Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតចិន ចង់បង្កើតឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀត ទៅលើវិស័យកសិកម្ម ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវ ជនជាតិចិន ឲ្យមកទេសចរណ៍នៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​អង្គារ​ ០២រោច​ ខែពិសាខ​ ឆ្នាំ​ម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៩​ ត្រូវ​នឹង​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បាន​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​ឯកឧត្ដម​ វ៉ាង​ វីនប៊ីន​ (​ H.E.Mr. Wang Wenbin )​ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទំនាក់ទំនង​ការទូត​ឱ្យ​កាន់​តែ​ជិតស្និទ្ធ​ និង​ពិភាក្សា​ការងារ​មួយចំនួន​ពាក់ព័ន្ធ​លើ​វិស័យ​ទេសចរណ៍​ ពាណិជ្ជកម្ម​ កសិកម្ម​។

ឯកឧត្ដម​ វ៉ាង​ វីនប៊ីន បានបញ្ជាក់ថា ប្រទេសចិន គាំទ្រភាពស្របច្បាប់ជានិច្ចរបស់កម្ពុជា ហើយចិនក៏និងជួយកម្ពុជាប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងពីខាងក្រៅ។ បន្ថែមពីនេះចិនក៏និងជួយផ្សព្វផ្សាយពីកម្ពុជា ដើម្បីនាំអ្នកទេសចរណ៍ចិន មកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរ។

ក្នុងឱកាសនោះ ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងពីប្រវត្តិនៃការកកើតរបស់រាជធានីភ្នំពេញ និងស្ថានភាពបច្ចុប្បន្នដែលរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយអ្វីដែលសំខាន់នោះគឺកម្ពុជាមានសន្តិភាពពេញលេញ។ ក្រោមការចង្អុលណែនាំពីសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតឲ្យមានផ្លូវថ្មើជើង (Walk Street) ហើយផ្លូវនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិជាមួយនឹងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសារផងដែរ។

ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា៖ ប្រទេសកម្ពុជាទទួលបានការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីមិត្តចិន ដោយរាជធានីភ្នំពេញបានស្ថាបនាផ្លូវខ្សែក្រវ៉ាត់ទី៣របស់រាជធានីភ្នំពេញ ដែលជាជំនួយរបស់មហាមិត្តចិន។ យើងដាក់រហស្សនាមផ្លូវនេះជាមហាវិថីស៊ី ជីនពីង។ ផ្លូវខ្សែក្រវ៉ាត់ទីក្រុងទី៣នេះ កាត់បន្ថយបាននូវការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយសារតែរថយន្តមួយចំនួនត្រូវបានវៀងទៅលើកំណត់ផ្លូវមួយខ្សែនេះ។ចំណែកថ្នាក់ជាតិវិញ មិត្តចិនក៏បានជួយយ៉ាងច្រើនផងដែរ ជាក់ស្តែងដូចជាគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោជាដើម។ កម្ពុជាបានប្រកាន់ភ្ជាប់នៅគោលនយោបាយចិនតែមួយ ជាទំនាក់ទំនងដែកថែប តាមរយៈទំនាក់ទំនងដ៏ល្អនេះ រាជធានីភ្នំពេញបានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងជាច្រើនរបស់ចិន ដើម្បីជួយគ្នាទៅវិញទៅមក ដកស្រង់បទពិសោធន៍ក្នុងការអភិវឌ្ឍន៍ទីក្រុងឲ្យមានការអភិវឌ្ឍរីកចម្រើន។ ចំពោះការងារសន្តិសុខសុវត្ថិភាព នៅរាជធានីភ្នំពេញយើងរក្សាបាននូវសន្តិសុខវត្ថិភាពយ៉ាងល្អ មិនថា កិច្ចការពារសន្តិសុខជូនពលរដ្ឋចិនក៏ដូចជាស្ថានទូតចិននោះទេ។

ឯកឧត្ដម ឃួង ស្រេងបានបន្តទៀតថា៖ចិនគឺជាមិត្តល្អមានទំនាក់ទំនងល្អ នៅពេលដែលកម្ពុជាមានបញ្ហាអ្វីមួយចិនតែងតែជួយកម្ពុជាជានិច្ច ជាក់ស្ដែងនៅក្នុងអំឡុង covid-19 ចិនបានជួយបាក់សាំងមកកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់។

ឯកឧត្ដម ឃួង ស្រេងបានបន្តថា៖ ឆ្នាំនេះជាឆ្នាំទេសចរណ៍ ឯកឧត្ដមសូមឲ្យចិនជួយផ្សព្វផ្សាយពីកម្ពុជាឱ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកទេសចរណ៍នៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

ឯកឧត្ដម​ វ៉ាង​ វីនប៊ីន បានក្នុងឱកាសនោះ បានថ្លែងនូវការអរគុណចំពោះការយកចិត្តទុកដាក់មើលថែ ប្រជាពលរចិនដែលបានមករកស៊ីនិងបំពេញការងារនៅភ្នំពេញ ពិសេសនោះ គឺរក្សាបាននៅសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ សំរាប់ទីតាំងស្ថានទូតចិនប្រចាំនៅកម្ពុជា ពិសេសថែមទៀតនោះ សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរភ្នំពេញបានរក្សាសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អបំផុត នៅពេលដែលប្រធានាធិបតីចិន ឯកឧត្ដមស៊ី ជីនពីង មកបំពេញទស្សនៈកិច្ចនៅកម្ពុជា។ សកម្មភាពនៃការយកចិត្តទុកដាក់ពីសំណាក់កងកម្លាំងនិងអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋ ដែលមកទទួលប្រធានាធិបតីចិន គឺពិតជាបានបង្ហាញឲ្យឃើញ ពីទំនាក់ទំនងរវាងកម្ពុជានិងចិនគឺជាទំនាក់ទំនងមិនធម្មតា តែជាទំនាក់ទំនងពិសេស។ តាមរយៈទំនាក់ទំនងដ៏ល្អនេះ ឯកឧត្ដមចង់បង្កើតឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតទៅលើវិស័យកសិកម្ម ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវ ជនជាតិចិនឲ្យមកទេសចរណ៍នៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។

ឯកឧត្តម វ៉ាង​ វីនប៊ីន បានបញ្ជាក់ថា៖ ប្រទេសចិនគាំទ្រភាពស្របច្បាប់របស់កម្ពុជាជានិច្ច។ ចិននឹងជួយកម្ពុជាប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងពីខាងក្រៅ។ ឯកឧត្ដមក៏បានអរគុណផងដែរ ចំពោះកម្ពុជាដែលបានប្រកាន់ភ្ជាប់នៅគោលនយោបាយចិនតែមួយ. ហើយឆ្នាំនេះគឺជាឆ្នាំទី៦៧នៃទំនាក់ទំនងការទូតចិននិងកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×