ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានកត់សម្គាល់ថា នៅឆ្នាំ២០២២ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញនូវសញ្ញាណវិជ្ជមាន និងបន្តរក្សាបាននូវភាពរឹងមាំ ក្រោយវិបត្តិជំងឺកូវីដ១៩ គួបផ្សំនឹងផលប៉ះពាល់ខ្លះៗ ដែលបណ្តាលមកពីសង្គ្រាមរុស្សីលើអ៊ុយក្រែន។

បើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់ឆ្នាំ២០២៣នេះ វិស័យមីក្រូហិរញ្ញវត្ថុ នឹងផ្តោតអាទិភាព លើការជំរុញកំណើនប្រកបដោយការទទួលខុសត្រូវ ដោយលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានា។

ជាមួយគ្នានេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្តេជ្ញាធានាឲ្យបាននូវតួនាទីដ៏ចាំបាច់របស់វិស័យ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី បើតាមលោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា បន្ទាប់ពីការរឹតបន្តឹងយន្តការរៀបចំឥណទានឡើងវិញ ដើម្បីពង្រឹងស្ថិរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា ឥណទានប្រឈមហានិភ័យ បានកើនឡើងដល់ ២,៥% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅដំណាច់ឆ្នាំ២០២២ បើធៀបនឹង ១,៨% ក្នុងឆ្នាំ២០២១។ បើទោះជាបែបនេះក្ដី កំណើននៃឥណទានប្រឈមហានិភ័យ មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។

យោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញថា ឆ្នាំ២០២២ ត្បិតស្ថានភាពសេដ្ឋកិច្ចពិភពលោក នៅមិនទាន់មានភាពច្បាស់លាស់ ប៉ុន្តែវិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហាក់មានសន្ទុះគួរឲ្យកត់សម្គាល់។ នៅក្នុងនោះ ទំហំឥណទាន និងចំនួនឥណទានអតិថិជន បានកើនឡើង ដោយអតិថិជនឥណទានមាន ចំនួនជាង ២លានគណនី បានកើនឡើង ១០% បើធៀបនឹងឆ្នាំ២០២១ ជាមួយនឹងទំហំឥណទានសរុបជាង ៩ពាន់លានដុល្លារ មានការកើនឡើង ២០% ធៀបនឹងឆ្នាំ២០២១។ សម្រាប់ប្រាក់បញ្ញើ ក៏មានទំហំសរុបជាង ៤ពាន់លានដុល្លារ កើនឡើង ១៤% ធៀបនឹងឆ្នាំ២០២១ ខណៈចំនួនអតិថិជនមានចំនួនសរុបជាង ២លាន ៧សែនគណនី៕