រឿងក្ដីឃាតកម្ម “និកគី” ស្ត្រីជនជាតិឥណ្ឌា អាយុ ២៤ឆ្នាំ ប៉ូលិសបានរកឃើញថា ជនសង្ស័យគឺ “សាអ៊ីល” អាយុ ២៤ឆ្នាំ ដែលមិនមែនជាឃាតករធម្មតាៗទេ តែថែមទាំងជាប្ដីរបស់នាងទៀតផង ដោយសារតែទាំង ២នាក់ បានរៀបការនឹងគ្នានៅក្នុងព្រះវិហារមួយកន្លែងកាលពី ៣ឆ្នាំមុន។
ប្រភពព័ត៌មានបានរៀបរាប់ថា ទាំង ២នាក់មិនបានអញ្ជើញក្រុមគ្រួសាររបស់ពួកគេទៅចូលរួមក្នុងពិធីរៀបការនោះទេ ហើយនៅពេលក្រុមគ្រួសាររបស់សាអ៊ីលដឹង ពួកគេបានជំទាស់នឹងសម្ព័ន្ធភាពនោះ ព្រោះអ្នកទាំង២ មកពីទីប្រជុំជនខុសគ្នា។ ទីបំផុតឪពុករបស់សាអ៊ីល ក៏សម្រេចចិត្ត ស្វែងរកស្រីថ្មីម្នាក់ទៀតមកឱ្យកូនប្រុស ដែលនេះហើយ ជាចំណុចចាប់ផ្ដើមនៃការឈ្លោះប្រកែកគ្នារវាងសាអ៊ីល និងនិកគី។

សាអ៊ីល និងនិកគី ស្គាល់គ្នាតាំងពីឆ្នាំ២០២០ ពួកគេបានស្រឡាញ់គ្នា។ បន្ទាប់ពីនោះ ពួកគេបានចូលរៀនមហាវិទ្យាល័យជាមួយគ្នា និងបានរស់នៅជាមួយគ្នា ដោយមិនបានប្រាប់ក្រុមគ្រួសារ ពាក់ព័ន្ធនឹងការរស់នៅជាមួយគ្នារបស់ពួកគេឡើយ ព្រោះឪពុកម្ដាយរបស់សាអ៊ីល មើលទៅហាក់ដូចជាមិនចូលចិត្ត និកគីប៉ុន្មានឡើយ។
រហូតដល់ថ្ងៃទី១៤កុម្ភៈកន្លងទៅ ឪពុកម្ដាយរបស់និកគី លែងអាចទាក់ទងជាមួយកូនស្រីបាន និងដោយសារតែខ្លាចក្រែងកើតរឿងមិនល្អចំពោះកូនស្រី ពួកគាត់ក៏សម្រេចចិត្តទូរស័ព្ទទៅប្ដឹងប៉ូលិស។ បន្ទាប់ពីនោះមិនយូរប៉ុន្មាន ប៉ូលិសក៏កំណត់ឈ្មោះ សាអ៊ីល ថាជាជនសង្ស័យទី១ មុននឹងភ័ស្តុតាងជាច្រើនបានចង្អុលទៅខ្លួនគេ រហូតដល់ត្រូវសារភាពតែម្ដង។

ការធ្វើកោសល្យវិច័យសាកសពបានបង្ហាញថា ពេលវេលាដែលនិកគី រងអំពើឃាតកម្មនោះ គឺនៅយប់ថ្ងៃទី៩ កុម្ភៈ បន្តដល់ព្រឹកថ្ងៃទី១០កុម្ភៈ គឺនៅពេលដែលនិកគី បានដឹងការពិតថា ប្ដីរបស់ខ្លួនកំពុងជិតរៀបការជាមួយនារីផ្សេងនៅថ្ងៃស្អែក គឺថ្ងៃទី១០កុម្ភៈ ក្រោយពីបានភ្ជាប់ពាក្យគ្នារួចកាលពីខែធ្នូ ឆ្នាំ២០២២ ធ្វើឱ្យទាំង ២នាក់ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។ ចុងក្រោយ សាអ៊ីល ក៏យកខ្សែសាកថ្មទូរស័ព្ទ រឹតកប្រពន្ធរហូតដល់ដាច់ខ្យល់ស្លាប់។
ដើម្បីបិទបាំងអំពើឧក្រិដ្ឋរបស់ខ្លួន សាអ៊ីល បានរួមដៃជាមួយឪពុករបស់គេ បងប្អូនជីដូនមួយ និងមិត្តភក្តិ ២នាក់ទៀត ដើម្បីរិះរកវិធី “កម្ទេច” សាកសពជនរងគ្រោះ ដោយជ្រើសរើសយកការដាក់សាកសពនិកគីនៅក្នុងទូទឹកកកសិន។ បន្ទាប់ពីនោះមក គ្រប់គ្នាក៏មានអាកប្បកិរិយាធម្មតា ធ្វើដូចមិនមានរឿងអ្វីកើតឡើង ហើយសាអ៊ីលថែមទាំងបានក្លាយជាកូនកំលោះ ដែលមានសេចក្ដីសុខក្នុងពិធីមង្គលការរបស់គេជាមួយស្រីម្នាក់ទៀតផង។
លោក រ៉ា-វីន-ត្រា យ៉ា-តាហ្វ មេបញ្ជាការប៉ូលិសពិសេស បានរៀបរាប់ថា ក្នុងអំឡុងពេលស៊ើបសួរ ប៉ូលិសបានដឹងថា និកគី និងសាអ៊ីល បានរៀបការគ្នានៅឯវត្ត អា-រី-យ៉ា-ម៉ាត មានលិខិតទទួលស្គាល់ចុះថ្ងៃទី១ តុលា ឆ្នាំ២០២០ ដូច្នេះហើយទើបពេលនិកគី ដឹងរឿងថា សាអ៊ីលប្រុងរៀបការជាមួយស្រីថ្មី នាងក៏អង្វរសុំកុំឱ្យគេរៀបការអី។

មន្ត្រីប៉ូលិសសន្និដ្ឋានថា ជនសង្ស័យ បានរៀបផែនការសមគំនិតគ្នាដើម្បីកម្ចាត់ជនរងគ្រោះ។ គេនាំនាងទៅឯខ្លោងទ្វារ ឃែស-ស្មៀរ ហើយសម្លាប់នាងនៅទីនោះ។ បន្ទាប់ពីនោះ គេក៏បិទទូរស័ព្ទទាំង ២នាក់។ ខណៈពេលកើតហេតុ ឪពុករបស់សាអ៊ីល និងជនសង្ស័យដទៃទៀតនៅឯ មី-ថ្រា-រ៉ន ដើម្បីត្រៀមពិធីមង្គលការ។ ពេលដឹងរឿងឃាតកម្ម ក៏នាំគ្នាទៅជួយធ្វើការលាក់បាំងសាកសព និងវិលមកដំណើរការពិធីមង្គលការជាបន្ត។
បូលិសនិយាយថា “ខណៈពេលដែលយើងកំពុងស៊ើបសួរសាអ៊ីល យើងដឹងថា គេបានកុហកពាក់ព័ន្ធនឹងដំណាក់កាលនៃហេតុការណ៍ ដោយសារតែ ថាមឡាញ ដែលគេប្រាប់មកនោះ មិនត្រូវគ្នានឹងរូបភាពពីកាមេរ៉ាសុវត្ថិភាពដែលយើងយកបាន គេក៏បានសារភាពនៅពេលក្រោយមកថា គេបានប្រាប់ឪពុក សាច់ញាតិ និងមិត្តភក្តិរបស់គេពាក់ព័ន្ធនឹងហេតុការណ៍ដែលកើតឡើង”
យ៉ាងណាក៏ដោយ ភរិយាថ្មីរបស់សាអ៊ីល ដែលត្រឡប់មកភូមិរបស់នាងវិញ ១ថ្ងៃក្រោយពីរៀបការហើយនោះ ប៉ូលិសប្រាប់ថា នាងមិនមានចំណែកពាក់ព័ន្ធដឹងឮជាមួយហេតុការណ៍នោះទេ៕






