Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែកៗ និងចំណេះដឹង៖ វីរបុសសង្គ្រាម…រឿងរ៉ាវយុទ្ធជនម្នាក់សុខចិត្តស្លាប់ លោតយកខ្លួនគ្របលើគ្រាប់មីន ដើម្បីការពារមិត្តភក្តិ តែនៅរស់ ដោយសារសាក់កាដូ

ឈុតឆាកដ៏គួរឱ្យរំភើបចិត្តមួយនៅក្នុងខ្សែភាពយន្តរឿង Captain America: The First Avenger គឺនៅពេលដែលតួឯកប្រុស ស្ទីហ្វ រ៉ូជើរ ស្ទុះលោតចូល យករាងកាយរបស់គេទៅពាំងគ្រាប់បែកក្លែងក្លាយជំនួសមិត្តភក្តិនោះ បានធ្វើឱ្យរូបគេក្លាយជាវីរបុរសដ៏ក្លាហានម្នាក់នៅពេលក្រោយមក។ តែ អ្នកគិតថា នៅក្នុងជីវិតពិត តើមានមនុស្សប៉ុន្មាននាក់ ដែលក្លាហានហ៊ានយករាងកាយខ្លួនឯងទៅពាំងគ្រាប់បែបនោះជំនួសអ្នកដទៃ?

ពិតជាមាន! ហើយបុរសម្នាក់នោះគឺ ព្រឹន្ទបាលត្រី ម៉ាធីវ ខ្រៅស៊ើ នាវិកយោធិននៃកងទ័ពអង់គ្លេស ដែលសម្រេចចិត្តលោតចូលទៅរកគ្រាប់មីន ដើម្បីជួយជីវិតមិត្តភក្តិ ហើយគេថែមទាំងនៅមានជីវិតរស់ យ៉ាងមិនគួរឱ្យជឿទៀតផង។

ម៉ាធីវ ជាអ្នកទីក្រុង សូ-លី-ហាល់ ក្នុងមណ្ឌល វេស្ត-មីត-លែន ក្នុងប្រទេសអង់គ្លេស ដែលមានបទពិសោធន៍ខ្ពស់ក្នុងសមរភូមិ ដោយមុនពេលគេចូលរួមក្នុងកងកម្លាំងនាវិកយោធិន កាលពីខែវិច្ឆិកា ឆ្នាំ២០០០ គេធ្លាប់ធ្វើជាសមាជិករបស់កងពលហ្វឹកហាត់ខាងអាកាស២០៣០ (Elmdon & Yardley)។ គេធ្លាប់បានទៅប្រយុទ្ធនៅក្នុងប្រទេសអ៊ីរ៉ាក់ ៣លើក និងនៅអាហ្វហ្គានីស្ថាន ១លើកទៀត រួមទាំងធ្លាប់ជាសមាជិកម្នាក់ ក្នុងចំណោម ៤០នាក់របស់អង្គភាពកុម្ម៉ង់ដូ ក្នុងឆ្នាំ២០០២ ដល់ឆ្នាំ២០០៥ និងម្ដងទៀតក្នុងឆ្នាំ២០០៧ និង២០០៨ ទៀតផង។

នៅថ្ងៃទី៩ វិច្ឆិកា ២០០៧ ម៉ាធីវបានទទួលការស្ងើចសរសើរថា ជាអ្នកជួយសង្គ្រោះជីវិតមិត្តទាហានដូចគ្នា ១នាក់ ដែលរងរបួសធ្ងន់ដោយសារត្រូវគ្រាប់ចំដើមទ្រូង ក្នុងការពើបប្រយុទ្ធគ្នាដ៏ខ្លាំងក្លា ដែលធ្វើឱ្យក្រុមគ្រូពេទ្យមិនអាចចូលទៅជួយសង្គ្រោះអ្នករបួសបានអស់រយៈពេលជាង ២០នាទី។ ក្នុងអំឡុងពេលនោះ ម៉ាធីវ គឺជាអ្នកការពារសម្លាញ់របស់គេ រហូតទាល់តែអាចភៀសខ្លួនចេញមកបាន។ បន្ទាប់ពីនោះមកមិនយូរប៉ុន្មាន រូបគេក៏បានជួបនឹងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលប្រតិបត្តិភារកិច្ច ដល់ថ្នាក់ត្រូវបញ្ជូនខ្លួនត្រឡប់ទៅប្រទេសអង់គ្លេសវិញ ដើម្បីព្យាបាលជើងដែលបាក់ តែក្រោយពីជាសះស្បើយស្រួលបួលហើយ ប៉ុន្មានសប្ដាហ៍៏ក្រោយមក គេក៏ត្រឡប់ទៅប្រទេសអាហ្វហ្គានីស្ថានវិញ ដើម្បីបំពេញកាតព្វកិច្ចបន្តទៀត។

តែទាំងអស់នោះ មិនមែនជាហេតុការណ៍ ដែលធ្វើឱ្យរូបគេបានទទួលការលើកតម្កើងខ្លាំងបំផុតនោះទេ។

នៅថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០០៨ ឬត្រឹមតែ ៣ខែបន្ទាប់ពីនោះមក ក្នុងអំឡុងពេលបំពេញភារកិច្ចដើរល្បាតនៅពេលយប់ ក្បែរទីក្រុង Sangin ក្នុងខេត្ត ហេល-ម៉ាន ក្នុងប្រទេសអាហ្វហ្គានីស្ថាន គេមានអារម្មណ៍ថា ដូចមានខ្សែលួស ១ខ្សែបានទាក់ជើងរបស់គេ និងដឹងថាគ្រាប់មីនកំពុងជិតផ្ទុះ។ គេមានពេលត្រឹមតែ ៧វិនាទីប៉ុណ្ណោះក្នុងការសម្រេចចិត្តថា តើនឹងត្រូវធ្វើយ៉ាងណា?

នៅពេលនោះឯង ម៉ាធីវបានបែរខ្នងទម្លាក់ខ្លួនទៅលើគ្រាប់មីន ដោយយកសាក់កាដូដែលនៅលើខ្នងគេ សង្កត់ទៅលើគ្រាប់មីនផ្ទប់ទៅនឹងដី បន្ទាប់មកគេក៏អង្កុញជើង និងលើកដៃមកដាក់ពីលើដងខ្លួន។

វិនាទីបន្ទាប់មកទៀត គ្រាប់មីនក៏ផ្ទុះឡើង រហូតធ្វើឱ្យខ្លួនគេប៉ើងឡើងទៅលើ តែសាក់កាដូបានជួយការពារខ្លួនប្រាណរបស់គេ។ ម៉ាធីវហូរឈាមចេញតាមច្រមុះ បែកក្រដាសត្រចៀក និងមានអាការឡេះឡាស់ ស្រឡាំងកាំង។ ឈុតអាវក្រោះ និងមួកដែករបស់គេ ដាច់រយះខ្ទេចខ្ទីអស់ដោយសារអំបែងគ្រាប់មីន។

នៅមានសមាជិកក្រុមដើរល្បាតដែលមកជាមួយគេ ៣នាក់ទៀត…អ្នកនៅក្រោយបំផុត ថយទៅពួននៅជ្រុងអគារមួយ មេក្រុមល្បាត ក្រាបចុះទៅដី និងរងរបួសបន្តិចបន្តួចលើផ្ទៃមុខដោយសារអំបែងគ្រាប់ ចំណែកសមាជិកចុងក្រោយគេ មិនទាន់បានធ្វើអ្វីទាំងអស់ គេនៅឈរធ្មឹងនៅមួយកន្លែងក្នុងចម្ងាយគ្រោះថ្នាក់ តែទង្វើរបស់ម៉ាធីវ បានជួយសង្គ្រោះជីវិតគេ។ កម្លាំងផ្ទុះរបស់គ្រាប់មីន បានបំផ្លាញថ្មបាត់តេរីលីធៀមខ្នាតធំមួយ ដែលតភ្ជាប់នឹងឧបករណ៍អេឡិចត្រូនិក ដែលស្ថិតនៅក្នុងសាក់កាដូរបស់គេ រហូតធ្វើឱ្យកើតអណ្ដាតភ្លើងឆាបឆេះឡើង។

គ្រូពេទ្យទាហានម្នាក់ បានណែនាំឱ្យម៉ាធីវត្រឡប់ទៅបន្ទាយវិញ តែគេអះអាងថា នឹងនៅបំពេញភារកិច្ចបន្ត ហើយសមាជិកក្នុងក្រុមទាំងអស់ជឿថា ពួកសកម្មប្រយុទ្ធតាលីបង់ អាចនឹងចូលមកពិនិត្យមើលការផ្ទុះគ្រាប់មីនទីនេះ ដែលនេះ គឺជាឱកាសល្អសម្រាប់ឱ្យពួកគេពួនសម្ងំចាំវាយប្រហារបាន។

ទីបំផុត ពួកគេក៏បើកការវាយប្រហារបានដោយជោគជ័យ ហើយម៉ាធីវខ្លួនឯង ថែមទាំងអាចចាត់ការយុទ្ធជននៃពួកសកម្មប្រយុទ្ធតាលីបង់បាន ១នាក់ទៀតផង។

ពលិកម្មរបស់ម៉ាធីវ ខ្រៅស៊ើ បានធ្វើឱ្យរូបគេក្លាយជាវីរបុរស និងបានទទួលគ្រឿងឥស្សរិយយសព្រះរាជទាន George Cross ថ្នាក់ខ្ពស់បំផុតពីព្រះមហាក្សត្រយានី អេលីហ្សាបេត២ សម្រាប់ភាពក្លាហានរបស់គេក្នុងកងទ័ពអង់គ្លេស និងថែមទាំងធ្វើឱ្យយើងបានឃើញពីការលះបង់ជីវិតខ្លួនឯង ដើម្បីការពារជីវិតអ្នកដទៃ ប្រៀបដូចជាវីរបុរស ដែលមិនមែនមានតែនៅក្នុងខ្សែភាពយន្តប៉ុណ្ណោះទេ៕

×