងសង់នៅលើផ្ទៃដីសរុបជាង ១៥ ហិកតា ដោយចំណាយថវិកាប្រមាណជាង ១លាន ៦៧ម៉ឺន ដុល្លារ ដែលមានទីតាំងស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់។ ទីលាននេះ មានសមត្ថភាពផ្ទុកសំរាម ១៤ម៉ឺនម៉ែត្រត្រីគុណ។ ហើយគ្រោងឱ្យប្រើប្រាស់រយ:ពេល ១៥ឆ្នាំ សម្រាប់ប្រជាជនពលរដ្ឋក្រុងពោធិ៍សាត់ និងស្រុកនៅក្បែរទីលានទុកសំរាម ដើម្បីការពារ និងលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ:ការ និងដឹកជញ្ជួន បានមានប្រសាសន៍ថា ការបង្កើតទីលានទុកសំរាមនេះឡើង គឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ប្រសិនបើយើងគ្មានកន្លែងទុកសំរាមត្រឹមត្រូវទេនោះ កាកសំណល់ និងទឹកកខ្វក់ទាំងឡាយ នឹងហូរចូលអូរ ស្ទឹង បឹង ទន្លេ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ប្រជាពលរដ្ឋ ជាអ្នកទទួលទាន និងអ្នកប្រើប្រាស់។

មន្រ្តីក្រសួងបរិស្ថាន បានឲ្យដឹងថា ក្នុងមួយថ្ងៃ សំណល់សំរាម តែងបង្កើតឡើងមានប្រមាណជាង ១ម៉ឺនតោន ហើយក្នុងមួយឆ្នាំ សំណល់សំរាមមានប៉ុន្មាន ៤ លានតោន។ តាមការសិក្សា ក្នុងចំណោមសំរាម ទាំងនេះ គឺមាន ៦៥ ភាគរយ ជាសំរាមសំណល់ សរីរាង្គ, ២០ ភាគរយ ជាសំណល់ប្លាស្ទិក ហើយនៅសល់ប៉ុន្មាន គឺជាសំណល់រឹង៕