Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនផ្តល់ថវិកា ៣០០,៧៧៩ ដុល្លារអាមេរិក សម្រាប់ការសាងសង់ អគារសាលាបឋមសិក្សា និងការទិញឧបករណ៍សិប្បនិម្មិត និងឧបករណ៍ព្យាបាលដោយចលនា

spot_img

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន ផ្ដល់ថវិកាសរុបចំនួន ៣០០,៧៧៩ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនបី ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណង គូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃចន្ទទី៦ខែមីនាឆ្នាំ២០២៣នេះ ដោយ ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គ រាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័ន ទទួលជំនួយទាំងបី ដើម្បីអនុវត្តគម្រោងដូចតទៅ៖

១. គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (ថវិកាចំនួន ១២០,៧៦៨ ដុល្លារអាមេរិក)
ស្ថាប័នទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ
ក្នុងគម្រោងនេះ អគារសិក្សាចំនួន១ខ្នង ៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមសាលារៀន នឹងត្រូវបានសាង សង់នៅសាលាបឋមសិក្សារំដួល ក្នុងខេត្តឧត្តរមានជ័យ។ បច្ចុប្បន្ននេះ សិស្សនៅសាលានេះមានការលំបាកក្នុង ការសិក្សា ដោយសារអគារសិក្សាថ្ម និងគ្រឿងសង្ហារឹមធ្វើពីឈើ ដែលមានសព្វថ្ងៃ មានសភាពទ្រុឌទ្រោម។ គម្រោងនេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន ហើយយើង រំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សប្រមាណ ២២០នាក់ និងគ្រូបង្រៀនចំនួន ៩នាក់ តាមរយៈ
ការកែលម្អគុណភាពអប់រំ។

២. គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាភ្នំរអិលក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ (ថវិកាចំនួន ៩១,០១០ ដុល្លារអាមេរិក)
ស្ថាប័នទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ
ក្នុងគម្រោងនេះ អគារសិក្សាចំនួន១ខ្នង ៥បន្ទប់ និងបង្គន់អនាម័យចំនួន១ខ្នង ៣បន្ទប់ នឹងត្រូវបានសាង សង់នៅសាលាបឋមសិក្សាភ្នំរអិល ក្នុងខេត្តក្រចេះ។ ជាមួយគ្នានេះផងដែរ គ្រឿងសង្ហារឹមសាលារៀន ដូចជាតុ កៅអី និងក្តារខៀន នឹងត្រូវបានដំឡើង។ សាលានេះបាននិងកំពុងជួបបញ្ហាប្រឈមមួយចំនួនដោយសារការខូច ទ្រុឌទ្រោមនៃអគារសិក្សាឈើ និងគ្រឿងសង្ហារឹម ដែលមានបច្ចុប្បន្ន។ តាមរយៈការសាងសង់អគារសិក្សាដែល សមរម្យ និងការដំឡើងគ្រឿងសង្ហារឹមសាលារៀនថ្មី យើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្ស សរុបចំនួន ២៦៦នាក់ និងគ្រូបង្រៀនចំនួន ៧នាក់ តាមរយៈការកែលម្អគុណភាពអប់រំ។

៣. គម្រោងទិញម៉ាស៊ីនផលិតឧបករណ៍សិប្បនិម្មិត និងឧបករណ៍ព្យាបាលដោយចលនា នៅមជ្ឈមណ្ឌលជាតិស្ដារ លទ្ធភាពពលកម្មជនពិការគៀនឃ្លាំង (ថវិកាចំនួន ៨៩,០០១ ដុល្លារអាមេរិក)
ស្ថាប័នទទួលជំនួយ៖មជ្ឈមណ្ឌលជាតិស្ដារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង
ក្នុងគម្រោងនេះ ឧបករណ៍សម្រាប់ផលិតឧបករណ៍សិប្បនិម្មិត និងឧបករណ៍ព្យាបាលដោយចលនាចំនួន ១១ប្រភេទ នឹងត្រូវបានដំឡើងនៅមជ្ឈមណ្ឌលជាតិស្ដារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង (PRC) ក្នុង រាជធានីភ្នំពេញ។ PRC នេះ បាននិងកំពុងជួបបញ្ហាប្រឈមមួយចំនួន ដោយសារតែការខូចទ្រុឌទ្រោមនៃ ឧបករណ៍ចាំបាច់សម្រាប់ផលិតឧបករណ៍សិប្បនិម្មិត និងរណប និងកង្វះឧបករណ៍ព្យាបាលដោយចលនាដែល ប្រើសម្រាប់ការស្ដារនីតិសម្បទា។ តាមរយៈការផ្តល់ឧបករណ៍ទាំងនេះ PRC នេះ នឹងអាចផលិតឧបករណ៍ សិប្បនិម្មិត និងរណប ក្នុងរយៈពេលខ្លីជាងមុន ហើយផ្តល់សេវាស្តារនីតិសម្បទាដែលប្រសើរជាងមុន។ យើងរំពឹងថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនដែលមកប្រើប្រាស់សេវាព្យាបាលនៅ PRC នេះ ប្រមាណ ៩០០នាក់ ក្នុងមួយឆ្នាំ។

ជំនួយឥតសំណងគូសាណូណរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥត សំណងនេះ មានគោលបំណងការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសល នានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ព្រមទាំង ជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្ដល់ ថវិកាជាង ៦៦លាន ដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណិចំនួន ៧០២ គម្រោង នៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ថា ចាប់តាំងពីឆ្នាំ១៩៩១ បន្ថែមលើគម្រោងឥណទាននិងជំនួយឥតសំណងខ្នាតធំ រដ្ឋាភិបាលជប៉ុនបាននិងកំពុង អនុវត្តកម្មវិធីគូសាណូណិនៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលកំពុងអនុវត្តគម្រោងរបស់ពួកគាត់។ គូសាណូណិ មានន័យថា “ឬសស្មៅ” ក្នុងភាសាជប៉ុន។ នៅក្នុង រយៈពេល ៣ទសវត្សរ៍ ចុងក្រោយនេះ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួមចំណែកក្នុងគម្រោង ប្រមាណ ៧០២ តាមរយៈជំនួយឥតសំណងគូសាណូណិ។ យើងមានសេចក្តីសោមនស្សរីករាយដែលគម្រោង ទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន។

ឯកឧត្តមបានសង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុងអភិវឌ្ឍ យ៉ាងឆាប់រហ័ស។ ទោះយ៉ាងណា ឯកឧត្តមក៏ទទួលស្គាល់ថា នៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន។ ជប៉ុន នឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំង ជំនួយគូសាណូណិ ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×