Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរឿនកសិកម្ម ឆ្នាំ២០២៣ តាមការប៉ាន់ស្មាន គ្រួសារប្រកបមុខរបរកសិកម្មនៅទូទាំប្រទេសកម្ពុជា មានប្រមាណជាង ២,៧ លានគ្រួសារ

ភ្នំពេញ៖ ឆ្នាំ២០២៣នេះ ក្រសួងផែនការ នឹងចាប់ផ្តើមធ្វើជំរឿនកសិកម្ម នៅទូទាំងប្រទេស នាខែមេសា​ខាងមុខនេះ ដែលត្រូវបានអនុញ្ញាតឱ្យធ្វើជាលើកទីពីរ បន្ទាប់ពីជំរឿនកសិកម្មលើកទី១ នៅឆ្នាំ២០១៣។

វិស័យកសិកម្ម រួមចំណែកយ៉ាងសំខាន់ ដល់គោលដៅអភិវឌ្ឍន៍របស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍យ៉ាងយកចិត្តទុកដាក់លើវិស័យកសិកម្ម ដោយកត់សម្គាល់ពីការរួមចំណែកដ៏សំខាន់របស់ខ្លួនក្នុងការសម្រេចគោលដៅរបស់ប្រទេស ក្នុងការក្លាយជាសេដ្ឋកិច្ចដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនកសិកម្មនៅ កម្ពុជា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា ការអនុវត្តការងារជំរឿនកសិកម្មឆ្នាំ២០២៣ គឺមានវិសាលភាពធំធេង ដោយផ្អែកតាមការប៉ាន់ស្មាននៃចំនួនប្រជាជនកម្ពុជា ដែលមានកំណើនជាង ១៧លាននាក់ និងមានប្រមាណ ៣,៩លានគ្រួសារ នៅឆ្នាំ២០២៣ ហើយនិងគ្រួសារប្រកបមុខរបរកសិកម្មនៅទូទាំប្រទេសកម្ពុជា មានប្រមាណជាង ២,៧ លានគ្រួសារ។

ឯកឧត្តម ឆាយ ថន បានឲ្យដឹងថា ការងារជំរឿនកសិកម្មឆ្នាំ២០២៣ ពិតជាមានសារៈសំខាន់បំផុត ដែលត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យ សម្រាប់ជាធាតុចូលដ៏សំខាន់បំផុត  ក្នុងការរៀបចំធ្វើគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នងការអភិវឌ្ឍវិស័យកសិកម្ម សេដ្ឋកិច្ចបរិស្ថាន សង្គម ការប្រែប្រួលអាកាសធាតុ និងសុខមាលភាពរបស់ប្រជាជនកម្ពុជា។​

ឯកឧត្តមបន្តថា ជំរឿនកសិកម្ម ឆ្នាំ២០២៣ នឹងត្រូវអនុវត្តធ្វើការបណ្តុះបណ្តាលមន្រ្តីជំរឿន និងចុះសម្ភាសន៍ប្រមូលទិន្នន័យគ្រួសារប្រកបមុខរបរកសិកម្ម ឬគ្រួសារកសិកម្ម និងគ្រឹះស្ថានកសិដ្ឋានគ្រប់ប្រភេទ និងទំហំខ្នាតតូច មធ្យម និងធំ ដែលស្ថិតនៅក្នុងតំបន់ភូមិសាស្រ្តក្នុងដែននៃរាជធានីខេត្តសាមីទាំងអស់ ឱ្យដំណើរការបានជោគជ័យប្រកបដោយគុណភាពទិន្នន័យល្អ និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ឆាយ ថន មានប្រសាសន៍ថា យើងត្រូវចុះអនុវត្ត ធ្វើការប្រមូលព័ត៌មានទិន្នន័យស្ថិតិគ្រួសារកសិកម្មឱ្យបានច្បាស់​លាស់ ត្រឹមត្រូវ ជឿជាក់ខ្ពស់ និងទាន់ពេលវេលា សម្រាប់ឆ្លើយតបតម្រូវការប្រើប្រាស់ទិន្នន័យ ដោយផ្អែកតាមបរិបទសេដ្ឋកិច្ច សង្គម ក្នុងតំបន់និងសកលលោក ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងការបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលនឹងនាំមកនូវបច្ចេកវិទ្យាដ៏ទំនើបសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសដើម្បីធ្វើមូលដ្ឋានគ្រឹះធាតុចូលដ៏ល្អសម្រាប់រៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា ផលិតផលកសិកម្មនាំចេញសំខាន់ៗរបស់កម្ពុជា មានដូចជា អង្ករ ស្រូវ កៅស៊ូ ដំឡូងមី បន្លែ និងផ្លែឈើជាដើម៕

×