ជំនឿរឿងសត្វឆ្មាខ្មៅ ជាជំនឿដែលមាននៅពាសពេញពិភពលោក បើកាលពីអតីតកាលវិញ ឆ្មាខ្មៅ គឺជានិមិត្តសញ្ញាដែលមនុស្សយុគសម័យក្រិកបុរាណគោរពបូជា តែលុះបន្តវេនគ្នាយូរៗ រហូតមកដល់យុគសម័យកណ្តាលរបស់អឺរ៉ុប ជំនឿចំពោះរឿងនេះ បានក្លាយជារឿងដែលផ្ទុយពីមុនយ៉ាងស្រឡះ។ វាក្លាយជានិមិត្តសញ្ញានៃភាពអាក្រក់ ចង្រៃ ឬប្រផ្នូលមិនល្អទៅវិញ។
សម្រាប់ជនជាតិខ្មែរយើង គេនាំគ្នាជឿថា បើមានសត្វឆ្មាខ្មៅ មកលោតរំលងក្តារមឈូសសព សពនោះនឹងលងសាហាវណាស់ ឬសូម្បីតែវាដើរកាត់មុខក្តារមឈូសក៏ដោយ ក៏អាចរាប់បានថា ជាប្រផ្នូលអាក្រក់ ជាគ្រោះភ័យ និងត្រូវរងបណ្តាសសាដែរ។ ក្នុងគតិជំនឿបុរាណ វាប្រៀបដូចជាស្រមោលចង្រៃ ដែលគេជឿថា បើមានវាចូលមកជិត ជីវិតយើងនឹងមិនអាចរកសេចក្តីសុខឃើញបានឡើយ មានតែសេចក្តីទុក្ខភ័យ ដែលហូរចូលមកយ៉ាងមិននឹកស្មានដល់។

សម្រាប់ជនជាតិជប៉ុនវិញ
នៅប្រទេសជប៉ុន មានប្រវត្តិរឿងរ៉ាវ នេ-កូ-ម៉ា-ដៈ ឬឆ្មាបិសាច (Nekomada) ដែលបាននិទានតៗគ្នាមកថា នៅពេលដែលសត្វឆ្មាខ្លះ មានអាយុច្រើនទៅ វានឹងមានវិញ្ញាណកាន់តែខ្ពស់ និងខ្លាំងឡើង ហើយក្លាយជាឆ្មាបិសាច ដែលគេហៅថា បា-កេ-នេ-កូ។ មានច្រើនវិធី ដែលវាអាចនឹងក្លាយជា បា-កេ-នេ-កូ ហើយនៅពេលដែលកន្ទុយរបស់វាបែកចេញជា ២ផងនោះ វានឹងវិវឌ្ឍក្លាយជាឆ្មាបិសាច ឬ នេ-កូ-ម៉ា-ដៈ ដែលអាចពង្រីកខ្លួនឱ្យធំវែងឡើងដល់ទៅ ១ម៉ែត្រឯណោះ និងភាគច្រើន វានឹងដើរដោយជើងក្រោយទាំង២ ក្លាយជាបិសាចដែលមិនព្រមឱ្យអ្នកណាមកមើលងាយវាបានឡើយ។ បើនរណាប្រតិបត្តិមិនល្អជាមួយវា វានឹងចងចាំទុកយ៉ាងជ្រៅនៅក្នុងចិត្ត។
គេនាំគ្នាជឿថា ការរាំរែករបស់ឆ្មាបិសាច នេ-កូ-ម៉ា-ដៈ អាចគ្រប់គ្រងអ្នកស្លាប់បាន ហើយគេនៅជឿទៀតថា នេ-កូ-ម៉ា-ដៈ គឺជាមូលហេតុរបស់អគ្គិភ័យណាដែលគ្មានមូលហេតុ និងចម្លែកទៀតផង។ ដោយសារតែជំនឿទាំងអស់នោះហើយ ទើបធ្វើឱ្យគេ ត្រូវតែកាត់កន្ទុយសត្វឆ្មាទាំងអស់ចោលតែម្តង ដើម្បីការពារកុំឱ្យវាក្លាយជានេ-កូ-ម៉ា-ដៈ។ រឿងនិទានរបស់នេ-កូ-ម៉ា-ដៈនេះ ខុសប្លែកពីគ្នាទៅតាមតំបន់ អ្នកខ្លះក៏ជឿថា នេ-កូ-ម៉ា-ដៈ នឹងស៊ីមនុស្ស សូម្បីតែម្ចាស់ខ្លួនឯងក៏ដោយ និងការដែលទុកសត្វឆ្មាចោល ឱ្យនៅជាមួយសាកសព គឺជារឿងមួយប្រថុយប្រថានខ្លាំងណាស់ ព្រោះវាអាចនឹងដាស់សាកសពឱ្យមានជីវិតឡើងវិញ និងអាចគ្រប់គ្រង និងបញ្ជាសាកសពនោះបានទៀតផង។ តែខណៈពេលជាមួយគ្នា ក៏មានរឿងតំណាលអំពីនេ-កូ-ម៉ា-ដៈ ដែលបាក់ចិត្តស្រឡាញ់ម្ចាស់របស់ខ្លួន និងប្រែកាឡាជាស្រីក្រមុំរូបស្អាត ដើម្បីរស់នៅជាមួយម្ចាស់ដែលវាស្រឡាញ់នោះទៀតផង។

នៅឯប្រទេសឥណ្ឌាបុរាណ
ក្នុងរឿងតំណាលពីដើមៗរបស់ឥណ្ឌាបុរាណ គេជឿថា ឆ្មាខ្មៅ គឺជាសត្វបិសាច ជាជំនិះរបស់ព្រះសាស់ធី ជាទេពីនៃសេចក្តីស្លាប់របស់ទារក ឬជាទេពបិសាចប្រចាំខ្លួនទារក។ ក្នុងថ្ងៃទី៦ ដែលព្រះសាស់ធី ក្លាយជាទេពីដ៏មានមហិទ្ធិរិទ្ធិ បើនរណាបានឃើញសត្វឆ្មាខ្មៅនៅទីណាមួយ តែងតែត្រូវមើលឃើញព្រះសាស់ធី បង្ហាញកាយឡើងនៅទីនោះដែរ ហើយនឹងមានក្មេង ឬមនុស្សធំស្លាប់នៅទីនោះដូចគ្នាដែរ។ ជាពិសេសក្នុងពិធីបុណ្យសព គេតែងប្រយ័ត្នប្រយែង មិនឱ្យមានសត្វឆ្មាមកប៉ះសាកសពឡើយ ព្រោះជឿថា នឹងកើតមានមន្ទិលមិនល្អចំពោះសាកសពនោះរហូតទៅ។
ក្នុងប្រទេសអេហ្ស៊ីបបុរាណ
សម្រាប់ប្រទេសអេហ្ស៊ីបបុរាណ “សត្វឆ្មា” បានទទួលការគោរពបូជាយ៉ាងខ្ពស់ មានការយកវាមកធ្វើជាម៉ាំមី និងមានការកប់បញ្ចុះរាងកាយ ទុកនៅក្នុងក្តារមឈូសដ៏ល្អប្រណីត និងថែមទាំងបានទទួលការលើកតម្កើងពីពូជពង្សវង្សារបស់ព្រះចៅហ្វ៉ារ៉ូ នៃអេហ្ស៊ីប រួមទាំងគោរពបូជា ឱ្យធ្វើជាទេវរូបឆ្មាដ៏ស័ក្តិសិទ្ធទៀតផង តែក្រោយមក នៅពេលពិភពលោកឈានចូលដល់យុគសម័យកណ្តាលរបស់អឺរ៉ុប សត្វឆ្មាខ្មៅ បែរជាចាប់ផ្តើមត្រូវផ្តល់អត្ថន័យឱ្យក្លាយជា “និមិត្តសញ្ញានៃភាពសំណាងអាក្រក់” ទៅវិញ ព្រោះមានពាក្យតំណាលតៗគ្នាពាក់ព័ន្ធនឹងសត្វឆ្មាខ្មៅ ជាមួយមន្តអាគមងងឹត និងបិសាចសាតាន និងថែមទាំងនាំគ្នាជឿទៀតថា ឆ្មាខ្មៅជាសត្វអពមង្គល ដែលមានចិត្តវិញ្ញាណរបស់បណ្តាមេធ្មប់ ដែលនឹងមានជីវិតជាថ្មី ក្រោយពីត្រូវគំនរភ្លើងដុតរួចហើយនោះ សណ្ថិតក្នុងខ្លួនវា។

សម័យគ្រីស្ទៀន
សម័យគ្រីស្ទៀនដំបូងៗ ក៏គេនាំគ្នាជឿថា “បើមានសត្វឆ្មាខ្មៅដើរកាត់ពីមុខ វានឹងបង្ហាញឱ្យឃើញពីការរារាំងដំណើរផ្លូវ ឆ្ពោះទៅកាន់ស្ថានសួគ៌របស់មនុស្ស” ដូច្នេះទើបពួកវានឹងត្រូវកម្ចាត់ និងកម្ទេចចោលទាំងអស់។ រហូតមកដល់សព្វថ្ងៃនេះ នៅក្នុងប្រទេសអាមេរិក និងប្រទេសជាច្រើនទៀតនៅក្នុងទ្វីបអឺរ៉ុប សុទ្ធតែភ័យខ្លាច និងមិនចង់ប្រទះឃើញសត្វឆ្មាខ្មៅឡើយ។
ចិនបុរាណ
ក្នុងគតិជំនឿរបស់ចិនបុរាណ គេប្រកាន់ថា បើសត្វឆ្មាលោតកន្លងសាកសព វិញ្ញាណរបស់សាកសពនោះនឹងកាចសាហាវខ្លាំងណាស់ ដូច្នេះត្រូវយកកន្ត្រៃ កាំបិត ឬដែក មកដាក់លើដើមទ្រូងសាកសពនោះ ទើបលែងអី។ ដូចគ្នានឹងនៅក្នុងជំនឿរបស់ជនជាតិចាមម៉ាឡាយូដែរ ពួកគេត្រូវតែយកដង្កាប់ដែក មកដាក់លើដើមទ្រូងសាកសព ដើម្បីក្រែងលោមានសត្វឆ្មាលូនចូលមកក្បែរ មកជិត ឬប៉ះសាកសពនោះ។ ដង្កាប់ដែកនោះ នឹងក្លាយជាគ្រឿងសង្កត់ មិនឱ្យសាកសពក្រោកឡើងមកក្លាយជាបិសាចកំណាចដ៏គួរឱ្យភ័យខ្លាចរបស់អ្នកស្រុកបានឡើយ។

នៅប្រទេសរុស្ស៊ី
ជនជាតិរុស្ស៊ីនាំគ្នាជឿថា បើសត្វឆ្មាខ្មៅដើរកាត់មុខលោកអ្នក ចូរប្រញាប់យកដៃចាប់ឡេវអាវភ្លាម គឺជាការរំដោះគ្រោះ និងជួយឃុំគ្រង ឱ្យរួចផុតពីគ្រោះភ័យ។ អ្នកខ្លះជឿថា បើឃើញសត្វឆ្មាខ្មៅដើរកាត់ផ្លូវនៅខាងមុខ គេឱ្យលោកអ្នកដើរថយក្រោយ ១២ជំហាន ទើបមានសុវត្ថិភាព ផុតពីគ្រោះភ័យ តែក៏មានអ្នកខ្លះទៀតណែនាំដែរថា ពេលជួបសត្វឆ្មាខ្មៅនៅទីណាមួយ ចូរអង្អែលរោមលើខ្លួនវាថ្នមៗ ៣ដង ព្រមទាំងនិយាយជាមួយវាដោយសំឡេងទន់ភ្លន់ នោះវានឹងនាំជោគសំណាងល្អដល់ខ្លួនលោកអ្នក។
នៅប្រទេសអង់គ្លេស
ប៉ុន្តែនៅប្រទេសអង់គ្លេសវិញ បែរជាមានជំនឿថា ឆ្មាខ្មៅ គឺជាសត្វដែលបរិសុទ្ធ ជាសត្វនិមិត្តសញ្ញានៃភាពសំណាងល្អ ឬជាប្រផ្នូលល្អ។ ដូចឧទាហរណ៍ដែលប្លែកៗ និងចំណេះដឹង សូមលើកយកមកជម្រាបជូននៅពេលនេះតែម្ដងគឺ ជំនឿរបស់លោកនាយករដ្ឋមន្ត្រី វិនស្តុន ឈើឆៀល ជានាយករដ្ឋមន្ត្រីរបស់អង់គ្លេស ក្នុងអំឡុងសង្គ្រាមលោកលើកទី២ លោកជឿថា ការបានស្ទាបអង្អែលសត្វឆ្មាខ្មៅ តែងតែនាំជោគសំណាងដ៏ច្រើនមកឱ្យយើងជានិច្ច រហូតធ្វើឱ្យប្រជាជនអង់គ្លេសជាច្រើនជឿថា សត្វឆ្មាខ្មៅនេះហើយ ដែលធ្វើឱ្យលោកនាយករដ្ឋមន្ត្រី វិនស្តុន បានទទួលជោគសំណាង ធ្វើឱ្យអាចដឹកនាំប្រទេស ឱ្យរួចផុតពីសភាវគ្រោះវិបត្តិនៃភាពទាស់ទែងប្រឆាំងគ្នាក្នុងយុគសម័យរបស់សង្គ្រាមលោកលើកទី២ បាន ដែលពេលនោះ វាជាជ័យជម្នះដ៏ល្អអស្ចារ្យមួយសម្រាប់ប្រជាជនអង់គ្លេស៕

















































